តើជំងឺអុតស្វា បង្កដោយមេរោគ Mpox ការអាចធ្វើបាបកម្ពុជាទាំងលើវិស័យសុខភាព សេដ្ឋកិច្ច និងវិស័យទេសចរណ៍កម្ពុជា អោយរងទុក្ខខ្លាំងដូចកូវីដ១៩ ដែរឬទេ? នេះជាសំនួរដែលយើង ត្រូវចាប់ផ្តើមគិត…
តើជំងឺអុតស្វា បង្កដោយមេរោគ Mpox ការអាចធ្វើបាបកម្ពុជាទាំងលើវិស័យសុខភាព សេដ្ឋកិច្ច និងវិស័យទេសចរណ៍កម្ពុជា អោយរងទុក្ខខ្លាំងដូចកូវីដ១៩ ដែរឬទេ? នេះជាសំនួរដែលយើង ត្រូវចាប់ផ្តើមគិត ហើយចាត់វិធានការអោយបានសមស្រប ដើម្បីកុំអោយជំងឺនេះឆ្លងច្រើននៅកម្ពុជា និងធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាជន សេដ្ឋកិច្ច និងវិស័ទេសចរណ៍ ។
លក្ខណ:ចម្លងរបស់មេរោគនេះ គឺអាចកើតមានតាមរយ:ការប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានមេរោគ ដូចជា ឆ្លងតាមស្បែក ឆ្លងតាមការថើបមាត់ ឬក៏តាមការជជែកជិតគ្នាផងដែរ ឬក៏ប៉ះពាល់របស់របរមានមេរោគ ។ ប៉ុន្តែវាទំនងជានឹងមិនសាហា.វខ្លាំងដូចការឆ្លងមេរោគកូវីដ១៩ទេ ។ ទោះបីជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក បានដាក់វាជាស្ថានភាពកង្វល់សុខភាពសាធារណ:ជាសាកលហើយ ។
នៅប្រទេសថៃ មានការអំពាវនាវសមាគមសណ្ឋាគារថៃអោយមានវិធានការត្រួតពិនិត្យយ៉ាងតឹងរឹង ដើម្បីគ្រប់គ្រងការរីករាលដាលនៃមេរោគ Mpox ដែលបណ្តាលឲ្យកើតជំងឺអុតស្វា ក្នុងចំណោមអ្នកទេសចរចូលក្នុងប្រទេសរបស់ខ្លួនដោយបានបញ្ជាក់ពីភាពងាយរងគ្រោះនៃឧស្សាហកម្មទេសចរណ៍ចំពោះវិបត្តិសុខភាព ខណៈដែលនិន្នាការទេសចរណ៍កម្ពុជា និងថៃមានទំនាក់ទំនងនឹងគ្នាស្អិតរមួត ។
ការស្នើសុំឲ្យមានអន្តរាគមន៍យ៉ាងសកម្មលើការរីករាលដាលនៃមេរោគនេះ គឺជាការដាស់តឿនដល់ប្រទេសជិតខាងដូចជា កម្ពុជាយើង ដែលមិនត្រឹមតែចែករំលែកភាពជិតខាងភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏មានទំនាក់ទំនងពាណិជ្ជកម្ម និងទេសចរណ៍ដ៏សំខាន់ជាមួយប្រទេសថៃផងដែរ ។ ដូច្នេះ ការរីករាលដាលនៃមេរោគ Mpox ប្រសិនបើខ្វះសុភវិនិច្ឆ័យ និងវិធានការសមស្រប អាចមានផលវិបាកធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ដែលជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់យើង ។
កម្ពុជាគួរតែមានវិធានការយ៉ាងម៉ឺងម៉ាត់ និងសម្របសម្រួល ដើម្បីការពារសុខភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ។ ការអនុវត្តពិធីសារពិនិត្យយ៉ាងម៉ត់ចត់ នៅចំណុចច្រកចេញចូល ជាពិសេសនៅអាកាសយានដ្ឋាន និងច្រកព្រំដែនដែលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល បានរំលឹកគួរតែជាអាទិភាពមួយ ដែលគួរតែយកចិត្តទុកដាក់ ។
ជាងនេះទៅទៀត ការសហការជាមួយអង្គការសុខភាពពិភពលោក ដើម្បីធានាថា វិធានការពិនិត្យរបស់កម្ពុជា ស្របតាមស្តង់ដារពិភពលោកនឹងមានសារៈសំខាន់ក្នុងការរក្សាភាពជឿជាក់ និងប្រសិទ្ធភាពក៏ជារឿងដែលត្រូវតែពង្រឹងផងដែរ ។
ពាក់ព័ន្ធនឹងជំងឺនេះ នាយកដ្ឋានជំនាញនេះបានប្រកាសថា រហូតដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤, នាយកដ្ឋានមិនទាន់រកឃើញករណីជំងឺអុតស្វា បណ្តាលមកពីមេរោគ ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡើយទេ ប៉ុន្តែនាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែន ចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។
ប្រភពដដែលបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់ពេលនេះ នាយកដ្ឋានធ្លាប់បានរកឃើញជំងឺអ៊ុតស្វា ប្រភេទចាស់ (Clade 2) ចំនួន២០ករណី និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បើយទាំងអស់ ។ នេះគឺជាអ្វីដែលជំនាញនៅក្រសួងសុខាភិបាលបានលើកឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈអំពីជំងឺនេះ នៅតែចាំបាច់ផងដែរ។ យើងធ្លាប់ជោគជ័យ និងទទួលបានការគាំទ្រនៅក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដូច្នេះការប្រយុទ្ធនឹងជំងឺអុតស្វានេះ ប្រហែលជាមិនពិបាកពេកនោះដែរ តែត្រូវតែធ្វើតាមរយៈការជំរុញបរិយាកាសនៃតម្លាភាព និងការប្រុងប្រយ័ត្ន ។
ការដែលយើងជោគជ័យនៅក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ យើងទទួលបានការវាយតម្លៃដ៏វិជ្ជមានមួយ ហើយបើកម្ពុជាយើងអាចធានាដល់ភ្ញៀវទេសចរដែលមានសក្តានុពលថាប្រទេសយើងនេះ មានសុវត្ថិភាពក្នុងការធ្វើដំណើរនោះយើងនឹងអាចកាត់បន្ថយហានិភ័យនៃការធ្លាក់ចុះនៃវិស័យទេសចរណ៍ជាថ្មី ។
ចំណុចសំខាន់មួយដែរនោះ គឺយើងក៏មិនត្រូវមោទនៈភាពជ្រុលដែរដូច្នេះកម្ពុជាមិនគួរធ្វើសកម្មភាពដោយឯកោទេ ។ កិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសជាមួយប្រជាជាតិអាស៊ាន និងស្ថាប័នពាក់ព័ន្ធជាពិសេស គឺអង្គការសុខភាពពិភពលោក គឺមានសារៈសំខាន់ក្នុងការបង្កើតរណសិរ្សរួបរួមប្រឆាំងនឹងមេរោគ Mpox ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នា ក្នុងការចែករំលែកព័ត៌មាន ការបែងចែកធនធាន និងការឆ្លើយតបដោយសំរបសំរួលនឹងពង្រឹងការការពាររួមរបស់តំបន់ប្រឆាំងនឹងជំងឺនេះ ។
មកដល់ពេលបច្ចុប្បន្ននេះក្រៅពីថៃ វៀតណាម ក៏បានកំពុងតែពង្រឹងវិធានការសុវត្ថិភាពដើម្បីទប់ទល់នឹងជំងឺនេះផងដែរ ស្របពេលដែលអង្គការសុខភាពពិភពលោកបានប្រកាសពីភាពចាំបាច់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃមេរោគនេះ កម្រិតសាកលហើយកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤កន្លងទៅ ។ អង្គការសុខភាពពិភពលោកបានអះអាងថា ជំងឺអុតស្វាបានឆ្លងរីករាលដាលប្រមាណជា៩៩.០០០ករណី នៅក្នុងប្រទេស១១៨ ដោយសម្លា.ប់មនុស្ស ២០៨ នាក់ ចាប់តាំងពីឆ្នាំ២០២២មក ។
សរុបមក ការចូលរួមយ៉ាងសកម្មរបស់កម្ពុជាក្នុងការពិនិត្យ និងបង្ការ គួបផ្សំនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិពិតមានសារៈសំខាន់ណាស់ ក្នុងការការពារនៃការរីករាលដាលនៃជំងឺនេះនៅក្នុងប្រទេស ។ ក្រៅពីជំងឺយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋក៏គួរតែលើកកម្ពស់ការប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យវិបត្តិជាន់លើវិបត្តិមកលើសេដ្ឋកិច្ច និងឧស្សាហកម្មទេសចរណ៍រដែលកំពុងតែរើបៗឡើងវិញនោះ ៕
ចែករំលែកព័តមាននេះ