ខេត្តកំពង់ឆ្នាំង ៖ យោងតាមបទបញ្ជារបស់ឯកឧត្ដម អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅរសៀល ថ្ងៃទី៣០ ខែសីហានេះ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ កម្លាំងសរុប៥នាក់ បានចុះបង្ក្រាបការដឹកជញ្ជូនផល កូនត្រីប្រា គ្មានលិខិតអនុញ្ញាតនៅចំណុចសាលាតាហាយ ភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើនេះ សមត្ថកិច្ចយើងបានដកហូតវត្ថុតាងមានដូចខាងក្រោម ៖ ១-ម៉ូតូសន្តោងរ៉ឺម៉ក់ ចំនួន០១គ្រឿង ២-កូនត្រីប្រា និងកូនត្រីចម្រុះ៥០០ គីឡូក្រាម ។ តាមការស្រាវជ្រាវកូនត្រីទាំងនេះ បានមកពីប្រជានេសាទដែលប្រើប្រាស់របាំងលបរួម ផ្សំសាច់អួន ។ មន្ត្រីជំនាញបានកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៃច្បាប់ស្តីពីជលផល ។
ដោយឡែក កម្លាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ និងសហគមន៍នេសាទភូមិពាមពពេច ដឹកនាំដោយ លោក នួន ឬទ្ធី កម្លាំងចូលរួមសរុប ចំនួន៥នាក់ មធ្យោបាយម៉ាឡាស្មាច់ ០១គ្រឿង បានចុះបង្ក្រាបបទល្មើសនេសាទ និងរុះរើរបាំងលូស្បៃមុង នៅក្នុងដែននេសាទ ចំណុច បឹងតាមលើ ខាងកើតភូមិតាមលលើ ឃុំ កោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ចំណែកកម្លាំងសង្កាត់រដ្ឋបាលជលផលជលគិរី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សហការណ៍ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរី និងសហគមន៍នេសាទភូមិព្រែកឆ្តោសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ ដឹកនាំដោយលោក រៀល សុខុម នាយសង្កាត់ រដ្ឋបាលជលផលគិរី កម្លាំងចូលរួមសរុបចំនួន១៣នាក់ មធ្យោបាយម៉ាឡាស្មាច់០៤គ្រឿង បានចុះបង្រាបបទល្មើសនេសាទ និងរុះរើរបាំងលូស្បៃមុង នៅចំណុចស្វាស្លាប៉ក្នុងភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ក្នុងនោះកម្លាំងសមត្ថកិច្ចយើងបំផ្លាញចោលវត្ថុតាងនូវហ្នឹងកន្លែង០២ករណីក្នុងនោះរួមមានៈ ១ របាំងស្បៃមុង១៦កន្លែង ប្រវែង៥០០ម លូស្បៃមុង ចំនួន១៦គ្រឿង បង្គោល ចំនួន២៧០ដើម និងចាក់លែងកូនត្រីចម្រុះចូលក្នុងដែននេសាទវិញចំនួន៨០គគ្រ ផងដែរ ៕
ចែករំលែកព័តមាននេះ