នៅសម័យកាលនេះ ឥរិយាបទក្មេងៗ និងយុវវ័យកំពុងតែប្តូរ ជាពិសេសសម្រាប់អ្នកដែលកំពុងតែរស់នៅតាមក្នុងទីក្រុង ។ ពួកគេចូលចិត្តចំណាយលុយហ៊ឺហា ដូចជា អ្នកមានដោយប្រើប្រាស់របស់របរសុទ្ធតែថ្លៃៗសំលៀកបំពាក់ ទូរស័ព្ទ និងបរិភោគអាហារថ្លៃៗ និងប្រែនល្បីៗជាដើម ខណៈដែលឪពុកម្តាយជាច្រើនកំពុងតែដង្ហក់ និងការរកលុយរកប្រាក់ចំណូល ដើម្បីចិញ្ចឹម និងទំនុកបម្រុងគ្រួសារប្រចាំថ្ងៃ ។
ទិដ្ឋភាពបែបនេះ គេអាចមើលឃើញយ៉ាងច្បាស់នៅតាមហាងលក់ភេសជ្ជៈ ភោជនីយដ្ឋាន អាហារដ្ឋាន សូម្បីហាងទំនើប រោងកុន កន្លែងលក់សម្លៀកបំពាក់ និងទិដ្ឋភាពនានានៅជុំវិញសាលារៀន ស្របពេលដែលឪពុកម្តាយពួកគេម្នាក់ៗកំពុងត្រដរខ្យល់ពីមួយថ្ងៃទៅមួយថ្ងៃរកចំណូលហើយប្រឹងសន្សំ ដើម្បីទប់ទល់នឹងការចំណាយដែលកើនឡើងជាប្រចាំសម្រាប់គ្រួសារប្រចាំថ្ងៃ ដូចជា ការចំណាយនៅលើទឹកភ្លើង ហើយនៅឆ្លៀតសន្សំលុយ បង់ថ្លៃសាលា និងផ្តល់ប្រាក់ប្រចាំថ្ងៃ ឬអាទិត្យដល់ពួកគេទៅរៀនថែមទៀតដោយមួយថ្ងៃៗជាមធ្យមប្រមាណជាពី៥០០០ រៀលទៅ១ម៉ឺនរៀល ។
តាមការសង្កេតប្រចាំថ្ងៃក្មេងៗខ្លះ ដោយសារតែពួកគេមានលុយមិនដល់ពួកគេអាចសន្សំពីរទៅ៣ថ្ងៃ ដើម្បីអាចយកទៅចំណាយនៅលើការបំពេញចំណង់ចំណូលចិត្តនៃភាពហ៊ឺហារទាំងនេះ ។ ដើម្បីទប់ស្កាត់បញ្ហាទាំងនេះ វាជារឿងសំខាន់ណាស់ ដែលយើងជាឪពុកម្តាយត្រូវធ្វើការយល់ដឹងថា ហេតុអ្វីបានជាក្មេងៗ និងយុវវ័យសព្វថ្ងៃនេះហាក់ដូចជា ផ្តាច់ចេញពីការពិតនៃហិរញ្ញវត្ថុរបស់គ្រួសារពួកគេ ។ ហេតុផលមួយ គឺឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយសង្គម និងសម្ពាធពីមិត្តភក្តិ ។ នៅក្នុងសង្គមដែលគ្របដណ្ដប់ដោយវេទិកាឌីជីថល យុវវ័យត្រូវរងនូវប៉ះពាល់នឹងការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារជាបន្តបន្ទាប់ដែលបង្ហាញពីរបៀបរស់នៅដ៏ប្រណិត ។ ការឃើញរបស់របរសម្លៀលបំពាក់ដែលមិត្តភក្តិពួកគេប្រើប្រាស់ អាចបង្កើតអារម្មណ៍នៃភាពមិនគ្រប់គ្រាន់ ឬបំណងប្រាថ្នាក្នុងការទទួលបានភាពសក្តិសមដែលនាំឱ្យពួកគេខ្វះការពិចារណា និងទាមទារការចំណាយដែលលើសពីសមត្ថភាពហិរញ្ញវត្ថុរបស់គ្រួសាររបស់ពួកគេ ។
លើសពីនេះទៅទៀត មានការខ្វះខាតការអប់រំផ្នែកហិរញ្ញវត្ថុនៅក្នុងសាលារៀន និងផ្ទះក៏ជាបច្ច័យមួយសំខាន់ជំរុញឲ្យក្មេងៗ និងយុវ័យធ្លាក់នៅក្នុងអន្ទាក់នៃសម្ភារៈនិយម ។ ចំណេះដឹងផ្នែកហិរញ្ញវត្ថុគួរជាផ្នែកមួយនៃកម្មវិធីសិក្សានៅតាមសាលានៅក្នុងប្រទេសកម្ពុជា ។ ឪពុកម្តាយដែលមានបន្ទុកលើការតស៊ូផ្នែកហិរញ្ញវត្ថុនៅពេលនេះក៏ប្រហែលជាមិនមានពេលវេលា ឬចំណេះដឹង ដើម្បីបង្រៀនកូនរបស់ពួកគេអំពីការគ្រប់គ្រងលុយនោះទេ ។
ជាលទ្ធផល កុមារ និងយុវវ័យចម្រើនវ័យឡើង ដោយមិនយល់ពីថវិកា ការសន្សំ ឬតម្លៃនៃប្រាក់ ។ ពួកគាត់ប្រហែលជាមិនដឹងពីការខិតខំប្រឹងប្រែងរបស់ឪពុកម្តាយរបស់ពួកគេក្នុងការរកប្រាក់ ឬលះបង់ ដែលពួកគេធ្វើ ដើម្បីផ្តល់ជីវិតដ៏សុខស្រួលសម្រាប់កូនរបស់ពួកគេ ។ ដើម្បីកាត់បន្ថយគម្លាតនេះ ឪពុកម្តាយ និងសង្គមទាំងមូល ត្រូវតែចាត់វិធានការយ៉ាងសកម្មក្នុងការអប់រំកុមារអំពីរបៀបគ្រប់គ្រងលុយ ។ ការសន្ទនាដោយបើកចំហ និងស្មោះត្រង់អំពីហិរញ្ញវត្ថុគ្រួសារអាចដំណើរការយ៉ាងវែងឆ្ងាយ ក្នុងការជួយកុមារ និងយុវវ័យឱ្យយល់អំពីស្ថានភាពហិរញ្ញវត្ថុរបស់គ្រួសារ ។ ឪពុកម្តាយមិនគួរភ័យខ្លាចក្នុងការពន្យល់អំពីថវិកាប្រចាំខែ ការចំណាយ និងសារៈសំខាន់នៃការសន្សំសម្រាប់ពេលអនាគតនោះទេ ។ តម្លាភាពនេះអាចជួយកុមារឱ្យយល់ពីតម្លៃនៃប្រាក់ និងសារៈសំខាន់នៃការចំណាយប្រកបដោយប្រាជ្ញា ។
លើសពីនេះ សាលារៀនគួរតែបញ្ចូល ឬបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សានៅពេលបច្ចុប្បន្នឲ្យបានទូលំទូលាយ ។ ការបង្រៀនកុមារ និងយុវ័យនូវមូលដ្ឋានគ្រឹះនៃថវិកា ការសន្សំ និងការយល់ដឹងពីតម្រូវការធៀបនឹងការចង់បាន អាចរៀបចំពួកគេសម្រាប់អនាគតប្រកបដោយការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ។
វិធីសាស្ត្រមួយទៀត គឺលើកទឹកចិត្តយុវ័យឱ្យចេះរកប្រាក់ដោយខ្លួនឯង សូម្បីតែក្នុងចំនួនតិចតួចតាមរយៈការងារពេញម៉ោង ឬការងារក្រៅម៉ោង ។ នៅពេលដែលយុវវ័យចេះរកប្រាក់បានតាមរយៈការខិតខំប្រឹងប្រែងរបស់ពួកគេពួកគេទំនងជាពេញចិត្តនឹងតម្លៃរបស់វា ហើយចំណាយវាកាន់តែសមរម្យ ។ វាបង្រៀនពួកគេថា លុយមិនមែនជាធនធានមិនចេះចប់ទេ ហើយរាល់ការទិញទាំងអស់គួរតែគិតគូរ និងសមហេតុផល ។
ក្រៅពីនោះឪពុកម្តាយក៏គួរធ្វើជាគំរូដោយបង្ហាញអាកប្បកិរិយាខាងហិរញ្ញវត្ថុប្រកប ដោយការទទួលខុសត្រូវ ។ ក្មេងៗតែងតែរៀន ដោយការសង្កេតមើលមនុស្សធំជុំវិញខ្លួន ។ ប្រសិនបើឪពុកម្តាយអនុវត្តថវិកា ប្រកបដោយការសន្សំសំចៃ និងពិភាក្សាអំពីការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុដោយបើកចំហកុមារ និងយុវវ័យទំនងជានឹងទទួលយកទម្លាប់ទាំងនេះ ។
លើសពីនេះទៅទៀត វាជាការចាំបាច់ក្នុងការពង្រឹងវប្បធម៌នៃការដឹងគុណ និងការស្កប់ចិត្ត ។ កុមារគួរត្រូវបានបង្រៀនថា សុភមង្គលមិនកើតចេញពីទ្រព្យសម្បត្ដិទេ ប៉ុន្តែបានមកពីបទពិសោធន៍ និងទំនាក់ទំនងដ៏មានអត្ថន័យ ។ ការលើកទឹកចិត្តពួកគេឱ្យចូលរួមក្នុងសេវាកម្មសហគមន៍ ឬការងារស្ម័គ្រចិត្ត អាចជួយពួកគេឱ្យយល់ពីការតស៊ូរបស់អ្នកដទៃ និងពេញចិត្តចំពោះអ្វីដែលពួកគេមាន ។
ឪពុកម្តាយក៏គួរតែរៀបបញ្ជ្រាបរបៀបសន្សែសន្សំ និងសំចៃខ្លះដល់ពួកគេ ។ សូមកុំបណ្តែតបណ្តោយ និងចេះតែតាមចិត្តពួកគេ តាមការស្រលាញ់តាមការ អាណិតអាសូរ ហើយនិងការដែលខ្លួនចងឲ្យកូនមានភាពស្មើមុខស្មើរមាត់ និងមិត្តភក្តិរបស់ពួកគេ នៅតាមសាលារៀនអី ។ ឪពុកម្តាយគ្រប់រូបនៅពេលនេះយើងដឹងអំពីស្ថានភាពសេដ្ឋកិច្ច និងការលំបាកនៃការរកចំណូលប្រចាំថ្ងៃ ។
ដូច្នេះការបណ្តែតបណ្តោយខ្លួនពួកគេពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេអាចនឹងទម្លាប់នឹងជីវភាពមួយនៅក្នុងស្ថានភាព «ធំហួសមាឌ» ហើយត្រូវណែនាំ និងព្យាយាមអប់រំពួកគេឲ្យចាយលុយឲ្យត្រូវគោលដៅតាមពាក្យចាស់ថា «ចាយប្រាក់ត្រឹមត្រូវនាំនូវប្រយោជន៍ ចាយប្រាក់ហិនហោចព្រោះមិនបានគិត» ។
ឪពុកម្តាយគ្រប់រូប នរណាក៏ស្រលាញ់កូននរណាក៏ចង់ឲ្យកូនរៀនពូកែ មានចំណេះមានភាពស្រស់ស្អាត មានលុយមានកាក់ចាយដូចកូនគេកូនឯង ប៉ុន្តែទម្លាប់បណ្តែតបណ្តោយ និងទាំងយើងពួកគេ តាំងពីក្មេង គឺជាការធ្វើបាបពួកគេ និងធ្វើបាបខ្លួនយើងទៅថ្ងៃមុខ ។ នៅក្នុងនាមជាឪពុកម្តាយ ត្រូវតែទម្លាប់ឲ្យកូនរស់នៅក្នុងស្ថានភាពដែលសក្តិសម និងកម្រិតជីវភាព និងប្រាក់ចំណូលប្រចាំខែ របស់យើងទាំងអស់គ្នា ពោលត្រូវតែឲ្យពួកគេយល់ពីការលំបាករបស់យើងខ្លះៗ ។ ប៉ុន្តែមិនមែនអប់រំណែនាំឲ្យពួកគេចេះលូកហោប៉ៅយើងនោះទេ ។
សរុបសេចក្តីមក ក្មេងៗ និងយុវវ័យនៅកម្ពុជា គួរតែគិតគូរពីការពិតផ្នែកហិរញ្ញវត្ថុរបស់ឪពុកម្តាយពួកគេ ហើយចំណាយលុយដោយប្រាជ្ញា ។ ការយល់ដឹងអំពីស្ថានភាពសេដ្ឋកិច្ចរបស់គ្រួសារ និងការរៀនអំពីទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុអាចជួយពួកគេធ្វើការសម្រេចចិត្តបានប្រសើរជាងមុន គោរពកិច្ចខិតខំប្រឹងប្រែងរបស់ឪពុកម្តាយពួកគេ និងរួមចំណែកដល់សង្គម ដែលមានការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុជាងមុន ។
ការផ្លាស់ប្តូរនេះនឹងមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់គ្រួសារបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជះឥទ្ធិពលជាវិជ្ជមានដល់អក្ខរកម្មហិរញ្ញវត្ថុ និងស្ថេរភាពសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសផងដែរ ។ ការយល់នូវតម្លៃនៃលុយ គឺជាចំណេះ និងបំណិនជីវិតដែលត្រូវបានរៀបចំសម្រាប់អនាគតដ៏រុងរឿង ៕
ចែករំលែកព័តមាននេះ