ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ះ​ស្រី​លង្កា​ល្ងាច​នេះ​! គ្រូ​កម្ពុជា​ថា ស្រី​លង្កា​បច្ចុប្បន្ន មិន​ដូច​ស្រី​លង្កា​ពី​មុន

1 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​តទល់​ជាមួយនឹង​ម្ចាស់ផ្ទះ​ស្រី​លង្កា នៅ​ល្ងាច​នេះ​ហើយ ដែល​ប្រព្រឹត្ត​វេលា​ម៉ោង ០៥:១៥​នាទី​ល្ងាច នៅ​ឯ​កីឡដ្ឋាន Racecourse International…

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹង​ត្រូវ​តទល់​ជាមួយនឹង​ម្ចាស់ផ្ទះ​ស្រី​លង្កា នៅ​ល្ងាច​នេះ​ហើយ ដែល​ប្រព្រឹត្ត​វេលា​ម៉ោង ០៥:១៥​នាទី​ល្ងាច នៅ​ឯ​កីឡដ្ឋាន Racecourse International ស្ថិត​នៅ​ក្នុង​ទីក្រុង​កូ​ឡុំ​បូ សម្រាប់​ការ​ប្រកួត​ជុំ​ទី​២ វគ្គ​ជម្រុះ​ជើង​ទី​១ (Play-Off) នៃ​ពានរង្វាន់ AFC Asian Cup Saudi Arabia ឆ្នាំ ២០២៧​។

លោក Félix Dalmás គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​បង្ហាញ​ចំណាប់​ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការ​ប្រកួត​នៅ​ល្ងាច​នេះ យ៉ាង​ដូច្នេះ​ថា «​សូម​អរគុណ​ស្រី​លង្កា ដែល​បាន​ទទួល​យើង​បាន​យ៉ាង​ល្អ យើង​រីករាយ​ដែល​មក​ទី​នេះ​»​។ នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ​។

គ្រូបង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទី​នរូ​ប​នេះ បាន​បន្ត​ទៀត​ថា «​សម្រាប់​ការ​ប្រកួត​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយនឹង​ក្រុម​ជម្រើសជាតិ​ស្រី​លង្កា យើង​កំពុង​តែ​ប្រកួត​ជាមួយនឹង​ក្រុម​ស្រី​លង្កា​ថ្មី និង​ខុស​ប្លែក​ដែល​កីឡាករ​ភាគច្រើន​គឺ​មក​ពី​អឺរ៉ុប (​កោះហៅ​កីឡាករ​មក​ពី​តំបន់​អឺរ៉ុប​) ដូច្នេះ​យើង​មិន​អាច​ប្រៀបធៀប​ក្រុម​ស្រី​លង្កា​នេះ ជាមួយ​ក្រុម​ស្រី​លង្កា​ពី​មុន​ដែល​យើង​ធ្លាប់​ប្រកួត​ពី​មុន​នោះ​ទេ​។

ទាំងនោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​ត្រូវការ​ការ​គាំទ្រ​ពី​អ្នកគាំទ្រ​ទាំងអស់​គ្នា សម្រាប់​ការ​ប្រកួត​បន្ទាប់​នេះ​!!! អ្នកជា​កីឡាករ​ទី​១២!!!»​។

ប្រវត្តិ​ជួប​គ្នា​៣​លើក​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​ធ្លាប់​យកឈ្នះ​ស្រី​លង្កា ដោយ​លទ្ធផល ៦-១ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល នៃ​ពានរង្វាន់ Merdeka Tournament ឆ្នាំ ១៩៧២ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​។ នៅ​ឆ្នាំ ២០០១ កម្ពុជា​ចាញ់​ស្រី​លង្កា ដោយ​លទ្ធផល ១-០ ស្រី​លង្កា នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តជាតិ​។ ហើយ​ការ​ជួប​គ្នា​ចុង​ក្រោយបង្អស់ កាលពី​ឆ្នាំ ២០១៦ កម្ពុជា​បាន​យកឈ្នះ​ស្រី​លង្កា ដោយ​លទ្ធផល ៤-០ ដែល​ជា​ការ​ប្រកួត​មិត្តភាព​អន្តជាតិ​។

ដោយឡែក ការ​ប្រកួត​ជើង​ទី​២ នឹង​ត្រូវធ្វើ​ឡើង​នា​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៤ វេលា​ម៉ោង ៧:០០​នាទី​យប់ នៅ​ឯ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក (​ស្តា​ត​អូ​ឡាំ​ពិ​ក​) រាជធានី​ភ្នំពេញ ដើម្បី​កាត់សេចក្ដី​រក​ក្រុម​ឈ្នះ​ឡើង​ទៅ​វគ្គ​ជម្រុះ​ជុំ​ទី​៣​។

ការ​ប្រកួត​វគ្គ​ជម្រុះ (Play-Off) ដែល​ធ្វើ​ឡើង​២​ជើង សរុប​មាន​៦​ក្រុម ដោយនៅ​ក្នុង​នោះ កម្ពុជា​ត្រូវ​ប៉ះ​ស្រី​លង្កា ទី​ម័​រ​ខាងកើត​ត្រូវ​ប៉ះ​ម៉ុង​ហ្គោ​លី និង​ព្រុយ​ណេ​ត្រូវ​ប៉ះ​ម៉ា​កាវ ដោយ​លេង​ថ្ងៃ​ដំណាល​គ្នា ដើម្បី​រក​៣​ក្រុម​ឈ្នះ​ឡើង​បន្ត​ទៅ​ការ​ប្រកួត​ជុំ​ទី​៣ ដែល​ជា​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​៕ (​រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង Football Sri Lanka)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ