រឿងរ៉ាវនយោបាយកម្ពុជា ចិន និងអាមេរិក គឺប្រៀបដូចជា ទំនាក់ទំនងត្រីកោណស្នេហាដែលក្រមុំកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ក្នុងការសម្រេចចិត្ត ក្រោមការប្រទាញប្រទង់របស់កម្លោះចិន និងអាមេរិក ។ ប៉ុន្តែក្នុងស្ថានភាពនេះ…
រឿងរ៉ាវនយោបាយកម្ពុជា ចិន និងអាមេរិក គឺប្រៀបដូចជា ទំនាក់ទំនងត្រីកោណស្នេហាដែលក្រមុំកម្ពុជាស្ថិតក្នុងស្ថានភាពដ៏លំបាកមួយ ក្នុងការសម្រេចចិត្ត ក្រោមការប្រទាញប្រទង់របស់កម្លោះចិន និងអាមេរិក ។ ប៉ុន្តែក្នុងស្ថានភាពនេះ កម្ពុជាត្រូវតែរក្សាភាពជាខ្លួនឯងអោយបាន ។ ការសម្រេចចិត្តរបស់កម្ពុជា គឺត្រូវតែធ្វើតាមបេះដូងរបស់ខ្លួន ទន្ទឹមនឹងការរក្សាអោយបានទំនាក់ទំនងល្អទាំងជាមួយចិន និងអាមេរិក ។
ជម្រើសដ៏ល្អបំផុតសម្រាប់កម្ពុជា នៅក្នុងការប្រកួតប្រជែងរបស់ចិន និងអាមេរិក ក្នុងពិភពលោកពោរពេញដោយព្យុះវិបត្តិ គឺត្រូវតែរក្សាអោយបានជំហរច្បាស់លាស់ដែលថា ប្រទេសណាក៏ដោយ គឺសុទ្ធតែមិត្តរបស់កម្ពុជា ដូចដែលអ្វីដែលសម្តេច ធិបតី ហ៊ុន ម៉ាណែត ធ្លាប់មានប្រសាសន៍ ។ ចំណែកប្រទេសមហាអំណាចទាំងពីរ ក៏មិនត្រូវជំរុញអោយកម្ពុជាបោះបង់មិត្តណាមួយរបស់ខ្លួនដែរ ។ នេះ គឺជាការគោរពគ្នានៅក្នុងគោលការណ៍ទំនាក់ទំនងដ៏រឹងមាំមួយ ។
ប្រទេសមហាអំណាច ចិន និង អាមេរិក អាចសំឡឹងមកកម្ពុជា ដើម្បីបង្កើតស្នេហាមួយដែលកម្ពុជាត្រូវតែរើសមួយរូបក្នុងចំណោមកម្លោះពីររូប ។ ប៉ុន្តែកម្ពុជាត្រូវតែដកខ្លួនចេញពីស្នេហាត្រីក្រោណនេះ ហើយមករក្សាមិត្តភាពត្រីកោណ ដែលកម្ពុជាអាចរក្សាមិត្តភាពទាំងជាមួយចិន និងអាមេរិក ។
ទីតាំងភូមិសាស្ត្រនយោបាយ និងទំនាក់ទំនងដ៏ស្អិតរមួតរបស់កម្ពុជាជាមួយនឹងប្រទេសចិន ដែលត្រូវបានកត់សម្គាល់ដោយអ្នកវិភាគជាច្រើននៅលើពិភពលោកបាននាំឱ្យមានការយល់ឃើញថា រាជាណាចក្រនៅអាស៊ីអគ្នេយ៍មួយនេះ កំពុងតែមានគោលនយោបាយការបរទេស ដែលមានខ្នងបង្អែកយ៉ាងរឹងមាំ និងស្ថិតនៅក្នុងគន្លងរបស់ទីក្រុងប៉េកាំង ។ ការផ្តល់ជំនួយផ្នែកសេដ្ឋកិច្ចយ៉ាងទូលំទូលាយរបស់ប្រទេសចិន តាមរូបភាពជាប្រាក់កម្ចីក្តី ជាជំនួយឥតសំណងក្តី ឬក៏ជាជំនួយបច្ចេកទេស និងការវិនិយោគនានា ជាសក្ខីកម្មដែលបានពង្រឹងការយល់ឃើញបែបនេះមែន ។ ដូច្នេះ ចិនក៏ក្លាយជាមិត្តដ៏ល្អរបស់កម្ពុជា ហើយកម្ពុជាត្រូវតែរក្សាទំនាក់ទំនងនេះអោយបានល្អ ។
ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវតែពង្រឹង និងពង្រីកទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធជាមួយប្រទេសដែលមានឥទ្ធិពលផ្សេងទៀតដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រជាជាតិនានាផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កម្ពុជានៅតែរក្សាជំហរនយោបាយការបរទេស ដែលមានអព្យាក្រឹតភាព ឯករាជ្យ និងពហុភាគីនិយម ។
ទំនាក់ទំនងជិតស្និទ្ធរបស់កម្ពុជាជាមួយចិន គឺផ្អែកលើការពិចារណាជាក់ស្តែង ។ ប្រទេសចិន គឺជាអ្នកផ្តល់ជំនួយអភិវឌ្ឍន៍ដ៏ធំបំផុតដល់កម្ពុជា ដោយផ្តល់មូលនិធិដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជាផ្លូវថ្នល់ ស្ពាន និងរោងចក្រវារីអគ្គិសនី ។ លើសពីនេះ ការវិនិយោគរបស់ចិន បានជំរុញកំណើនសេដ្ឋកិច្ច ជាពិសេសក្នុងវិស័យដូចជា អចលនទ្រព្យ ទេសចរណ៍ និងផលិតកម្ម ។ ទោះជាយ៉ាងនេះក្តី ការពឹងផ្អែកផ្នែកសេដ្ឋកិច្ចនេះ បានធ្វើឱ្យមានការព្រួយបារម្ភអំពីការពឹងផ្អែកខ្លាំងពេករបស់កម្ពុជា លើប្រទេសចិន ជាមួយនឹងផលប៉ះពាល់ដែលអាចកើតមានចំពោះស្វ័យភាពនយោបាយរបស់ខ្លួន ។
ដូច្នេះវាមានភាពចាំបាច់ដែលកម្ពុជាត្រូវតែរក្សាភាពជាខ្លួនឯងអោយបាន ហើយការសម្រេចចិត្តណាមួយទាក់ទងនឹងនយោបាយតំបន់ និងពិភពលោក គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវតាមបេះដូងរបស់ខ្លួន ។ កម្ពុជាក៏បានបង្ហាញបំណងចង់បង្កើនទំនាក់ទំនងជាមួយប្រទេសលោកខាងលិច ជាពិសេសសហរដ្ឋអាមេរិកតែប៉ុន្តែជាប់របាំងរឿងសិទ្ធិមនុស្ស និងលក្ខខណ្ឌច្រើនពេក ។ ទោះយ៉ាងណាក៏ដោយ មានឱកាសសម្រាប់កម្ពុជាក្នុងការកសាងទំនុកចិត្តឡើងវិញ ជាមួយសហរដ្ឋអាមេរិក តាមរយៈការបង្កើនការចូលរួមការទូត ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងតំបន់ ។ តាមរយៈការដោះស្រាយកង្វល់អំពីអភិបាលកិច្ច និងសិទ្ធិមនុស្ស កម្ពុជាអាចបង្កើតបរិយាកាសអំណោយផលបន្ថែមទៀតសម្រាប់ការវិនិយោគ និងការគាំទ្ររបស់លោកខាងលិច។
ក្នុងការបន្តគោលនយោបាយការបរទេសប្រកបដោយតុល្យភាព កម្ពុជាអាចទាញការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះទស្សនៈវិស័យនៃចរន្តពហុភាគីនិយម។ ក្នុងនាមជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កម្ពុជាមានអភ័យឯកសិទ្ធិ មួយដើម្បីចូលរួមជាមួយដៃគូចម្រុះក្នុងតំបន់ និងពិភពលោក។ គោលការណ៍កុងសង់ស៊ីស និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់អាស៊ាន ស្របតាមតម្លៃអព្យាក្រឹតភាព និងឯករាជ្យភាពរបស់កម្ពុជាហើយកម្ពុជាចង់បានបំផុត។ តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមរបស់អាស៊ាន កម្ពុជាអាចពង្រឹងជំហររបស់ខ្លួនក្នុងនាមជាតួអង្គអព្យាក្រឹតក្នុងកិច្ចការតំបន់ ។
មកដល់ពេលនេះ គោលនយោបាយការបរទេសរបស់កម្ពុជាកំពុងតែទាមទារឱ្យមានតុល្យភាពល្អរវាងការរក្សាទំនាក់ទំនងរឹងមាំជាមួយប្រទេសចិន និងការបណ្តុះទំនាក់ទំនងជាមួយមហាអំណាចផ្សេងទៀត។ តាមរយៈការធ្វើពិពិធកម្មភាពជាដៃគូបរទេស ការចូលរួមចរន្តការទូតពហុភាគី និងការលើកកម្ពស់ទំនាក់ទំនងវប្បធម៌ និងប្រវត្តិសាស្ត្រ កម្ពុជាអាចកំពុងតែធានាបាននូវអធិបតេយ្យភាពរបស់ខ្លួន ។ វិធីសាស្ត្រប្រកបដោយតុល្យភាពនេះនឹងមិនត្រឹមតែលើកកម្ពស់ជំហររបស់កម្ពុជានៅលើឆាកពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាបាននូវស្ថិរភាព និងវិបុលភាពយូរអង្វែងផងដែរ។ នៅពេលនេះ ការដឹកនាំរបស់ប្រទេសកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ជំនាន់ថ្មីបានបន្តនូវកេរ្តិ៍ដំណែលនយោបាយការបរទេសដដែល ។
នៅក្នុងស្ថានភាពបែបនេះ មធ្យោបាយមួយ ដែលកម្ពុជាបានកំពុងតែស្វែងរកតុល្យភាពទំនាក់ទំនងការបរទេសនេះ គឺតាមរយៈការសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះអាស៊ាន និងការទូតពហុភាគី ។ តាមរយៈការដាក់ខ្លួនជាសមាជិកសកម្មរបស់អាស៊ានកម្ពុជាមានគោលបំណងពង្រឹងឥទ្ធិពលក្នុងតំបន់ និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថិរភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ វិធីសាស្ត្រនេះក៏អនុញ្ញាតឱ្យកម្ពុជាចូលរួមជាមួយសមាជិកអាស៊ានផ្សេងទៀត ដែលមានការព្រួយបារម្ភផ្ទាល់ខ្លួនអំពីឥទ្ធិពលនៃប្រទេសមហាអំណាចនៅក្នុងតំបន់ ។
សេដ្ឋកិច្ចកម្ពុជាបានព្យាយាមធ្វើពិពិធកម្មភាពជាដៃគូពាណិជ្ជកម្ម និងវិនិយោគរបស់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើប្រទេសតែមួយ ។ ខណៈពេលដែលប្រទេសចិន នៅតែជាដៃគូលេចធ្លោរកម្ពុជាបាន និងកំពុងស្វែងរកឱកាស ដើម្បីពង្រីកពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀត រួមទាំង អាមេរិក ប្រទេសនៅអឺរ៉ុប និងផ្នែកផ្សេងទៀតនៃអាស៊ី ។ ការធ្វើពិពិធកម្មនេះជួយកាត់បន្ថយហានិភ័យដែលទាក់ទងនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចដែលមានសក្តានុពលដោយដៃគូលេចធ្លោរ ។
សម្រាប់និន្នការទៅថ្ងៃអនាគត កម្ពុជាគួរតែត្រូវស្វែងរកដំណោះស្រាយឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះដោយប្រុងប្រយ័ត្ន ។ ការរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយទាំងប្រទេសចិន និងសហរដ្ឋអាមេរិក នឹងតម្រូវឱ្យមានការទូតដ៏ប៉ិនប្រសប់ ការប្តេជ្ញាចិត្តចំពោះបទដ្ឋានក្នុងតំបន់ និងអន្តរជាតិ និងការបន្តការសង្កត់ធ្ងន់លើការធ្វើពិពិធកម្មសេដ្ឋកិច្ច ។ តាមរយៈការធ្វើដូច្នេះ កម្ពុជាអាចទទួលបានអត្ថប្រយោជន៍ជាអតិបរមានៃទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសមហាអំណាចទាំងពីរ ខណៈពេលដែលការពារផលប្រយោជន៍ជាតិ និងអធិបតេយ្យភាពរបស់ខ្លួន ៕
ចែករំលែកព័តមាននេះ