ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ផ្ញើ​សារ​រំលែក​ទុក្ខ​ដល់​គ្រួសារ នៃ​ស​.​ព​មន្ត្រី​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​២ ត្រូវជនសង្ស័យ​ចាក់​ស​ម្លា​.​ប់

4 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤​នេះ…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​យប់​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤​នេះ បាន​ចេញ​សារលិខិត​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយ​លោក នៅ សំបូរ និង​លោកស្រី យ៉ង អិត ព្រមទាំង​ក្រុម​គ្រួសារ ចំពោះ​មរណភាព​របស់​លោក​អនុសេនីយ៍ត្រី សៅ រក្សា មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្នុង​លិខិត​របស់​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មាន​ខ្លឹមសារ​ដូច្នេះ​ថា «​លោក និង​លោកស្រី ជាទី​រាប់អាន​! ខ្ញុំ និង​ក្រុម​គ្រួសារ ព្រមទាំង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ី​វិល មន្ត្រី​ពន្ធនាគារ និង​មន្ត្រី​នគរបាល​ជាតិ នៃ​ក្រសួងមហាផ្ទៃ មាន​សេចក្តី​ក្តុកក្តួល រន្ធត់​តក់ស្លុត និង​សោកស្តាយ​ជា​អនេក ចំពោះ​ដំណឹង​មរណភាព
របស់​លោក​អនុសេនីយ៍ត្រី សៅ រក្សា ជា​មន្ត្រី​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​កេងកង​ទី​២ អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវជា​កូនបង្កើត​របស់​លោក និង​លោកស្រី បាន​ទទួលមរណភាព​នៅ​ថៃ្ង​ព្រហស្បតិ៍ ១០​រោច ខែ​ស្រាពណ៍ ឆ្នាំរោង ឆស័ក ព​.​ស​.២៥៦៨ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦​និង​៣០​នាទី ក្នុង​ជន្មាយុ ២៩​ឆ្នាំ ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​ហិ​.​ង្សា​» ។

ក្នុង​វេលា​ប្រកបដោយ​ទុក្ខ​ព្រួយ​ដ៏​សោកសង្រេង​ជាទី​បំផុត​នេះ ឯកឧត្តម​អភិ​សន្ដិ​បណ្ឌិត ស សុខា សូម​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​នេះ ជាមួយ​លោក និង​លោកស្រី ព្រមទាំង​ក្រុម​គ្រួសារ ដោយ​សេចក្តី​អាឡោះអាល័យ​រក​អ្វី​ប្រៀបផ្ទឹម​ពុំ​បាន ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង នូវ​កូន​ជាទី​ស្រលាញ់​ដ៏​ជ្រាលជ្រៅ​របស់ ឪពុក ម្តាយ និង​ក្រុម​គ្រួសារ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​លោក​អនុសេនីយ៍ត្រី សៅ រក្សា បាន​ទៅ​កាន់​ឋាន​បរមសុខ ក្នុង​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

សូម​ជម្រាប​ថា «​ស្លា​.​ប់​ជនសង្ស័យ​ម្នាក់ ក្រោយ​ចាក់​ស​ម្លា​.​ប់​ប៉ូលិស​បុ​ស្តិ៍​បឹង​កេងកង​២ ដណ្ដើម​កាំភ្លើងខ្លី បា​.​ញ់​មក​លើ​សមត្ថកិច្ច​វិញ​» ជនសង្ស័យ​ម្នាក់​(​ប្រើប្រាស់​គ្រឿងញៀន​) បាន​អុកឡុក​ក្នុងភូមិ និង​យក​កាំបិត​ចាក់​ស​ម្លា​.​ប់​សមត្ថកិច្ច​មួយ​រូប រួច​ដណ្ដើម​យក​កាំភ្លើងខ្លី ១​ដើម របស់​សមត្ថកិច្ច ហើយ​បាញ់​ស្រោច​មក​លើ​កងកម្លាំង​ជា​ច្រើន​គ្រាប់ ទើប​កងកម្លាំង​បាញ់​ការពារ​ខ្លួន បណ្ដាល​ឲ្យ​ជនសង្ស័យ​ស្លា​.​ប់​នៅ​នឹង​កន្លែង ។

ហេតុការណ៍​នេះ កើតឡើង​នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៤ ស្ថិត​នៅ​លើ​ផ្លូវ​៣០៤ សង្កាត់​បឹង​កេងកង​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះជា​មន្ត្រី​នគរបាល ដែល​បាត់​បង់ជីវិត មានឈ្មោះ សៅ រក្សា អាយុ​២៩​ឆ្នាំ ជា​មន្ត្រី​បុ​ស្តិ៍​នគរបាល​បឹង​កេងកង​២ ។

ចំណែកឯ​ជនសង្ស័យ​មានឈ្មោះ ជលា វ័យ​ប្រមាណ​៣០​ឆ្នាំ ធ្លាប់​ចូល​មណ្ឌល​កែប្រែ និង​ធ្លាប់​ជាប់​ពន្ធនាគារ ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​អោយ​ដឹង​ថា ជនសង្ស័យ​(​ជា​មនុស្ស​ប្រើប្រាស់​សារធាតុ​ញៀន​) ហើយ​អុកឡុក​ក្នុងផ្ទះ យក​កាំបិត​គំរាម​ចាក់​ម្តាយ ទើប​ក្រុម​គ្រួសារ ទាក់ទង​សុំ​អន្តរាគមន៍​ពី​សមត្ថកិច្ច​បុ​ស្តិ៍​នគរបាល​បឹង​កេងកង​២ ។ ខណៈ​សមត្ថកិច្ច ដែល​ជា​ជន​រង​គ្រោះ បាន​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​ជនសង្ស័យ បាន​លោត​ទៅ​ចាក់​សមត្ថកិច្ច បណ្ដាល​រង​របួសធ្ងន់ រួច​បាន​យក​កាំភ្លើង​របស់​សមត្ថកិច្ច ដើរ​ស្រែក​ឡូឡា ពេញ​ដងផ្លូវ​។ ភ្លាម​ៗ សមត្ថកិច្ច​បានជា​ច្រើន បាន​ចុះ​មក​អន្តរាគមន៍ ។ បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​បាញ់​តដៃ ស្រោច​ទៅ​លើ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ រហូត​ដល់​សមត្ថកិច្ច​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន ក៏​សម្រេច​បាញ់​បញ្ចប់ជីវិត ជនសង្ស័យ តែ​ម្ដង ។

ប្រភព​ពី​សមត្ថកិច្ច បាន​បញ្ជាក់​ថា ជន​រង​គ្រោះជា​មន្ត្រី​នគរបាល បាន​រង​របួសធ្ងន់ និង​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ