ប្រទេសអាហ្វហ្គានីស្ថាន ៖ រដ្ឋាភិបាលប្រទេសអាហ្វហ្គានីស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់បានប្រកាសហាមមិនឱ្យមានការប្រកួតកីឡាប្រដាល់ក្បាច់គុនចម្រុះ MMA ដោយពួកគេបានអះអាងថា មិនត្រូវគ្នាជាមួយនឹងច្បាប់អ៊ីស្លាម។
ប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីម្នាក់មកពីអាជ្ញាធរកីឡារបស់ក្រុមតាលីបង់ ដោយថ្លែងទៅទូរទស្សន៍ក្នុងស្រុក TOLOnews នៅថ្ងៃអង្គារនេះថា MMA មានហិង្សាខ្លាំងពេក ហើយអាចប្រឈមនឹងការស្លាប់។ ស្របពេលបទបញ្ជាហាមឃាត់នេះ ត្រូវបានអនុម័តដោយប៉ូលិសសីលធម៌ប្រទេសអាហ្វហ្គានីស្ថានក្រោមការដឹកនាំរបស់ក្រុមតាលីបង់ សម្រាប់ផ្សព្វផ្សាយគុណធម៌ និងទប់ស្កាត់រូបភាពហិង្សា។ ការប្រកាសនេះទៀតសោត កើតឡើងបន្ទាប់ពីការស៊ើបអង្កេតលើការអនុលោមតាមច្បាប់កីឡាអ៊ីស្លាម ឬច្បាប់សារីអះ (Sharia)។
អគ្គនាយកដ្ឋានអប់រំកាយ និងកីឡារបស់តាលីបង់ម្នាក់ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅទីភ្នាក់ងារព័ត៌មាន AFP ថា MMA ត្រូវបានគេរកឃើញថាជាកីឡាមានបញ្ហាទាក់ទងនឹងច្បាប់សារីអះ ហើយវាមានទិដ្ឋភាពជាច្រើនដែលផ្ទុយនឹងការបង្រៀនរបស់សាសនាឥស្លាម។ នោះគឺជាមូលហេតុដែលការសម្រេចចិត្តត្រូវបានធ្វើឡើង។
MMA គឺជាកីឡាដ៏ពេញនិយមមួយក្នុងចំណោមយុវវ័យក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយទទួលបានអ្នកគាំទ្រក្នុងស្រុកយ៉ាងខ្លាំងក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ មុនពេលការវិលត្រឡប់មកដឹកនាំប្រទេសអាហ្វហ្គានីស្ថានរបស់ពួកតាលីបង់វិញ នៅឆ្នាំ ២០២១។
សហព័ន្ធ MMA ប្រចាំប្រទេសអាហ្វហ្គានីស្ថានត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៨ ខណៈពេលដែលកម្មវិធីប្រកួត Afghanistan Fighting Championship (AFC) និង Truly Grand Fighting Championship (TGFC) មានការប្រកួតរាប់សិបដង បើទោះបីជាវាហាក់ដូចជាមិនត្រូវបានគេដាក់ឈ្មោះជាក់លាក់ក្នុងក្រឹត្យផ្លូវការក៏ដោយ។ ប៉ុន្តែសហព័ន្ធ MMA អាហ្វហ្គានីស្ថានស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីក្រុមតាលីបង់ចូលដឹកនាំប្រទេស។
ជាក់ស្តែង ការប្រកួតត្រូវបានហាមឃាត់ចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលក្រុមតាលីបង់បានណែនាំច្បាប់ហាមឃាត់ការដាល់មុខគ្នា។ ស្របពេលដែលកីឡាករជាច្រើនក៏បានរាយការណ៍ពីការគំរាមកំហែង និងការយាយីពីមន្ត្រីតាលីបង់។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរតាលីបង់ ពេលខ្លះក៏ហាក់បានបន្ទន់ជំហររបស់ខ្លួនក្នុងឱកាសមួយចំនួនផងដែរ។
តួយ៉ាង នៅឆ្នាំ ២០២២ កីឡាករលំដាប់ប្រទេស អាម៉ាដ វ៉ាលី ហតក់ (Ahmad Wali Hotak) អាចធ្វើសន្និសីទសារព័ត៌មាននៅរដ្ឋធានីកាប៊ុល (Kabul) ដើម្បីប្រកាសពីការប្រកួតដែលរូបគេបានឈ្នះនៅក្នុងប្រទេសរុស្ស៊ី។ នៅពេលត្រឡប់មកដល់ប្រទេសអាហ្វហ្គានីស្ថាន កីឡាកររូបនេះត្រូវបានបណ្តាឥស្សរជនរដ្ឋាភិបាលចាំជួប និងថតរូបផងដែរ។ ប៉ុន្តែគូប្រកួតរបស់កីឡាកររូបនេះភាគច្រើនបានចាកចេញពីអាហ្វហ្គានីស្ថានជាយូរមកហើយ មុនពេលការប្រកាសហាមឃាត់ចុងក្រោយត្រូវបានធ្វើឡើង។
បើទោះបីជាមានប្រជាប្រិយភាពទូទាំងពិភពលោកក៏ពិតមែន ប៉ុន្តែកីឡាប្រដាល់ក្បាច់គុនចម្រុះ MMA មិនទាន់ត្រូវបានគណៈកម្មាធិការអូឡាំពិកអន្តរជាតិទទួលស្គាល់នៅឡើយទេ ដោយសារតែការព្រួយបារម្ភពីសុវត្ថិភាព៕ (ប្រភព ៖ BBC)
ចែករំលែកព័តមាននេះ