ខេត្តតាកែវ ៖ មនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និងម្នាក់បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍អ្នកបើករថយន្តមួយគ្រឿង បើកបោះពួយយ៉ាងលឿន ក៏រេចង្កូតធ្លាក់ផ្លូវបុកមាត់លូក្រឡាប់ធ្លាក់ចូលក្នុងទឹកប្រឡាយ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចលើផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រលេខ ៣-៤ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកវរសេនីយ៍ឯកឌុក ធីយ៉ា អធិការនគរបាលស្រុកត្រដក់បានអោយដឹងថា ពិតជាមានករណីរថយន្តមួយគ្រឿងម៉ាក TOYOTA PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បង្កឡើងដោយខ្លួនឯង បើកបរដោយឈ្មោះ នុត នាក់ចាន់ណា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកេីតហេតុ) ។
ចំណែកអ្នករួមដំណើរជាមួយចំនួន៤ រួមមាន ទី១-ឈ្មោះ ស៊ន សៀងលី ភេទស្រី អាយុ០៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកេីតហេតុ) ទី២-ឈ្មោះ គង់ ថៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់នៅកន្លែងកេីតហេតុ) ទី៣-ឈ្មោះ ប្រាក់ វីរះ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ រស់នៅភូមិកន្ទោកជេីង សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ (ស្លាប់នៅមន្ទីរពេទ្យ) និងទី៤-ឈ្មោះ ស៊ន លីមីង ភេទប្រុស អាយុ០៤ឆ្នាំ (រងរបួសធ្ងន់) រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោកអធិការនគរបាលស្រុកបានបន្តទៀតថា រថយន្តរងគ្រោះបានបើកបរមកពីទិសខាងលិចទៅកេីត លុះមកដល់ចំណុចខាងលើ បានរ៉េចង្កូតធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូក្រឡាប់ធ្លាក់ចូលទឹកប្រឡាយពីខាងជេីងផ្លូវ។ មូលហេតុបណ្តាលមកពីការបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។
ក្រោយពេលកើតហេតុ សពជនរងគ្រោះទាំង៤នាក់ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពែណី រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ រីឯរថយន្ត ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។
តាមប្រភពពីសាក្សីដែលចុះទៅមើលដល់កន្លែងកើតហេតុបាននាំគ្នានិយាយថា អ្នកបើកបរប្រាកដជាមានជាតិស្រវឹងក្នុងខ្លួនហើយ ទើបបើកបរថយន្តបង្កហេតុដោយខ្លួនឯងបែបនេះ ហើយបើសិនអ្នកបើកបរមិនមានជាតិស្រវឹងទេនោះគឺមិនអាចបើករថយន្តបោះពួយលឿនរហូតរេចង្កូតធ្លាក់ផ្លូវទៅបុកមាត់លូហើយក្រឡាប់ចូលប្រឡាយទឹក បណ្តាលឱ្យមានអ្នកស្លាប់និងរបួសបែបនេះបានឡើយ ៕
ចែករំលែកព័តមាននេះ