ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ណឺតាន់​​យ៉ាហ៊ូ​ថ្លែង​ថា​គ្មាន​នរណា​អាច​ដាក់​សម្ពាធ​លើ​រូប​លោក​បាន​ឡើយ

1 អាទិត្យ មុន

ទី​ក្រុង​យេរូសា​ឡឹម៖ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ នៅ​តែ​ប្រកាន់​គោល​ជំហរ​រឹង​មាំ​ថា​លោក​មិន​អាច​ធ្វើ​ទៅ​តាម​ការ​ដាក់​សម្ពាធ​ពី​អ្នក​ដទៃ​​បាន​ឡើយ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ឱ្យ​មាន​បទ​ឈប់​បាញ់​ និង​ដោះ​លែង​ចំណាប់​ខ្មាំង​។ ឥឡូវ​នេះ​មនុស្ស​រាប់​សែន​នាក់​ចេញ​ហែ​បាតុកម្ម​យ៉ាង​គគ្រឹក​គគ្រេង​នៅ​តាម​ដង​វិថី​នៃ​​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ទាម​ទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​មាន​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​អ៊ីស្រាអែល​រក​ឃើញ​ចំណាប់​ខ្មាំង​ស្លាប់​៦​នាក់​​ថែម​​ទៀត​។​ អ្នក​ខ្លះ​ប្រមូល​ផ្ដុំ​គ្នា​ក្បែរ​ផ្ទះ​លោក​ណឺតាន់​យ៉ាហ៊ូ​។ ពួក​គេ​​ដុត​ភ្លើង និង​ស្រែក​ខ្លាំង​ៗ​ថា​លោក​ជា​មេ​ដឹក​នាំ​។…

ទី​ក្រុង​យេរូសា​ឡឹម៖ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល លោក​ណឺតាន់​យ៉ាហ៊ូ​ នៅ​តែ​ប្រកាន់​គោល​ជំហរ​រឹង​មាំ​ថា​លោក​មិន​អាច​ធ្វើ​ទៅ​តាម​ការ​ដាក់​សម្ពាធ​ពី​អ្នក​ដទៃ​​បាន​ឡើយ​នៅ​ក្នុង​ការ​ចរ​ចា​គ្នា​ឱ្យ​មាន​បទ​ឈប់​បាញ់​ និង​ដោះ​លែង​ចំណាប់​ខ្មាំង​។ ឥឡូវ​នេះ​មនុស្ស​រាប់​សែន​នាក់​ចេញ​ហែ​បាតុកម្ម​យ៉ាង​គគ្រឹក​គគ្រេង​នៅ​តាម​ដង​វិថី​នៃ​​ប្រទេស​អ៊ីស្រាអែល​ដើម្បី​ទាម​ទារ​ឱ្យ​មាន​បទ​ឈប់​បាញ់​។ សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​មាន​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​អ៊ីស្រាអែល​រក​ឃើញ​ចំណាប់​ខ្មាំង​ស្លាប់​៦​នាក់​​ថែម​​ទៀត​។​

អ្នក​ខ្លះ​ប្រមូល​ផ្ដុំ​គ្នា​ក្បែរ​ផ្ទះ​លោក​ណឺតាន់​យ៉ាហ៊ូ​។ ពួក​គេ​​ដុត​ភ្លើង និង​ស្រែក​ខ្លាំង​ៗ​ថា​លោក​ជា​មេ​ដឹក​នាំ​។ លោក​ត្រូវ​តែ​មាន​ទោស​។ អ្នក​ខ្លះ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទី​ក្រុង​តែ​ឡាវីវ​។ ក្រុម​អ្នក​រិះ​គន់​យល់​ថា​លោក​ណឺតាន់​យ៉ាហ៊ូ​មិន​ខ្វាយ​ខ្វល់​នឹង​ការ​អំពាវ​នាវ​របស់​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ទេ​។ សព្វ​ថ្ងៃ​នេះ​​នៅ​សល់​ចំណាប់​ខ្មាំង​​ជាង​មួយ​រយ​នាក់​ទៀត​ដែល​ស្ថិត​​នៅ​ក្នុង​ដៃ​របស់​ក្រុម​ហាម៉ាស់​។ នៅ​ក្នុង​ចំណោម​នោះ គេ​គិត​ថា​ចំណាប់​ខ្មាំង​​យ៉ាង​តិច​៣៥​នាក់​បាន​ស្លាប់​ហើយ​។

នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​កាល​ពី​យប់​មិញ លោក​ណឺតាន់​យ៉ាហ៊ូ​និយាយ​របៀប​ផ្គើន​ដាក់​អ្នក​ដែល​ចង់​ដាក់​សម្ពាធ​ទៅ​លើ​រូប​លោក​។ លោក​ថ្លែង​ថា​នៅ​ក្នុង​លោក​នេះ លោក​មិន​​​ចុះ​ញ៉ម​នរ​​ណា​ទាំង​អស់​។ លោក​ថា​គ្មាន​រនណា​ម្នាក់​អាច​បង្គាប់​បញ្ជា​លោក​​បាន​ឡើយ​។ លោក​សូម​ការ​យោគ​យល់​អធ្យាស្រ័យ​ពី​ក្រុម​គ្រួសារ​ចំណាប់​ខ្មាំង​ដែល​ទើប​តែ​ស្លាប់​៦​នាក់​នោះ​។ ប៉ុន្តែ​លោក​នៅតែ​និយាយ​ដដែល​ឡើង​វិញ​ថា​អ្នក​​​ទទួល​ខុស​ត្រូវ​​គួរ​តែ​ជា​ក្រុម​ហាម៉ាស់​ដែល​ត្រូវ​​​ធ្វើ​សម្ប​ទាន​នៅ​ក្នុង​រឿង​នេះ​។​​

លោក​បៃដឹន​នៅ​តែ​សង្ឃឹម​ថា​ការ​ចរ​ចា​គ្នា​មិន​ទាន់​អស់​ផ្លូវ​ដើរ​នៅ​​ឡើយ​ទេ​។ ថ្ងៃ​ណា​មួយ​នឹង​មាន​កិច្ច​​ព្រម​ព្រៀង​ដោះ​លែង​ចំណាប់​ខ្មាំង​មក​វិញ​។ លោក​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌​មាន​នៅ​សេត​វិមាន​​បន្ទាប់​ពី​ដឹង​ថា​នៅ​ក្នុង​ចំណោម​ចំណាប់​ខ្មាំង​ដែល​ស្លាប់​ទាំង​៦​នាក់​នោះ​ក៏​មាន​​​ជន​ជាតិ​​អាមេរិក​ដើម​​កំណើត​អ៊ីស្រាអែល​​ម្នាក់​ផង​ដែរ​។ ទាហាន​អ៊ីស្រា​អែល​ថ្លែង​ថា​ពួក​គេ​រក​ឃើញ​សាក​សព​ទាំង​នោះ​នៅ​ក្នុង​រូង​ក្រោម​ដី​នៃ​តំបន់​ហ្កា​ហ្សា​។ ពួក​គេ​ទំនង​ជា​ត្រូវ​គេ​បាញ់​សម្លាប់​មុន​ពេល​ទាហាន​អ៊ីស្រាអែល​ទៅ​ដល់​​។

​លោក​បៃដឹន និង​លោក​ណឺតាន់​យ៉ាហ៊ូ​សុទ្ធ​តែ​ទទួល​រង​សម្ពាធ​ដូច​គ្នា​ពាក់​ព័ន្ធ​នឹង​បញ្ហា​ចំណាប់​ខ្មាំង​​។ លោក​ទាំង​២​​​​ទទួល​រង​ការ​រិះ​គន់​ខ្លាំង​ៗ​ដែល​មិន​អាច​រៀប​ចំ​យុទ្ធ​សាស្ត្រ​នៃ​បទ​ឈប់​បាញ់​ឱ្យ​បាន​ល្អ​។ ជា​ពិសេស​ លោក​បៃដឹន​ត្រូវ​គេ​រិះ​គន់​ខ្លាំង​ដែល​មិន​អាច​គាប​សង្កត់​លោក​ណឺតាន់​យ៉ាហ៊ូ​ដើម្បី​ទទួល​​យក​​បទ​ឈប់​បាញ់​​ ហើយ​នឹង​យក​ចំណាប់​ខ្មាំង​ត្រឡប់​មក​វិញ​។

តាម​ពិត​ មិន​មែន​លោក​បៃដឹន​មិន​ដាក់​សម្ពាធ​ទៅ​លើ​លោក​ណឺតាន់​យ៉ាហ៊ូ​​​នោះ​ទេ​។ លោក​បៃដឹន​ធ្លាប់​និយាយ​រឿង​នេះ​ជា​ច្រើន​ដង​ហើយ​។ ប៉ុន្តែ​លោក​ណឺតាន់​យ៉ាហ៊ូ​​ខ្លួន​ឯង​ក៏​ពិបាក​សម្រេច​ចិត្ត​នៅ​ក្នុង​រឿង​នេះ​​ដូច​គ្នា។ ​លោក​​​ទទួល​រង​សម្ពាធ​ពី​ក្រុម​ស្ដាំ​និយម​ជ្រុល​នៅ​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​។ បើ​លោក​ណឺតាន់​យ៉ា​ហ៊ូ​មិន​ធ្វើ​តាម​ពួក​គេ​ទេ ពួក​គេ​នឹង​ដក​ខ្លួន​ពី​រដ្ឋា​ភិបាល​ចម្រុះ​ ហើយ​ធ្វើ​ឱ្យ​លោក​​ណឺតាន​យ៉ាហ៊ូ​ធ្លាក់​ពី​អំណាច​ភ្លាម​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ