ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi និង Ronaldo គ្មាន​ឈ្មោះ​ប្រជែង Ballon d’Or លើក​ដំបូង​ក្នុង​រយៈពេល​២១​ឆ្នាំ

1 អាទិត្យ មុន

បរទេស ៖ នេះ​គឺជា​លើក​ដំបូង​ហើយ ចាប់តាំងពី​ឆ្នាំ ២០០៣ ដែល​កំពូល​កីឡាករ​បាល់ទាត់​ទាំង​ពីរ​រូប​របស់​ពិភពលោក Lionel Messi និង Cristiano…

បរទេស ៖ នេះ​គឺជា​លើក​ដំបូង​ហើយ ចាប់តាំងពី​ឆ្នាំ ២០០៣ ដែល​កំពូល​កីឡាករ​បាល់ទាត់​ទាំង​ពីរ​រូប​របស់​ពិភពលោក Lionel Messi និង Cristiano Ronaldo មិន​ជាប់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​បេក្ខភាព​ប្រជែង​ពានរង្វាន់ Ballon d’Or នៅ​ឆ្នាំ​នេះ​។

ជា​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ បន្ទាប់​ពី​កំពូល​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi ដែល​បច្ចុប្បន្ន​កំពុង​កាន់​កំណត់​ត្រា​កីឡាករ​ឈ្នះ​ពានរង្វាន់ Ballon d’Or ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ពោល​ចំនួន ៨​សម័យកាល (២០០៩, ២០១០, ២០១១, ២០១២, ២០១៥, ២០១៩, ២០២១ និង ២០២៣) និង​តាម​ពីក្រោយ​ដោយ​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo ដែល​ឈ្នះ ៥​សម័យ​កាលនោះ (២០០៨, ២០១៣, ២០១៤, ២០១៦ និង ២០១៧) បែរជា​មិន​ជាប់​ឈ្មោះ​នៅ​ក្នុង​បញ្ជី​កីឡាករ ៣០​នាក់​ចុង​ក្រោយ ដើម្បី​ប្រជែង​ពានរង្វាន់​នៅ​ឆ្នាំ​នេះ ដែល​ត្រូវ​ប្រកាស​កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ​។

យ៉ាងណាមិញ កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល Vinicius Junior កីឡាករ​សញ្ជាតិ​អង់គ្លេស Jude Bellingham និង​កីឡាករ​សញ្ជាតិ​បារាំង Kylian Mbappe របស់​ក្រុម​ស្តេច​ស Real Madrid និង​កីឡាករ​សញ្ជាតិ​ន័​រ​វែ​ស Erling Haaland កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ Rodri របស់​ក្រុម​មេឃ​ខៀវ Manchester City និង​កីឡាករ​សញ្ជាតិ​អង់គ្លេស Harry Kane របស់​ក្រុម​យក្ស​អា​ល្លឺ​ម៉​ង Bayern Munich ដែល​គ្រប់​គ្នា​គិត​សក្តិ​សម​ឈ្នះ​ពានរង្វាន់ Ballon d’Or នៅ​ឆ្នាំ​នេះ ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជី ៣០​នាក់​ចុង​ក្រោយ​ផង​ដែរ​។

ជាមួយនឹង​ការ​ចេញផ្សាយ​បញ្ជី​ខាងលើ អ្នកគាំទ្រ​បាល់ទាត់​ជា​ច្រើន​នៅ​ជុំវិញ​ពិភពលោក​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា យុគមាស​នៃ​អាជីព​បាល់ទាត់​របស់​កំពូល​កីឡាករ Lionel Messi វ័យ​៣៧​ឆ្នាំ រួម​នឹង​កីឡាករ Cristiano Ronaldo វ័យ​៣៩​ឆ្នាំ​នោះ បាន​ឈាន​ទៅ​រក​ទី​បញ្ចប់​ហើយ ដ្បិត​កីឡាករ​ទាំង​ពីរ​នៅ​បន្ត​អាជីព​ទាំង​ក្រុម​ជម្រើសជាតិ និង​ក្លិប​ក៏​ពិតមែន ប៉ុន្តែ​ភាព​អស្ចារ្យ​នៅ​លើ​ទីលាន​របស់​អ្នក​ទាំង​ពីរ ពុំ​ដូច​ពី​មុន​ឡើយ​។

គួរ​បញ្ជាក់​ថា សម្រាប់​បញ្ជី​៣០​នាក់​ចុង​ក្រោយ នឹង​ត្រូវ​បន្ត​ឆ្លងកាត់​ការ​សម្រិតសម្រាំង​រហូត​សល់​តែ​៣​នាក់​ចុង​ក្រោយ ដើម្បី​ប្រជែង​យក​ម្នាក់​ក្លាយជា​ម្ចាស់​ពានរង្វាន់ Ballon d’Or ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទស្សនាវដ្តី​បារាំង France Football ចាប់តាំងពី ១៩៥៦ សម្រាប់​ឆ្នាំ ២០២៤ ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ខាង​មុខ ដែល​ធ្វើ​ឡើង​នៅ​សា​លម​ហោ​ស្រប Théâtre du Châtelet ដែល​ស្ថិត​នៅ​ក្នុង​ទី​ក្រុងប៉ារីស ប្រទេស​បារាំង​៕ (​ប្រភព ៖ ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ