ទីក្រុងប៉ារីស ៖ ប៉ារីស ២០២៤ (Paris 2024) នឹងក្លាយជាព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រ ដែលមនុស្សចំនួន៨ពាន់លាននាក់នៅទូទាំងពិភពលោក អាចទស្សនាការប្រកួតប្រជែងដ៏ជក់ចិត្តនៅក្នុងឆ្នាំនេះ។ នេះយោងតាមរបាយការណ៍ចេញផ្សាយដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ IPC ឬ International Paralympic Committee កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិករដូវក្តៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ ២០២៤ បានធ្វើពិធីបើកជាផ្លូវការ កាលពីថ្ងៃទី២៨ ខែសីហា កន្លងទៅ ហើយការប្រកួតនឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែកញ្ញា ដែលជាថ្ងៃពិធីបិទ។ ហើយក្នុងរយៈពេល១២ថ្ងៃនេះ បណ្តាក្រុមហ៊ុនទទួលបានសិទ្ធិផ្សាយផ្ទាល់ជាង២២៥ក្រុមហ៊ុន រួមមាន ការផ្សាយតាមកញ្ចប់ទូរទស្សន៍ ផ្សាយតាមអ៊ីនធឺណិត វេទិកាឌីជីថល បណ្តាញទំនាក់ទំនងសង្គម និងការផ្សាយជាសំឡេងនឹងគ្របដណ្តប់ការប្រកួតទាំងអស់លើ៥៤៩វិញ្ញាសា នៅក្នុងកីឡា២២ប្រភេទផ្សេងគ្នា នៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ ដែលជាចំនួនកំណត់ត្រាមិនធ្លាប់មានពីមុនមក។
អ្នកគាំទ្រនឹងទទួលបានការទស្សនាការប្រកួតដ៏ជក់ចិត្តពេញលេញ និងច្រើនជាងមុន នៃការផ្សាយបន្តផ្ទាល់ច្រើនជាង១,៤៥០ម៉ោង ដែលនឹងត្រូវបានបង្កើតឡើងដោយសេវាកម្មផ្សព្វផ្សាយអូឡាំពិក OBS។ ហើយនេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកីឡាប៉ារ៉ាឡាំពិក ដែលមានការផ្សាយបន្តផ្ទាល់ការប្រកួតកីឡាទាំង ២២ ប្រភេទ ដ្បិតកាលពីព្រឹត្តិការណ៍នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ ២០២០ មានត្រឹម ១៩ប្រភេទកីឡាប៉ុណ្ណោះ។ អ្នកគាំទ្រនឹងទស្សនាផ្សាយបន្តផ្ទាល់ជាលើកដំបូងសម្រាប់កីឡាវាយសី (Badminton) កីឡាលើកទម្ងន់ (Powerlifting) និងកីឡាបាញ់កាំភ្លើង (Shooting)។
ជាផ្នែកមួយនៃគោលបំណងរបស់គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដើម្បីផ្តល់នូវការគ្របដណ្តប់ជាសាកលដ៏ទូលំទូលាយបំផុតដែលអាចធ្វើទៅបាន សម្រាប់កីឡាប៉ារ៉ាឡាំពិក និងភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិតពិតប្រាកដ ដែលត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុនយូធូប (YouTube) និង TikTok ដើម្បីធានាបាននូវការគ្របដណ្តប់ខ្លឹមសារផ្សាយបន្តផ្ទាល់ និងវីដេអូខ្លីៗ។ ហើយជាលទ្ធផល គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ រំពឹងថា Paris 2024 នឹងមានទស្សនិកជនលើសពីចំនួន ៤.១ពាន់លាននាក់ទូទាំងពិភពលោក ដែលបានទស្សនាការប្រកួតកីឡាប៉ារ៉ាឡាំពិក កាលពីឆ្នាំ ២០២០ នៅទីក្រុងតូក្យូ និងឆ្នាំ ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល៕ (ប្រភព ៖ International Paralympic Committee)
ចែករំលែកព័តមាននេះ