ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូស្ត្រាលី​ចាត់​ទុក​កម្ពុជា ជា​ប្រទេស​ដែល​មាន​សារៈសំខាន់ និង​មាន​ឥទ្ធិពល នៅ​ក្នុង​សហគមន៍​អាស៊ាន

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ប្រទេស​អូស្ត្រាលី បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស ដែល​មាន​សារៈសំខាន់ និង​មាន​ឥទ្ធិពល នៅ​ក្នុង​សហគមន៍​អាស៊ាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី​ថ្មី ប្រចាំ​នៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ប្រទេស​អូស្ត្រាលី បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស ដែល​មាន​សារៈសំខាន់ និង​មាន​ឥទ្ធិពល នៅ​ក្នុង​សហគមន៍​អាស៊ាន នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ឯកអគ្គរាជទូត​អូស្ត្រាលី​ថ្មី ប្រចាំ​នៅ​កម្ពុជា ។

ក្នុង​ជំនួប​ទទួល​ជូន​សារតាំង សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ដឺ​រិ​ក យី​ប (Derek Yip) ឯកអគ្គរាជទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា លោក និង​ភរិយា បាន​មក​ដល់​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​២​ស​ប្តា​ហ៍​មុន និង​ពិតជា​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការ​អភិវឌ្ឍ ភាព​រស់​រវើក នៃ​សកម្មភាព​សេដ្ឋកិច្ច និង​ភាពរ​ស់រាយ​រាក់ទាក់​យ៉ាង​កក់ក្តៅ​របស់​ប្រជាជន​កម្ពុជា ។

ឯកឧត្តម ថា នេះ​គឺជា​កិត្តិយស ដែល​បាន​មក​បំពេញការងារ​នៅ​ប្រទេស​កម្ពុជា ដែល​ប្រទេស​អូស្ត្រាលី បាន​ចាត់​ទុក​កម្ពុជា ជា​ប្រទេស ដែល​មាន​សារៈសំខាន់ និង​មាន​ឥទ្ធិពល នៅ​ក្នុង​សហគមន៍​អាស៊ាន ។

ឯកឧត្តម អគ្គរាជទូត បាន​បញ្ជាក់​ថា ៖ “​អូស្ត្រាលី តែង​បាន​ចាត់​ទុក​ទំនាក់ទំនង​ការទូត​ជាមួយ​ប្រទេស​កម្ពុជា ជា​កិច្ចការ​សំខាន់ និង​មាន​អាទិភាព ដោយសារ​តែ​ប្រទេស​កម្ពុជា និង​អូស្ត្រាលី មាន​ប្រវត្តិ​ទំនាក់ទំនង​យូរអង្វែង និង​មាន​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​” ។

ឯកឧត្តម បាន​បន្ត​ថា លោក​ជំទាវ Penny Wong រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី តែងតែ​ផ្តល់​អាទិភាព និង​យកចិត្តទុកដាក់​ចំពោះ​ទំនាក់ទំនង​ទ្វេភាគី អូស្ត្រាលី​-​កម្ពុជា ដែល​ជា​សមាជិក​សំខាន់ និង​មាន​ឥទ្ធិពល​របស់​អាស៊ាន និង​ទំនាក់ទំនង​ជាមួយ​អាស៊ាន​ផង​ដែរ ដោយសារ​តែ​អូស្ត្រាលី គឺជា​ដៃគូ​សន្ទនា​ដំបូង​គេ​បំផុត​របស់​អាស៊ាន ហើយ​ឆ្នាំ​នេះ គឺជា​ខួប​អនុស្សាវរីយ​លើក​ទី​៥០ នៃ​ទំនាក់ទំនង​ភាព​ជា​ដៃគូ​សន្ទនា អាស៊ាន​-​អូស្ត្រាលី ។

ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​តេ​ជោ បាន​ចាត់​ទុក​វត្តមាន​ដ៏​ឆាប់រហ័ស​របស់​អគ្គរាជទូត​ថ្មី បន្ទាប់​ពី​ឯកអគ្គរាជទូត​ចាស់ បាន​ចប់​អាណត្តិ​នៅ​កម្ពុជា គឺជា​ការ​យកចិត្តទុកដាក់​របស់​រដ្ឋាភិបាល​អូស្ត្រាលី ចំពោះ​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​-​អូស្ត្រាលី ។

សម្ដេច​តេ​ជោ បាន​សម្ដែង​ក្ដី​សង្ឃឹមថា ឯកឧត្តម ឯកអគ្គរាជទូត​ថ្មី នឹង​បន្តការងារ​ក្នុង​អាណត្តិ​របស់​ខ្លួន ដើម្បី​ពង្រឹង និង​ពង្រីក​ថែម​ទៀត នូវ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​វិស័យ នៃ​ប្រទេស​យើង​ទាំង​ពីរ ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

ឯកឧត្តម ថា ប្រទេស​អូស្ត្រាលី មាន​ផលប្រយោជន៍​ជា​ច្រើន ជាមួយ​កម្ពុជា ហើយ​ឯកឧត្តម សន្យា​ថា និង​ជំរុញ​បន្ថែម​ទៀត ដល់​អ្នក​ពាក់ព័ន្ធ​នានា ចូល​មក​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​លើ​គ្រប់​វិស័យ ។

ឯកឧត្តម​បាន​លើក​ឡើង​ថា អូស្ត្រាលី មាន​មោទនភាព ដែល​បាន​ចូលរួម​ជួយ​កម្ពុជា ក្នុង​ការ​ស្វែងរក​សុខ​សន្តិភាព តាម​រយៈ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ដោយ​អូស្ត្រាលី ចាត់​ទុក​កម្ពុជា ជា​ដៃគូ​សំខាន់ និង​ស្ថិត​នៅ​ក្នុង​បេះដូង​របស់​ប្រទេស​អូស្ត្រាលី ។

ឯកឧត្តម​អគ្គរាជទូត ក៏​បាន​កោតសរសើរ​ផង​ដែរ​ថា កម្ពុជា មានការ​រីក​ចម្រើន​លឿន ហើយ​បាន​រំដោះខ្លួន​ពី​ភាព​ក្រីក្រ ដោយ​ឯកឧត្តម សម្លឹង​ឃើញ​ថា កម្ពុជា​មាន​វិស័យ​ជា​ច្រើន ដែល​អូស្ត្រាលី អាច​ធ្វើ​កិច្ច​សហប្រតិបត្តិការ ដើម្បី​អភិវឌ្ឍន៍ ដូចដែល​បាន​ធ្វើ​កន្លង​មក ដូច​ជា​វិស័យសេដ្ឋកិច្ច សុខាភិបាល កសិកម្ម អប់រំ សន្តិសុខ និង​ការពារ​ជាតិ បោសសំអាត​មីន​…​។​ល​។

ឯកឧត្តម ក៏​បាន​រំលឹក​ផង​ដែរ​ថា ឆ្នាំ​នេះ គឺជា​ខួប​ឆ្នាំ​ទី​៣០ នៃ​អាហារូបករណ៍​អូស្ត្រាលី ដែល​អូស្ត្រាលី បាន​ដល់​ជូន​ចំពោះ​កម្ពុជា ហើយ អូស្ត្រាលី បាន​ប្រកាស​ថា និង​បង្កើន​ចំនួន អាហារូបករណ៍ ពី ៤៥​ទៅ ៦២ កន្លែង​ដែល​នឹង​ចាប់ផ្ដើម​វគ្គ​សិក្សា​នៅ​ខែកុម្ភៈ ឆ្នាំ​២០២៥ ខាង​មុខ​។ ឯកឧត្តម បាន​ចាត់​ទុក​ថា កម្ពុជា មាន​ជំនាញ និង​កម្លាំង​ពលកម្ម​ច្រើន ដែល​លើកទឹកចិត្ត​សម្រាប់​ការ​ធ្វើ​វិនិយោគទុន​នៅ​កម្ពុជា ។

ជាមួយ​គ្នា​នោះ ស្ថានទូត ក៏​ធ្លាប់​បាន​ធ្វើការ​ដោះស្រាយ​ជាមួយនឹង​ភាគី​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​នឹង​គ្រឿងញៀន ការ​ជួញដូរ​មនុស្ស ឧក្រិដ្ឋកម្ម​ដែល​មានការ​ចាត់តាំង និង​អន្តោប្រវេសន៍​ខុសច្បាប់ ដោយ​ជួយ​បណ្តុះបណ្តាល​និង​កសាង​សមត្ថភាព​របស់​ភាគី​កម្ពុជា ពិសេស នៅ​ក្នុង​វិស័យ អន្តោប្រវេសន៍ ។

សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី បាន​អរគុណ​ឯកឧត្តម​អគ្គរាជទូត ចំពោះ​សេចក្តីរាយការណ៍​អំពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​អូស្ត្រាលី ។

សម្តេច​តេ​ជោ ពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល នៃ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​អូ​ស្ត្រា​ល​លី​ទាំង​កម្រិត​ទ្វេភាគី កម្រិត​តំបន់ និង​កម្រិត​អាស៊ាន ។

សម្តេច​តេ​ជោ បាន​រំលឹក​ថា ប្រទេស​កម្ពុជា ចង​ចាំ និង​មាន​មនោសញ្ចេតនា​ជ្រាលជ្រៅ​ជាមួយ​ប្រទេស អូស្ត្រាលី ដោយសារ​តែ​អូស្ត្រាលី គឺជា​ប្រទេស​ដែល​ទទួលស្គាល់​ឯករាជ្យ របស់​ព្រះរាជាណាចក្រ​កម្ពុជា មុនគេ​ក្នុង​ឆ្នាំ​១៩៥២ គឺ​មុន​ពេល​កម្ពុជា​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ ទៅ​ទៀត​។ អូស្ត្រាលី ក៏​ជា​ប្រទេស​នាំមុខ​ប្រកាស​មិន​ទទួលស្គាល់​ពួក​ខ្មែរក្រហម ក្នុង​អង្គការសហប្រជាជាតិ​ផង​ដែរ ខណៈ​ប្រទេស​ធំ​ៗ​មួយ​ចំនួន ដែល​អួតអាង​ពី​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធ​មនុស្ស តែ​ទទួលស្គាល់​ពួក​ខ្មែរក្រហម​ទៅ​វិញ​។ រហូត​ដល់​ការ​ស្វែងរក​សន្តិភាព​នៅ​កម្ពុជា ថ្នាក់ដឹកនាំ​អូស្ត្រាលី ក៏​ខិតខំ​ចូលរួម​ចំណែក​សម្របសម្រួល​ជា​ច្រើន​ដំណាក់កាល រហូត​កម្ពុជា​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ទី​ក្រុងប៉ារីស ។

សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី មាន​ប្រសាសន៍​ថា មិន​មាន​ប្រទេស​ច្រើន​ទេ​ក្នុង​ពិភពលោក ដែល​យល់ព្រម​សហការ​ជាមួយ​ប្រទេស​ផ្សេង​តាក់តែង​សៀវភៅ ស ការពារ​ជាតិ ប៉ុន្តែ​ប្រទេស​យើង គឺ​ទុកចិត្ត​គ្នា ។

សម្តេច​តេ​ជោ ក៏​បាន​ថ្លែងអំណរគុណ​អូស្ត្រាលី ដែល​បាន​ជួយ​បង្ហាត់បង្រៀន​ភាសា​អង់គ្លេស ដល់​កងទ័ព​មួក​ខៀវ មុន​ចេញ​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព នៅ​បរទេស​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។

សម្តេច​តេ​ជោ បន្ត​ទៀត​ថា​កន្លង​មក អូស្ត្រាលី ក៏​បាន​ជួយ​កម្ពុជា ក្នុង​វិស័យ​បោសសម្អាត​មីន ដូច្នេះ​សូម​បន្ត​ជួយ​លើ​វិស័យ​នេះ​បន្ថែម​ទៀត ដើម្បី​កម្ពុជា សម្រេច​បាន​គោលដៅ “​កម្ពុជា គ្មាន​មីន ឆ្នាំ​២០២៥” ។

ក្នុង​ឱកាស​នោះ សម្តេច ក៏​បាន​អញ្ជើញ​ភាគី​អូស្ត្រាលី ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្ដី​ពី​ពិភពលោក​មួយ​ដែល​គ្មាន​មីន នៃ​អនុសញ្ញា​ហាម​ការ​ប្រើប្រាស់​មីន​ប្រឆាំង​មនុស្ស (​អនុសញ្ញា​អូ​តា​វ៉ា​) ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ នៅ​ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​នេះ​។ ប្រទេស​កម្ពុជា ដែល​កំពុង​តែ​ខិតខំ​បោសសម្អាត​មីន និង​កាក​សំណល់​មិន​ទាន់​ផ្ទុះ​ពី​សង្គ្រាម ក្នុង​ប្រទេស​ខ្លួនឯង​ផង បាន​និង​កំពុង​ជួយ​បង្ហាត់បង្រៀន​វិធីសាស្ត្រ​បោសសម្អាត​មីន​ដល់​ប្រទេស​ដទៃ​ផង (​ដូច​ជា​កូ​ឡុំ​ប៊ី​, អ៊ុយ​ក្រែ​ន​) និង​បាន​បញ្ជូន​កងទ័ព​ទៅ​ដោះ​មីន នៅ​ប្រទេស​កំពុង​មាន​ជម្លោះ​ផង ប៉ុន្តែ​គឺ​ធ្វើ​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​តែ​ប៉ុណ្ណោះ​។

សម្តេច​តេ​ជោ ប្រមុខរដ្ឋ​ស្តីទី ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​បង្កើន​ចំនួន​អាហា​រូប​ករ​ណ័​ដល់​និស្សិត​កម្ពុជា ពី​ចំនួន ៤៥ មក​៦២​នាក់​។ ក្រៅពី​និស្សិត​ទួល​បាន​អាហារូបករណ៍ ក៏​មាន​និស្សិត​កម្ពុជា​ជា​ច្រើន​ទៀត ក៏​បាន​សម្រេចចិត្ត​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដោយសារ​តែ​អូស្ត្រាលី នៅ​ជិត​ជាង​ប្រទេស​អឺរ៉ុប និង​អា​មេ​រិ​ក​, មានគុណ​ភាព​អប់រំ​ខ្ពស់ និង​មាន​វប្បធម៌​រស់នៅ​ប្រហាក់ប្រហែល​វប្បធម៌​អាស៊ី ដែល​អាណាព្យាបាល​ភាគច្រើន​ពេញចិត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ