ប្រទេសបារាំង ៖ លោកស្រី អានី ហ៊ីដាលហ្គោ (Anne Hidalgo) កាលពីពេលថ្មីៗនេះ បានបង្កឱ្យមានការជជែកដេញដោលយ៉ាងក្តៅគគុកពីសំណាក់ប្រជាជនបារាំង ក្រោយអភិបាលក្រុងប៉ារីសរូបនេះនិយាយថា លោកស្រីចង់រក្សាកងអូឡាំពិកនៅលើប៉មតួអេហ្វែល (Eiffel) បន្ទាប់ពីការប្រកួតព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ បញ្ចប់។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។
លោកស្រី អានី ហ៊ីដាលហ្គោ បានប្រាប់កាសែតបារាំង Ouest-France កាលពីចុងសប្តាហ៍មុនថា «ការសម្រេចចិត្តគឺអាស្រ័យលើខ្ញុំ ហើយខ្ញុំមានកិច្ចព្រមព្រៀងរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC ។ លោកស្រីបន្ថែមថា «ពិតមែនហើយ កងអូឡាំពិកនឹងបន្តនៅលើប៉មតួអេហ្វែល»។
យ៉ាងណាមិញ ប្រជាជនបារាំង ជាពិសេសអ្នករស់នៅទីក្រុងប៉ារីសមួយចំនួនបានគាំទ្រការគម្រោងនេះ ប៉ុន្តែមួយចំនួនផ្សេងទៀត រួមទាំងអ្នកធ្វើយុទ្ធនាការបេតិកភណ្ឌផងនោះ បានលើកឡើងថា គឺជាគំនិតអាក្រក់ ក៏ដូចជាបង្ខូចកត្តិនាមដ៏ល្បីល្បាញវិមាននៃនិមិត្តរូបនៃរដ្ឋធានីបេះដូងរបស់ប្រទេសបារាំង។
កងអូឡាំពិកទាំង ៥ ដែលមានទទឹង ២៩ម៉ែត្រ កម្ពស់ ១៥ម៉ែត្រ និងទម្ងន់ ៣០តោន ត្រូវបានដំឡើងនៅលើប៉មតួអេហ្វែល មុនពេលព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីសបើកដំណើរការ កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ហើយដើមឡើយត្រូវបានរំពឹងថានឹងដកចេញវិញ បន្ទាប់ពីពិធីបិទកីឡាប៉ារ៉ាឡាំពិក នៅថ្ងៃទី៨ ខែកញ្ញា ឆាប់ៗខាងមុខនេះ។ មុនពេលលោកស្រី ហ៊ីដាលហ្គោ ចេញមកបញ្ជាក់ថា លោកស្រីចង់រក្សាទុកកងអូឡាំពិកជាប់គ្នា ដែលមានពណ៌ខៀវ លឿង ខ្មៅ បៃតង និងក្រហម តំណាងឱ្យទ្វីបទាំងប្រាំមួយនេះ នៅលើប៉មតួអេហ្វែល។
លោកស្រីបានគូសបញ្ជាក់ថា កងអូឡាំពិកបច្ចុប្បន្ន ដែលក្នុងមួយកងមានអង្កត់ផ្ចិត៩ម៉ែត្រ គឺមានទម្ងន់ធ្ងន់ពេក ហើយនឹងត្រូវជំនួសដោយកងថ្មីដែលស្រាលជាង នៅពេលណាមួយ។ លោកស្រីអះអាងថា ប្រជាជនបារាំងបានលង់ស្នេហ៍នឹងទីក្រុងប៉ារីសម្តងទៀត អំឡុងពេលព្រឹត្តិការណ៍ Paris 2024 ហើយលោកស្រីចង់ឱ្យស្មារតីនេះ នៅបន្តដដែល៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ