សមាជិកថ្មី! ខ្សែការពារ កាន់ ម៉ូ បង្ហាញអារម្មណ៍ និងការតាំងចិត្តជួយក្រុមគោព្រៃកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ខ្សែការពារ កាន់ ម៉ូ ដើមកំណើតអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះដើមថា Khan Mohammed Faeez…
រាជធានីភ្នំពេញ ៖ ខ្សែការពារ កាន់ ម៉ូ ដើមកំណើតអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះដើមថា Khan Mohammed Faeez…
រាជធានីភ្នំពេញ ៖ ខ្សែការពារ កាន់ ម៉ូ ដើមកំណើតអាហ្វ្រិកខាងត្បូង ដែលមានឈ្មោះដើមថា Khan Mohammed Faeez បានបង្ហាញចំណាប់អារម្មណ៍ ក៏ដូចជាតាំងចិត្តធ្វើយ៉ាងណាជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយកឈ្នះស្រីលង្កា សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៧ នៅខែក្រោយនេះ។
ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ បានកោះហៅកីឡាករ ២៤នាក់មកពីក្លិបចំនួន៦ផ្សេងគ្នា ដើម្បីប្រមូលផ្តុំហ្វឹកហាត់ត្រៀមសម្រាប់ការប្រកួតទល់នឹងស្រីលង្កា នៅខែក្រោយ។ មិនត្រឹមប៉ុណ្ណោះទេ កីឡាករចូលសញ្ជាតិខ្មែរ៣រូបជាប់ក្នុងបញ្ជីរបស់គ្រូបង្វឹកជនជាតិអាហ្សង់ទីនផងដែរ ដែលរួមមាន កីឡាករ កាន់ ម៉ូ (Khan Mohammed Faeez) ខ្សែការពារក្រុមវិសាខា កីឡាករ យូឌៃ អូកាវ៉ា (Yudai Ogawa) ដើមកំណើតជប៉ុន ខ្សែបម្រើក្រុមភ្នំពេញក្រោន និងកីឡាករដើមកំណើតជប៉ុនម្នាក់ទៀត មីហ្ស៊ូណូ ហ៊ីការ៉ុ (Hikaru Mizuno) ខ្សែការពារក្រុមព្រះខ័នរាជស្វាយរៀង។
ហ្វឹកហាត់លើកដំបូងក្នុងនាមកីឡាករក្រុមគោព្រៃកម្ពុជា ខ្សែការពារ កាន់ ម៉ូ បានបង្ហាញចំណាប់អារម្មណ៍ និងការតាំងចិត្តជួយក្រុមយកឈ្នះលើស្រីលង្កា ក្នុងកិច្ចសម្ភាសន៍ជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជាយ៉ាងដូច្នេះថា «ពិតជាមាសកិត្តិយស ដែលបានមកទីនេះ ជាមួយនឹងក្រុមកីឡាករ។ ខ្ញុំពិតជាសប្បាយចិត្ត និងចូលចិត្តសម្រាប់ការហ្វឹកហាត់ដំបូងនេះ និងមានក្ដីរីករាយជាមួយអ្នករាល់គ្នា»។
ខ្សែការពារវ័យ៣១ឆ្នាំ ដែលប្រកបអាជីពនៅលីគកម្ពុជា តាំងពីឆ្នាំ ២០១៩ ជាមួយក្លិប Tiffy Army FC មុនផ្លាស់មកចូលរួមជាមួយក្រុមវិសាខា នៅឆ្នាំ ២០២០ រហូតទល់មកបច្ចុប្បន្ន រូបនេះ បានបន្ថែមទៀតថា «សម្រាប់ខ្ញុំគិតថា នឹងជម្រុញខ្លួនឯង កាន់តែខ្លាំងតាមដែលអាចធ្វើទៅបាន ដើម្បីជួយក្រុមជម្រើសជាតិយកឈ្នះស្រីលង្កានៅជើងទី១។ ហើយជាការពិតណាស់ពួកយើងចង់ឈ្នះការប្រកួតឱ្យបានច្រើនតាមដែលអាចធ្វើបាន»។
ក្លិបបាល់ទាត់វិសាខា កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ បានប្រកាសថា កីឡាករ កាន់ ម៉ូ ដើមកំណើតអាហ្វ្រិកខាងត្បូង ទទួលបានសញ្ជាតិខ្មែរ។ ដូច្នេះរូបគេបានក្លាយជាកីឡាករបរទេសទី៤ ដែលទទួលបានសញ្ជាតិខ្មែរ ក្រោយប្រកបអាជីពនៅលីគកម្ពុជាអស់រយៈពេលច្រើនឆ្នាំ បន្ទាប់ពីកីឡាករ យូឌៃ អូកាវ៉ា ដើមកំណើតជប៉ុនរបស់ក្រុមក្រុមភ្នំពេញក្រោន កីឡាករ Privat Mbarga ដើមកំណើតកាមេរូន និងកីឡាករ មីហ្ស៊ូណូ ហ៊ីការ៉ុ ដើមកំណើតជប៉ុនរបស់ក្រុមព្រះខ័នរាជស្វាយរៀង។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះម្ចាស់ផ្ទះស្រីលង្កា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីយប់ នៅឯកីឡដ្ឋាន Racecourse International ស្ថិតនៅក្នុងទីក្រុងកូឡុំបូ សម្រាប់ជើងទី១ និងជើងទី២ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីយប់ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដែលកម្មវិធីប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៧ ជុំទី១៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ចែករំលែកព័តមាននេះ