រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់ខណៈដើរឆ្លងផ្លូវចេញពីកន្លែងលក់បាយរបស់គាត់ ដើម្បីទៅរកទិញប្រេងឆា ស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូស១គ្រឿងជិះ២នាក់ប្ដីប្រពន្ធទៅដល់ បានបុកពេញទំហឹង បណ្ដាលឲ្យគាត់ដួលខ្ទាតបោកផ្ទប់ថ្នល់ស្លាប់បាត់បង់ជីវិតភ្លាមៗមួយរំពេចនៅនឹងកន្លែងតែម្ដង ។ បន្ទាប់មករថយន្តបង្កខាងលើនោះ បានបើកហួសទៅមុខបានចំងាយប្រមាណជាង១០០ម៉ែត្រ ក៏ត្រូវបាននគរបាលដែលនៅជិតនោះឃាត់បានទាំងរថយន្តនិងអ្នកបើកបរផងដែរ ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ២១៧ ហៅផ្លូវចំការដូង នៅត្រង់ចំណុចមុខមណ្ឌលសុខភាពដង្កោ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ស្ត្រីរងគ្រោះឈ្មោះព្រំ ខេមា អាយុ៦៦ឆ្នាំ មុខរបរលក់បាយមានស្រុកកំណើតនៅស្រុកគីរី ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្នភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែករថយន្តបង្កម៉ាកតូយ៉ូតាព្រូសពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ2AD-6215 ជិះដោយបុរសនិងស្ត្រី២នាក់ប្ដីប្រពន្ធ ហើយពុំទាន់ស្គាល់ឈ្មោះនៅឡើយ ។
អ្នកភូមិខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះបានដើរឆ្លងផ្លូវចេញពីកន្លែងលក់បាយរបស់គាត់ ទៅកាន់កន្លែងលក់អីវាន់ចាបហួយមួយកន្លែងស្ថិតនៅទល់មុខគ្នានោះ ដើម្បីរកទិញប្រេងឆា ។ ខណៈនោះស្រាប់តែរថយន្តខាងលើ បើកបរក្នុងល្បឿនលឿន ក្នុងទិសដៅពីជើងទៅត្បូង ទៅដល់អត់គេចទៅខាងស្ដាំដៃទេ បែរជាគេចមកខាងឆ្វេងដៃទៅវិញ ហើយក៏បានបុកស្ត្រីរងគ្រោះពេញទំហឹង ។ បណ្ដាលឲ្យខ្ទាតបោកផ្ទប់ថ្នល់បែកក្បាលស្លាប់ភ្លាមៗតែម្ដង បន្ទាប់មករថយន្តបង្ក បានបើកហួសទៅមុខបានចំងាយប្រមាណជាង១០០ម៉ែត្រក៏ត្រូវបាននគរបាលឃាត់បានទាំងរថយន្តនិងអ្នកបើកបរផងដែរ ។
ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលខណ្ឌដង្កោ ដែលមានទីតាំងស្ថិតនៅក្បែរកន្លែងកើតហេតុនោះស្រាប់ បានចេញទៅធ្វើការវាស់វែងនិងនាំយករថយន្តទៅរក្សាទុក និងនាំខ្លួនអ្នកបើកបរទៅធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ព្រមទាំងប្រគល់សពជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ