ខេត្តស្វាយរៀង ៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ០៤នាក់ (ស្រី២នាក់) ពីបទក្លែងបន្លំឯកសារសាធារណៈប្រព្រឹត្តនៅក្រុងបាវិត ។ ករណីនេះបែកធ្លាយ កាលពីថ្ងៃទី២៦ សីហា ២០២៤ នៅសង្កាត់
បាវិត ក្រុងបាវិត ខណៈជនសង្ស័យយកសំបុត្របញ្ជាក់កំណើតទៅប្រើប្រាស់ ត្រូវសមត្ថកិច្ចចាប់បានដោយផ្នែកខាងលើ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដល់ផ្នែកខាងក្រោម កន្លែងលោកចៅសង្កាត់បញ្ជាក់និងចុះហត្ថលេខានិងត្រា សង្កាត់បាទី ក្រុងបាវិតទៅវិញ ។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះសាន ដឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកក្លែងបន្លំឯកសារសាធារណៈ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ ២-ឈ្មោះហាង ទៀង ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ជាអ្នកប្រើប្រាស់ឯកសារក្លែង (អ្នកប្រគល់ប្រាក់ឲ្យជនសង្ស័យខាងលើ)។
៣-ឈ្មោះសេត សារ៉ង ភេទស្រីអាយុ៣៩ឆ្នាំ នៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ជាអ្នកទទួលប្រាក់។ ៤-ឈ្មោះមាស វិថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាអ្នកទទួលប្រាក់។
សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ក្រោយពីធ្វើការសួរនាំស្ត្រីឈ្មោះ ហាង ទៀង មកទើបបែកធ្លាយឈានទៅបង្ក្រាបជនសង្ស័យចំនួន០៣នាក់ទៀត បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងនៅថ្ងៃទី២៨ សីហា ២០២៤ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ