ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​រឹប​អូស​យន្ត​ហោះ​ប្រធានា​ធិ​ប​តី​វេណេ​ហ្ស៊ូ​អេ​ឡា​តម្លៃ​១៣​លាន​ដុល្លារ

1 អាទិត្យ មុន

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ថ្មី​ៗ​នេះ អាជ្ញា​ធរ​​​​អាមេរិក​រឹប​អូស​យន្ត​ហោះ​ប្រធានា​ធិបតី​​វេណេ​ហ្ស៊ូអេឡា​ លោក​នីកូឡាស់​ ម៉ាឌូ​រ៉ូ (Nicolas Maduro) ដែល​​​ជា​ផ្នែក​១​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​ ហើយ​​អាច​បង្ក​ជា​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​លោក​ម៉ាឌូរ៉ូ​ប្រកាសថា​លោក​​​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​កាល​ពី​​១​​ខែ​មុន​។​​…

ទី​ក្រុង​វ៉ាស៊ីន​តោន៖ ថ្មី​ៗ​នេះ អាជ្ញា​ធរ​​​​អាមេរិក​រឹប​អូស​យន្ត​ហោះ​ប្រធានា​ធិបតី​​វេណេ​ហ្ស៊ូអេឡា​ លោក​នីកូឡាស់​ ម៉ាឌូ​រ៉ូ (Nicolas Maduro) ដែល​​​ជា​ផ្នែក​១​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​ ហើយ​​អាច​បង្ក​ជា​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​២​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​លោក​ម៉ាឌូរ៉ូ​ប្រកាសថា​លោក​​​ទទួល​ជ័យ​ជម្នះ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​កាល​ពី​​១​​ខែ​មុន​។​​

អាជ្ញា​ធរ​អាមេរិក​បញ្ជាក់​​​ថា​ខ្លួន​បាន​រឹប​អូស​យន្ត​ហោះ​​នោះ​នៅ​សា​ធារណ​រដ្ឋ​ដូមីនី​កាំង​ (Dominican) បន្ទាប់​ពី​ស្រាវ​ជ្រាវ​ដឹង​ថា​​​លោក​​ម៉ាឌូ​រ៉ូ​ទិញ​​​យន្ត​ហោះ​នេះ​​ល្មើស​នឹង​លក្ខ​ខណ្ឌ​​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​របស់​អាមេរិក​ទៅ​លើ​ប្រទេស​វេណេ​ហ្ស៊ូ​អេ​ឡា​។ យន្ត​ហោះ​នេះ​ត្រូវ​មន្ត្រី​រដ្ឋា​ភិបាល​អាមេរិក​ប្រៀប​ប្រដូច​​ទៅ​នឹង​យន្ត​ហោះ​ប្រធានា​ធិប​តី​អាមេរិក​ម៉ាក​អ៊ែ​ហ្វស់​វាន់​ (Air Force One)​។ យន្ត​ហោះ​នេះ​ (យន្ត​ហោះ​របស់​ម៉ាឌូរ៉ូ) ត្រូវ​គេ​ដឹក​ចេញ​ពី​ដូមីនី​កាំង​ទៅ​​រដ្ឋ​ផ្លរី​ដា​ ប្រទេស​អាមេរិក​ហើយ​។​

អគ្គ​រដ្ឋ​អាជ្ញា​អាមេរិក​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា​​ក្រសួង​យុត្តិ​ធម៌​​រឹប​អូស​យន្ត​ហោះ​១​គ្រឿង​ដែល​ខ្ចី​ដៃ​​​ក្រុម​ហ៊ុន​ឯក​ជន​​ទិញ​នៅ​ក្នុង​តម្លៃ​១៣​លាន​ដុល្លារ​​ និង​ដឹក​ចេញ​ពី​ប្រទេស​អាមេរិក​ដើម្បី​ទុក​សម្រាប់​ដឹក​​លោក​ម៉ាឌូរ៉ូ និង​បក្ស​ពួក​របស់​គាត់​​។​ ​​​នេះ​​ជា​​សារ​នយោបាយ​ប្រាប់​ទៅ​លោក​ម៉ាឌូរ៉ូ​ថា​យន្ត​ហោះ​ដែល​ទិញ​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​អាមេរិក​ដើម្បី​ទុក​ដឹក​​មន្ត្រី​វេ​ណេ​ហ្ស៊ូអេឡា​ដែល​ជាប់​ទណ្ឌ​កម្ម​មិន​អាច​ហោះ​ចេញ​ទៅ​ណា​បាន​ឡើយ​។ នេះ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជ​កម្ម​អាមេរិក​។​

មិន​ខ្វល់​ថា​​យន្ត​ហោះ​នោះ​អស្ចារ្យ​ប៉ុណ្ណា ឬ​មន្ត្រី​ដែល​កុម្ម៉ង់​ទិញ​នោះ​មាន​អំណាច​កម្រិត​ណា​ទេ​ យើង​នឹង​បន្ត​ចាត់​វិធាន​ការ​យ៉ាង​ក្ដៅ​គគុក​ជា​មួយ​ប្រទេសជា​ដៃគូ​​នៅ​ទូទាំង​ពិភព​លោក​ដើម្បី​កំណត់​មុខ​សញ្ញា​យន្ត​ហោះណា​ខ្លះ​ដែល​ទិញ​ខុស​ច្បាប់ (​​​​ពី​ប្រទេស​អាមេរិក​) ដើម្បី​បញ្ជូន​​ទៅ​​ប្រទេស​អាមេរិក​វិញ​។ យន្ត​ហោះ​នោះ​ម៉ាក​ Dassault Falcon 900EX ​មាន​ឆ្នូត​ខៀវ​លាយ​ក្រហម​ជា​ផលិត​ផល​របស់​ប្រទេស​បារាំង​ ចុះ​ឈ្មោះ​ម្ចាស់​កម្ម​សិទ្ធិ​រស់​នៅ​​សា​ធារណ​រដ្ឋ​​សាន់​ម៉ារីណូ (San Marino) ទ្វីប​អឺរ៉ុប​។

យន្ត​ហោះ​នេះ​ត្រូវ​គេ​យក​ទៅ​​លាក់​ទុក​នៅ​សា​ធារណ​រដ្ឋ​​ដូ​មី​នី​កាំងកាល​ពី​ប៉ុន្មាន​ខែ​មុន​​។ ​លោក​ម៉ាឌូរ៉ូ​​ធ្លាប់​ជិះ​យន្ត​ហោះ​នេះ​ទៅ​​​​​ប្រទេស​សាំង​វ៉ាំង​សង់​ និង​ក្រេ​ណាឌីន (St Vincent & Grenadines) គុយ​បា និង​ប្រេ​ស៊ីល​។ ប្រតិ​កម្ម​តប​ទៅ​នឹង​ការ​រឹប​អូស​នេះ រដ្ឋា​ភិបាល​វេណេ​ហ្ស៊ូអេឡា​ចាត់​ទុក​ថា​ទង្វើ​នេះ​​ប្រៀប​បាន​នឹង​ចោរ​ប្លន់​ដូច្នេះ​ដែរ​។ វេណេហ្ស៊ូ​អេឡា​ចោទ​​ថា​អា​មេ​​រិក​ប្រើ​ប្រាស់​ឥទ្ធិ​ពល​របស់​ខ្លួន​ជា​មហា​អំណាច​សេដ្ឋ​កិច្ច និង​យោធា​​​ដើរ​គាប​សង្កត់​ប្រទេស​តូច​ៗ​ដូច​ជា​ដូមីនី​កាំង​ដើម្បី​ជួយ​ខ្លួន​​។

​​គួរ​កត់​សម្គាល់​ថា​ការ​រឹប​អូស​យន្ត​ហោះ​នេះ​ធ្វើ​ឡើង​រយៈ​ពេល​៤​ថ្ងៃ​ក្រោយ​ពេល​រដ្ឋា​ភិ​បាល​ទី​ក្រុង​វ៉ាស៊ីន​តោន​អំពាវ​នាវ​ជា​ថ្មី​ម្ដង​ទៀត​ឱ្យ​វេណេហ្ស៊ូ​អេ​​ឡា​បង្ហាញ​ភស្តុ​តាង​គ្រប់​គ្រាន់​ថា​លោក​ម៉ាឌូរ៉ូ​ពិត​ជា​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​។​

បើ​​យោង​តាម​​ទី​ក្រុង​វ៉ា​ស៊ីន​តោន​ ច្បាស់​ណាស់​ថា​អ្នក​ដែល​ឈ្នះ​ឆ្នោត​គឺ​លោក​កុង​ហ្សា​ឡេ (González)​​ ដែល​ទទួ​លបាន​សំឡេង​ឆ្នោត​ភាគ​ច្រើន​លើស​លប់​។ ប៉ុន្តែ​វេណេ​ហ្ស៊ូ​អេឡា​មិន​ហ៊ាន​ផ្សព្វ​ផ្សាយ​លទ្ធ​ផល​ឆ្នោត​ម្ដង​ណា​ទេ​។ ហេតុ​នេះ​ក៏​កើត​មាន​​ការ​តវ៉ា​ និង​ការ​បង្ក្រាប​ពី​សំណាក់​រដ្ឋា​ភិបាល ហើយ​​ឈាន​ដល់​ការ​ចាប់​ខ្លួន​មនុស្ស​ជាង​១៦០០​នាក់​យក​ទៅ​ដាក់​ឃុំ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ