ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​ប្រហារជីវិ.ត​មន្ត្រី​៣០​នាក់ ជុំវិញ​គ្រោះ​ទឹកជំនន់​ឆ.ក់​ជីវិត​មនុស្ស​ប្រហែល​៤​ពាន់​នាក់

1 អាទិត្យ មុន

រដ្ឋធានី​ព្យុ​ង​យ៉ាង ៖ មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) បាន​បញ្ជា​ឱ្យ​ប្រហារជីវិត​មន្ត្រី​ក្រោម​ឱវាទ​រហូត​ដល់​៣០​នាក់…

រដ្ឋធានី​ព្យុ​ង​យ៉ាង ៖ មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង លោក គី​ម ជុង​អ៊ុ​ន (Kim Jong Un) បាន​បញ្ជា​ឱ្យ​ប្រហារជីវិត​មន្ត្រី​ក្រោម​ឱវាទ​រហូត​ដល់​៣០​នាក់ ជុំវិញ​ការ​បរាជ័យ​ទប់ស្កាត់​ទឹកជំនន់ និង​ការ​រអិល​បាក់​ដី ដែល​បាន​បណ្តាល​ឱ្យ​ប្រជាជន​ប្រហែល ៤​ពាន់​នាក់​ស្លាប់​។ នេះ​បើ​យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​រាយការណ៍​។

ប្រភព​ពី​សារព័ត៌មាន​អន្តរជាតិ​ធំ​ៗ នៅ​ជុំវិញ​ពិភពលោក រួម​ទាំង New York Post, FOX News និង The Sun កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ទូរទស្សន៍​កូរ៉េ​ខាងត្បូង​ជូ​សុ​ន (Chosun) បាន​រាយការណ៍​ថា មន្ត្រី​ក្រោម​របប​ដឹកនាំ​លោក គី​ម ជុង​អ៊ុ​ន ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​របស់​ខ្លួន​ថា កម្មាភិបាល​ចាប់ពី ២០ ទៅ ៣០​នាក់ ស្ថិត​នៅ​តំបន់​រង​គ្រោះ​ដោយ​ទឹកជំនន់ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​ពុក​រលួយ និង​បរាជ័យ​លើ​កាតព្វកិច្ច​របស់​ខ្លួន ហើយ​ត្រូវ​បាន​កាត់ទោស​ប្រហារជីវិត​នៅ​ពេល​ជាមួយ​គ្នា កាលពី​ចុងខែ​សីហា​កន្លង​ទៅ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ របាយការណ៍​នេះ មិន​ត្រូវ​បាន​ផ្ទៀងផ្ទាត់​ភ្លាម​ៗ ដោយ​ស្ថាប័ន​ឯករាជ្យ​នៅឡើយ​ទេ​។

យ៉ាងណាមិញ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង កាលពី​ពេល​កន្លង​ទៅ បាន​រាយការណ៍​ថា​លោក គី​ម បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ដាក់​ទណ្ឌកម្ម​យ៉ាង​តឹងរ៉ឹង​លើ​មន្ត្រី​របស់​ខ្លួន បន្ទាប់​ពី​កើត​មាន​គ្រោះ​ទឹកជំនន់​បាន​វាយប្រហារ​ខេត្ត​ឆា​ហ្គា​ង (Chagang) កាលពី​ខែកក្កដា​កន្លង​ទៅ ដោយ​បាន​ឆក់​យក​ជីវិត​ប្រជាជន​ប្រហែល ៤​ពាន់​នាក់ និង​ជាង​១៥,០០០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។

បណ្តា​មន្ត្រី​ដែល​ត្រូវ​បាន​ប្រហារជីវិត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ប៉ុន្តែ​របាយការណ៍​មួយ​បាន​កត់​សម្គាល់ថា លោក កាង ប៊ុ​ង​ហុ​ន (Kang Bong-hoon) ដែល​ជា​លេខា​គណៈកម្មាធិការ​បក្ស​ប្រចាំ​ខេត្ត​ឆា​ហ្គា​ង ចាប់តាំងពី​ឆ្នាំ ២០១៩ មក​នោះ ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​មន្ត្រី​ផ្សេង​ទៀត​ដែល​លោក គី​ម បណ្តេញ​ចេញពី​កិច្ចប្រជុំ​បន្ទាន់​មួយ អំឡុង​ពេល​កើត​មាន​គ្រោះ​ទឹកជំនន់​។ បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​បន្ទាន់​របស់​លោក គី​ម អតីត​អ្នកការទូត​កូរ៉េ​ខាងជើង លោក លី អ៊ី​ល​ជី (Lee Il-gyu) បាន​ប្រាប់​ទូរទស្សន៍​ជូ​សុ​ន​ថា «​វា​ច្បាស់​ណាស់​ថា បណ្តា​មន្ត្រី​ក្នុង​ខេត្ត​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ពួក​គេ​មិនដឹង​ថា តើ​នៅ​ពេល​ណា​ក្បាល​ពួក​គេ​ធ្លាក់​ចេញពី​ស្មា​នោះ​ទេ​»​។

កាសែត​កូរ៉េ​ខាងត្បូង Korea Times បានឱ្យ​ដឹង​ថា ប្រទេស​កូរ៉េ​ខាងជើង ជា​ទូទៅ​មាន​អត្រា​ខ្ពស់​នៃ​ការ​ប្រហារជីវិត​ជា​សាធារណៈ ដោយ​រដ្ឋ​នេះ​ធ្វើការ​ប្រហារជីវិត​ជា​មធ្យម​ចំនួន​១០​នាក់ មុន​ពេល​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩​។ ហើយ​ចំនួន​នេះ​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា​បាន​កើនឡើង ចាប់តាំងពី​ការ​ប្រហារជីវិត​យ៉ាង​ហោច​ណាស់ ១០០​នាក់ បាន​កើតឡើង​កាលពី​ឆ្នាំ​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ