ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ក្រុមហ៊ុន​អូស្ត្រាលី ដែល​ចម្រាញ់​រ៉ែ​មាស ក្នុង​ខេត្តមណ្ឌលគិរី កំពុង​ដំណើរការ​ល្អ

2 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​គូសបញ្ជាក់​ប្រាប់​ទូត​អូស្ត្រាលី​ថ្មី​ថា ក្រុមហ៊ុន​អូស្ត្រាលី កំពុង​ចម្រាញ់​រ៉ែ​មាស នៅ​ក្នុង​ខេត្តមណ្ឌលគិរី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​គូសបញ្ជាក់​ប្រាប់​ទូត​អូស្ត្រាលី​ថ្មី​ថា ក្រុមហ៊ុន​អូស្ត្រាលី កំពុង​ចម្រាញ់​រ៉ែ​មាស នៅ​ក្នុង​ខេត្តមណ្ឌលគិរី មានដំណើរ​ការ​ល្អ និង​ស្នើ​អគ្គរាជទូត​ថ្មី ខិតខំ​ជំរុញ​អ្នក​វិនិយោគ​អូស្ត្រាលី មក​បណ្តាក់ទុន​វិនិយោគ នៅ​កម្ពុជា​កាន់តែ​ច្រើន ។

អនុញ្ញាត​ឱ្យ ឯកឧត្ដម ដឺ​រិ​ក យី​ប (Derek Yip) ឯកអគ្គរាជទូត​តែងតាំង​ថ្មី នៃ​ប្រទេស​អូស្ត្រាលី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូល​ជូន​សារតាំង នៅ​វិមាន​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី បាន​លើក​ឡើង​ថា ចំពោះ​វិស័យ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ការ​វិនិយោគ​វិញ អូស្ត្រាលី​បាន​ជួយ​កម្ពុជា​លើ​ការងារ​ជា​ច្រើន ប៉ុន្តែ​ការ​វិនិយោគ​របស់​អូស្ត្រាលី គឺ​មាន​កម្រិត​ទាប​នៅឡើយ ។

សម្តេច​តេ​ជោ ស្នើ​អគ្គរាជទូត​ថ្មី ខិតខំ​ជំរុញ​អ្នក​វិនិយោគ​អូស្ត្រាលី មក​បណ្តាក់ទុន​វិនិយោគ​នៅ​កម្ពុជា ដែល​មាន​វិស័យ​សក្តានុពល​ជា​ច្រើន​។ សព្វ​ថ្ងៃនេះ មាន​ក្រុមហ៊ុន​អូស្ត្រាលី កំពុង​ចម្រាញ់​រ៉ែ​មាស នៅ​ក្នុង​ខេត្តមណ្ឌលគិរី ដែល​កំពុង​មានដំណើរ​ការ​ល្អ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​ប្រាប់​ទៅ​អគ្គរាជទូត​អូស្ត្រាលី ទៅ​ទស្សនា​ក្រុមហ៊ុន​អូស្ត្រាលី នៅ​មណ្ឌលគិរី និង​ទស្សនា​ខេត្ត​-​ក្រុង​កម្ពុជា​ទាំងអស់ ដោយសារ​តែ​ពេល​នេះ​កម្ពុជា​មាន​សន្តិភាព ហើយ​ផ្លូវថ្នល់​ក៏​ល្អ​ប្រសើរ​ជាង​មុន​ឆ្ងាយ​ណាស់ និង​មិន​ត្រូវ​ស្ទាក់ស្ទើរ​ក្នុង​ការ​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី ឬ​អាជ្ញាធរ​កម្ពុជា​ឡើយ ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​នេះ ឱ្យ​បាន​ធំ និង​រឹង​មាំ ដើម្បី​ធ្វើ​ជា​កំណល់​ដល់​ទំនាក់ទំនង​នយោបាយ​ដែល​ធំ និង​រឹង​មាំ​ដូច​គ្នា ។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម ឯកអគ្គរាជទូត​អូស្ត្រាលី ក៏​បាន​រៀបរាប់​ផង​ដែរ​ពី​កិច្ច​សហប្រតិបត្តិការ​នានា ពិសេស​នៅ​ក្នុង​វិស័យ​អភិបាលកិច្ច បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ដើម្បី​ឱ្យ​កម្ពុជា ទទួល​បាន​ជោគជ័យ​ថែម​ទៀត ។

ឯកឧត្តម អគ្គរាជទូត បាន​ប្តេជ្ញា​នឹង​បំពេញបេសកកម្ម​ការទូត ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេច​បាន​នូវ​លទ្ធផល​ផ្លែផ្កា ចូលរួម​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ឱ្យ​កាន់តែ​រីក​ចម្រើន មា​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​កាន់តែ​ប្រសើរ ឱ្យ​ស័ក្តិសម​នឹង​ទំនុកចិត្ត​ដែល​ថ្នាក់ដឹកនាំ​អូស្ត្រាលី ប្រគល់​មក​ឱ្យ ឯកឧត្តម និង​សហការី​ស្ថានទូត​អូស្ត្រាលី​ទាំងអស់ ។

ឯកឧត្តម មាន​បំណង​នឹង​ធ្វើ​កិច្ច​សហប្រតិបត្តិការ នៅ​ក្នុង​វិស័យ អភិបាលកិច្ច ដើម្បី​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​មាន​ទំនុកចិត្ត នៅ​ក្នុង​ការ​ធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ហើយនឹង​ខិតខំ​ធ្វើ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត ខាង​ផ្នែក​សេដ្ឋកិច្ច​ដោយ​ខិតខំ​ប្រឹងប្រែង​យ៉ាងណា ឱ្យ​មានការ​រីក​ចម្រើន​ខាង​វិស័យសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ។ ឯកឧត្តម​សន្យា​ថា ស្ថានទូត និង​ធ្វើការ​ជាមួយ​អ្នក​វិនិយោគ​របស់​អូស្ត្រាលី ដើម្បី​កំណត់​កាលានុវត្តភាព នៅ​ក្នុង​វិស័យ ដែល​មាន​សក្ដានុពល ដើម្បី​ជួយ​កម្ពុជា ឱ្យ​មាន​កំណើនសេដ្ឋកិច្ច​ថែម​ទៀត ។

ឯកឧត្តម ក៏​បាន​រំលឹក​ពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ ក្នុង​វិស័យ​អន្តោប្រវេសន៍ និង​ការ​ពង្រឹង​សន្តិសុខ ដោយ​រំលឹក​ពី​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​កងទ័ព​នានា ដោយ​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ នឹង​មាន​គណៈប្រតិភូ​កងទ័ពជើងទឹក​អូស្ត្រាលី មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ខេត្ត​ព្រះ​សីហ​នុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ