(អាមេរិក)៖ មនុស្សពីរនាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីសំបកកង់យន្តហោះ Delta បានផ្ទុះ ខណៈពេលកំពុងផ្លាស់ប្តូរនៅឯអាកាសយានដ្ឋានអន្តរជាតិ Hartsfield-Jackson Atlanta ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅកន្លែងថែទាំមួយនៅជិតចំណតអាកាសយានដ្ឋានអន្តរជាតិ នៅម៉ោង៥ព្រឹក ថ្ងៃទី២៧ ខែសីហា (ម៉ោងក្នុងតំបន់) ។

សាក្សីបាននិយាយថា មានសំឡេងផ្ទុះខ្លាំងពេលកើតហេតុ។ ក្រុមមន្ត្រីបាននិយាយថា យន្តហោះ ប្រភេទ Boeing 757-232 ដែលមានអាយុ ៣១ឆ្នាំ ត្រូវបានចុះចតក្រោយបញ្ចប់ការហោះហើរពី Las Vegas កាលពីយប់ថ្ងៃអាទិត្យ។

ឧបទ្ទវហេតុនេះមិនត្រឹមតែធ្វើឱ្យសហគមន៍បុគ្គលិកអាកាសចរណ៍មានការភ្ញាក់ផ្អើលប៉ុណ្ណោះទេ ថែមទាំងបានបង្កើនការព្រួយបារម្ភអំពីសុវត្ថិភាពនៃការហោះហើរផងដែរ នៅពេលដែលកាលពីប៉ុន្មានខែមុន Delta Boeing មួយគ្រឿងទៀតបានបាត់បង់កង់ខាងមុខខណៈកំពុងរៀបចំហោះចេញពីអាកាសយានដ្ឋានដូចគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines បានសម្តែងការរំលែកទុក្ខយ៉ាងក្រៀមក្រំរបស់ខ្លួនថា «Delta មានការសោកស្ដាយចំពោះការបាត់បង់សមាជិកក្រុមពីរនាក់បន្ទាប់ពីឧប្បត្តិហេតុកាលពីព្រឹកមិញនៅឯកន្លែងថែទាំបច្ចេកទេស Atlanta ។ យើងនឹងគាំទ្រនឹងនៅជាមួយក្រុមគ្រួសាររបស់ពួកគេក្នុងអំឡុងពេលដ៏លំបាកនេះ។ហើយ Delta កោតសរសើរចំពោះជំនួយដ៏រហ័សរបស់អ្នកជួយសង្គ្រោះ និងក្រុមគ្រូពេទ្យនៅកន្លែងកើតហេតុ»។

អភិបាលក្រុង Atlanta លោក Andre Dickens ក៏បានបញ្ជាក់អំពីឧបទ្ទវហេតុនេះ និងបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។

ចំពោះជើងហោះហើរទៅ និងមកពីអាកាសយានដ្ឋានមិនរងផលប៉ះពាល់ដោយសោកនាដកម្មនេះទេ។ Delta ប្តេជ្ញាសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការស៊ើបអង្កេតដើម្បីកំណត់មូលហេតុនៃការផ្ទុះសំបកកង់៕ ប្រភព៖dailymail

ចែករំលែកព័តមាននេះ