ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​ចម្រុះ និង​ថាមវន្ត​នៃ​សង្គម​នៅ​អាស៊ី​អាគ្នេយ៍​គំរូ និង​បែបបទ​នៃ​ការ​ផ្ទេរអំណាច​នយោបាយ​តាម​បែប​សន្តតិវង្ស វា​បង្ហាញ​ចេញ​កាន់តែ​ច្រើន​មិនមែន​ដូច​អ្វី​ដែល​មានការ​រិះគន់​ដែល​ថា មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ។ ការ​ផ្ទេរអំណាច ឬ​មរតក​នយោបាយ​វា​នឹង​កើត​មាន​ដោយ​ស្តេច​ស៊ុ​ល​តង់ ហា​សា​ណា…

នៅ​ក្នុង​ទិដ្ឋភាព​នយោបាយ​ចម្រុះ និង​ថាមវន្ត​នៃ​សង្គម​នៅ​អាស៊ី​អាគ្នេយ៍​គំរូ និង​បែបបទ​នៃ​ការ​ផ្ទេរអំណាច​នយោបាយ​តាម​បែប​សន្តតិវង្ស វា​បង្ហាញ​ចេញ​កាន់តែ​ច្រើន​មិនមែន​ដូច​អ្វី​ដែល​មានការ​រិះគន់​ដែល​ថា មាន​តែ​នៅ​កម្ពុជា​នោះ​ទេ ប៉ុន្តែ​នៅ​ក្នុង​តំបន់​អាស៊ាន​ផង​ដែរ ។

ការ​ផ្ទេរអំណាច ឬ​មរតក​នយោបាយ​វា​នឹង​កើត​មាន​ដោយ​ស្តេច​ស៊ុ​ល​តង់ ហា​សា​ណា បូល​គៀ (Hassanal Bolkiah) របស់​ប្រ៊ុ​យ​ណេ ទៅ​អោយ​បុត្រា​ណា​ម្នាក់​របស់​ព្រះ​អង្គ ព្រះ​នាម AI Muhatadee Billah ដោយសារ​តែ​ប្រទេស​នេះ​ប្រកាន់យក​របប​នយោបាយ​រាជាធិបតេយ្យ​ដែល​មហាក្សត្រ​មាន​សិទ្ធិ និង​អំណាច​គ្រប់យ៉ាង ។

លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា ដែល​បាន​ដើរ​តាម​គន្លង​នយោបាយ​ដែល​ទំនងជា​រៀបចំ​ដោយ​ឪពុក​លោកស្រី គឺ​លោក ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា ។ គ្រួសារ ឌូ​តែ​តេ ( Duterte) នៅ​ហ្វី​លី​ពី​ន និង​វី​ដូ​ដូ (Widodo) នៅ​ឥណ្ឌូ​ណេ​ស៊ី ក៏​បាន​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កូន​ៗ ដើម្បី​អំណាច​នយោបាយ​ជាដើម ។

ផែន​នៅ​លើ​ស្ថានភាព​បែប​នេះ តើ​ការ​ផ្ទេរអំណាច​ពី​ឪពុក​ម្តាយ​ទៅ​កូន​នឹង​ក្លាយជា​រឿង​ធម្មតា​នៅ​ក្នុង​អាស៊ាន​ហើយ​តើ​ការ​ផ្ទេរអំណាច​បែប​នេះ​វា​មាន​ន័យ​ដូច​ម្តេច ចំពោះ​លទ្ធិប្រជាធិបតេយ្យ​ក្នុង​តំបន់?

ថាមវន្ត​នៃ​មរតក​នយោបាយ​បែប​នេះ​វា​មិនមែន​ជា​រឿង​ថ្មី ឬ​ប្លែក​សម្រាប់​អាស៊ី​អាគ្នេយ៍​ទេ ពីព្រោះ​វា​ជា​រឿង​ដែល​កើត​មាននៅ​ក្នុង​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​រួច​មក​ហើយ​ដែរ សូ​ម្បី​តែ​នៅ​សហរដ្ឋអាមេរិក ។ សន្តតិវង្ស​នយោបាយ​មាន​ក្នុង​ទម្រង់​ផ្សេង​ៗ​គ្នា ជុំវិញ​ពិភពលោក​ចាប់តាំងពី​ត្រកូល​កេ​ន​ណឺ​ឌី (Kennedys) និង​ត្រកូល ប៊ូ​ស (Bush) នៅ​សហរដ្ឋអាមេរិក​រហូត​ដល់​ត្រកូល ហ្គេ​ន​ឌី (Gandhis) ក្នុង​ប្រទេស​ឥណ្ឌា​ជាដើម ។

សម្រាប់​អ្វី​ដែល​លេច​រូបរាង​ឡើង​នៅ​អាស៊ាន​នា​ពេល​បច្ចុប្បន្ន​នេះ វា គឺជា​បាតុភាព​នយោបាយ​មួយ​កើតឡើង​ដោយសារ​ប្រព័ន្ធ​នយោបាយ​ចម្រុះ​ក្នុង​តំបន់ រួម​មាន​របប​រាជា​និយម​ផ្តាច់​ការ​របប​ផ្តាច់​ការ​តាម​បែប​កុ​ម្មុ​យ​នី​ស និង​លទ្ធិប្រជាធិបតេយ្យ ។ រីឯ​របប​គ្រប់គ្រង​តាម​បែប​សន្តតិវង្ស​នយោបាយ នៅ​ក្នុង​បរិបទ​នេះ បង្ហាញ​ពី​អន្តរ​កម្ម​ដ៏​ស្មុគស្មាញ​រវាង​ប្រពៃណី ការ​បង្រួបបង្រួម​អំណាច និង​ការ​អនុវត្ត​នៃ​មាគ៌ា​នយោបាយ​នៅ​ក្នុង​តំបន់​។

នៅ​ក្នុង​បរិបទ​នេះ ប្រទេស​កម្ពុជា គឺជា​មុខព្រួញ​នៃ​ការ​រិះគន់​មុនគេ ជា​ពិសេស​គឺ​ក្រោយ​ពេល​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​គ្រប់គ្រង​ប្រទេស​កម្ពុជា​អស់​រយៈពេល​ជិត​៤​ទសវត្សរ៍ ហើយ​បាន​ផ្ទេរអំណាច​ទៅ​ឲ្យ​កូនប្រុស​របស់​លោក គឺ​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ។ ការ​ប្រគល់ និង​ការ​ផ្ទេរអំណាច​នេះ គឺជា​អន្តរ​កម្ម​នយោបាយ​ដ៏​ប្រយ័ត្នប្រយែង​មួយ​ឆ្ពោះទៅ​រក​ការ​បន្តអំណាច ដើម្បី​ធានា​ប្រក្រតី​ភាព និង​ស្ថិរភាព​សង្គម និង​នយោបាយ ដើម្បី​ធានា​ថា កម្ពុជា​នឹង​មិន​រមាល​ចេញពី​គន្លង​ផ្លូវ​សន្តិភាព ដែល​ជា​កត្តា​ចម្បង​សម្រាប់​ការ​អភិវឌ្ឍ ។ ប៉ុន្តែ​ក្រុមប្រឆាំង​បាន​រិះគន់​ចំពោះ​ការ​ផ្ទេរអំណាច​នេះ ។

ប៉ុន្តែ​កុំ​ភ្លេច​ថា ដើម្បី​អាច​ឲ្យ​ការ​ផ្ទេរតំណែង​នេះ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ដោយ​សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី​ផ្ទាល់​ត្រូវ​តស៊ូ​ស្វែងរក​ការ​គាំទ្រ​នៅ​ក្នុង​បក្ស ហើយ​ក៏​ឆ្លងកាត់​ការ​បោះ​ឆ្នោត​តាម​យន្តការ និង​ទម្រង់​ប្រជាធិបតេយ្យ​នៅ​ខែកក្កដា ឆ្នាំ​២០២៣ ។

នៅ​ប្រទេស​ប្រ៊ុ​យ​ណេ រាជាធិបតេយ្យ គឺជា​សសរស្តម្ភ​កណ្តាល​នៃ​ការ​គ្រប់គ្រង​អំណាច​អស់​ជា​ច្រើន​ឆ្នាំ​ហើយ ស្តេច​ស៊ុ​ល​តង់ ដែល​បាន​គ្រប់គ្រង​តាំងពី​ឆ្នាំ​១៩៦៧ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ផ្ទេរអំណាច​ទៅ​ឱ្យ​បុត្រា​ណា ម្នាក់​របស់​ទ្រង់ ។ ការ​ផ្ទេរអំណាច​របស់​ព្រះ​អង្គ​ទៅ​ឲ្យ​បុត្រា​ដោយ​ផ្ទាល់​ជា​ដំណើរការ​ធម្មជាតិ និង​ធម្មតា​គ្មាន​ការ​ជំទាស់​ឡើយ នៅ​ក្នុង​ប្រទេស​គ្រប់គ្រង​អំ​ណាយ​តាម​របប​រាជា​និយម​ដាច់ខាត ។

សម្រាប់​អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ថៃ នា​ពេល​ថ្មី​ៗ​នេះ គឺជា​គំរូ​នយោបាយ​នៃ​ការ​ផ្ទេរអំណាច​តាម​សន្តតិវង្ស​មួយ​ផ្សេង​ទៀត ។ លោកស្រី ផៃ​ថង​ថា​ន ស៊ី​ណា​វ៉ា​ត្រា (Paetongtarn Shinawatra ) កូនស្រី​របស់​អតីត​នាយក​រដ្ឋមន្ត្រី ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា បាន​ឈាន​ជើង​ចូល​ក្នុង​ឆាកនយោបាយ ចំ​ពេល​មាន​ក្តី​សង្ឃឹម​ក្នុង​ការ​ស្តារ​កេរ្តិ៍​ដំណែល​នយោបាយ​របស់​គ្រួសារ​លោកស្រី​ឡើង​វិញ ។ រូបភាព​នេះ​ត្រូវ​បាន​មើលឃើញ​យ៉ាង​ច្បាស់​បន្ទាប់​ពី​លោកស្រី​ត្រូវ​សភា​ជ្រើសតាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ជំនួស​លោក សេដ្ឋា ថា​វេ​ស៊ី​ន ដែល​ត្រូវ​បណ្តេញ​ចេញពី​តំណែង​ដោយ​តុលាការ​ធម្មនុញ្ញ​ដោយសារ​បញ្ហា​ចម្រូងចម្រាស់​នៃ​ការ​តែងតាំង​មន្ត្រី ។ នៅ​ពេល​ដែល​រដ្ឋាភិបាល​ថៃ នៅ​មិន​ទាន់​បង្កើត​ឡើង​ផង លោក ថា​ក់​ស៊ី​ន បាន​បង្ហាញ​រូបភាព​ថា លោក គឺ​ជាម​គ្គុ​ទេស​នយោបាយ​ដ៏​សំខាន់​មួយ ហើយ​ទស្សនៈ​នេះ​ត្រូវ​បាន​សារព័ត៌មាន​បរទេស​ចុះ​ផ្សាយ​ព្រោងព្រាត​ដោយ​រួម​ទាំង​កាសែត​នៅ​ក្នុងស្រុក​មួយ​ចំនួន​ផង​ដែរ ។

នៅ​ប្រទេស​ហ្វី​លី​ពី​ន ត្រកូល ឌូ​ទែ​តេ ក៏​បាន​បង្ហាញ​ពី​របៀប​ដែល​កំពុង​ប៉ុនប៉ង​អនុវត្ត​មាគ៌ា​នយោបាយ​តាម​បែប​សន្តតិវង្ស អាស្រ័យ​លើ​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ ។ នៅ​ពេល​ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី លោក រ៉ូ​ឌ្រី​ហ្គោ ទូ​ទែ​តេ​( Rodrigo Duterte) បាន​រៀបចំ​សេនា​រី​យូ នយោបាយ​មួយ​ដោយ​បាន​លើក​ត​ម្កើ​ន​កូនស្រី​របស់​លោក គឺ​លោកស្រី សា​រ៉ា ឌូ​ទែ​តេ (Sara Duterte) ឲ្យ​ដល់ តំណែង​ជា​អនុ​ប្រធានាធិបតី ។

ត្រកូល​នេះ​បាន​បង្ហាញ​គំ​រូពី​របៀប​ដែល​ប្រើប្រាស់​ប្រជាប្រិយភាព​ផ្ទាល់ខ្លួន​សម្ព័ន្ធភាព​ជា​យុទ្ធសាស្ត្រ និង​ការ​ប្រើប្រាស់​យន្តការ​នយោបាយ ដើម្បី​រក្សា​ការ​កាន់កាប់​អំណាច​របស់​គ្រួសារ​នៅ​ពេល​ខាង​មុខ ។

ករណី​របស់​ឥណ្ឌូ​នេ​ស៊ី ក៏​ជា​សក្ខីភាព​មួយ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ប៉ុនប៉ង​ផ្ទេរអំណាច​តាម​បែប​សន្តតិវង្ស​នេះ​ផង​ដែរ ។ រូបភាព​នេះ​ត្រូវ​បាន​គេ​មើលឃើញ​នៅ​ពេល​ដែល​លោក ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ (Joko Widodo) រៀបចំ​ឲ្យ​កូនប្រុស​របស់​លោក គឺ​លោក ជី​ប្រេ​ន រ៉ា​ការ​ប៊ូ​មីង រ៉ា​កា (Gibran Rakabuming Raka) ឲ្យ​ជាប់​ឆ្នោត​ជា​អនុ​ប្រធានាធិបតី ។ យន្តការ​នេះ ឆ្លុះ​បញ្ចាំង​ពី​ភាព​ស្មុគស្មាញ​នៃ​កេរ្តិ៍​ដំណែល​នយោបាយ នៅ​ក្នុង​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​នៅ​ឥណ្ឌូ​នេ​ស៊ី ។

លោក វី​ដូ​ដូ ដែល​ជា​រឿយ​ៗ​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​អ្នក​កែទម្រង់ និង​ជា​រដ្ឋបុរស​របស់​ប្រជាជន ឥឡូវនេះ​បាន​ប្រឈម​មុខ​នឹង​ការ​រិះគន់​ថា តើ​កំពុង​បង្កើន​ឥទ្ធិពល​នយោបាយ និង​បញ្ជ្រាប​ភាព​ជា​អ្នកដឹកនាំ​តាម​បែប​សន្តតិ​វត្ស​ចូល​ទៅ​ក្នុង​សង្គម​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ ។ ចំណាត់ការ​នេះ​បាន​ជំរុញ​ឱ្យ​មានការ​ជជែក​វែកញែក​ជា​ច្រើន​អំពី​លទ្ធិប្រជាធិបតេយ្យ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​ជាងគេ​នៅ​អាស៊ាន ។

សរុប​មក​វិញ​នៅ​អាស៊ី​អាគ្នេយ៍ ការ​ផ្ទេរអំណាច​តាម​បែប​គ្រួសារ ឬ​សន្តតិវង្ស កំពុង​ក្លាយជា​និន្នាការ​គួរ​ឲ្យ​កត់សម្គាល់ ។ វា គឺជា​គំរូ​នយោបាយ​មួយ​មិន​ត្រូវ​បាន​កំណត់​ចំពោះ​ប្រទេស​តែ​មួយ​នៅ​ក្នុង​តំបន់​អាស៊ាន​នោះ​ទេ ។ ការ​អនុវត្ត​នៃ​ការ​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូន ឬ​ក្នុង​គ្រួសារ ឬ​សន្តតិវង្ស​វា​បង្ហាញ​ពី​ទំនៀមទម្លាប់​នៃ​គ្រួសារ​និយម​ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ហើយ ជាប់​ពាក់ព័ន្ធ​ជាមួយនឹង​វាំងនន​នយោបាយ​ចម្រុះ​នៃ​ប្រជាជាតិ​នៅ​ក្នុង​ការ​កំណត់​ខ្សែបន្ទាត់​នយោបាយ​ដែល​ផ្សារ​ភ្ជាប់​រវាង​ប្រពៃណី និង​លទ្ធិប្រជាធិបតេយ្យ ។ គ្រប់​ប្រទេស​លើកលែង​ប្រុយ​ណេ​មួយ​ចេញ ទោះបីជា​រូបភាព​នៃ​ការ​ផ្ទេរ​អំ​ណាយ គឺ​តាម​បែប​គ្រួសារ​និយម​ក្តី ប៉ុន្តែ​គ្រប់​ប្រទេស​សុទ្ធតែ​ឆ្លងកាត់​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ទាំងអស់​មិន​ថា នៅ​កម្ពុជា ថៃ ឥណ្ឌូ​នេ​ស៊ី ឬ​ហ្វី​លី​ពី​ន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ