ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​គន្លង​អា​មេ​រិ​ក និង EU! កា​ណា​ដា​ប្រកាស​ដាក់​ពន្ធ ១០០% លើ​ឡាន​អគ្គិសនី​ចិន

2 អាទិត្យ មុន

ប្រទេស​កា​ណា​ដា ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ប្រទេស​កា​ណា​ដា​បាន​ប្រកាស​នឹង​ដាក់​ពន្ធ ១០០%…

ប្រទេស​កា​ណា​ដា ៖ យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា ប្រទេស​កា​ណា​ដា​បាន​ប្រកាស​នឹង​ដាក់​ពន្ធ ១០០% លើ​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​ផលិត​ដោយ​ប្រទេស​ចិន បន្ទាប់​ពី​មានការ​ប្រកាស​ស្រ​ដៀង​គ្នា ដោយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប (EU)​។ ហើយ​ប្រទេស​នៅ​អា​មេ​រិ​ក​ខាងជើង​មួយ​នេះ ក៏​គ្រោង​នឹង​ដាក់​ពន្ធ ២៥% លើ​ការ​នាំ​ចូល​ដែក និង​អាលុយមីញ៉ូម​របស់​ចិន​ផង​ដែរ​។

ប្រទេស​កា​ណា​ដា និង​សម្ព័ន្ធមិត្ត​លោក​ខាងលិច បាន​ចោទប្រកាន់​រដ្ឋាភិបាល​ចិន​លើ​ការ​ឧបត្ថម្ភ​ធន​នៅ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ដោយ​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន នូវ​អត្ថប្រយោជន៍​លើស​ដែន​កំណត់ និង​មិន​យុត្តិធម៌​។ ខណៈ​ប្រទេស​ចិន​បាន​ហៅ​ការ​ចោត​ប្រកាន់ និង​ចំណាត់ការ​ប្រទេស​លោក​ខាងលិច និង​សម្ព័ន្ធមិត្ត​ពួក​គេ​ថា ការ​ការពារ​ពាណិជ្ជកម្ម ដែល​បំពាន​ច្បាប់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) នាយក​រដ្ឋមន្ត្រី​កា​ណា​ដា បាន​ថ្លែង​ថា «​យើង​កំពុង​ផ្លាស់​ប្តូរ​វិស័យ​យានយន្ត​របស់​ប្រទេស​កា​ណា​ដា ឱ្យ​ក្លាយជា​ប្រទេស​នាំមុខ​គេ​លើ​ពិភពលោក ក្នុង​ការ​កសាង​យានយន្ត​នៅ​ថ្ងៃស្អែក ប៉ុន្តែ​តួអង្គ​ដូច​ជា ប្រទេស​ចិន​បាន​ជ្រើសរើស​យក​ការ​ផ្តល់​ផលប្រយោជន៍​មិន​យុត្តិធម៌​នៅ​ក្នុង​ទីផ្សារ​ពិភពលោក​»​។

កាតព្វកិច្ច​ពន្ធ​របស់​ប្រទេស​កា​ណា​ដា​លើ​រថយន្ត​អគ្គិសនី​ចិន នឹង​ចូល​ជា​ធរមាន​ចាប់ពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៤ តទៅ ខណៈ​ពន្ធ​លើ​ដែក និង​អាលុយមីញ៉ូម នឹង​ត្រូវ​បាន​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១៥ ខែតុលា តទៅ​។ សេចក្តីថ្លែងការណ៍​ពី​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កា​ណា​ដា​បានឱ្យ​ដឹង​ថា «​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​នៃ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ចិន គឺជា​លទ្ធផល​នៃ​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​យ៉ាង​ជាប់លាប់ ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ឧស្សាហកម្ម និង​ការ​ផ្គត់ផ្គង់​ដែល​បាន​បង្កើត​ឡើង​ល្អ និង​ការ​ប្រកួតប្រជែង​ទីផ្សារ​ពេញលេញ​។ ហើយ​ភាព​ប្រកួតប្រជែង​ទទួល​បាន​តាម​រយៈ​ការ​ប្រើប្រាស់​គុណសម្បត្តិ និង​អនុវត្ត​តាម​គោលការណ៍​ទីផ្សារ ជា​ជាង​ពឹងផ្អែក​លើ​ការ​ឧបត្ថម្ភ​ធន​របស់​រដ្ឋាភិបាល​»​។

ប្រទេស​ចិន​គឺជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ទី​២​របស់​ប្រទេស​កា​ណា​ដា ដោយនៅ​ពីក្រោយ​សហរដ្ឋ​អាមេរិក​។ កាលពី​ខែឧសភា​កន្លង​ទៅ សហរដ្ឋអាមេរិក​បាន​ប្រកាស​នឹង​ដំឡើង​ពន្ធ​៤​ដង​លើ​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​របស់​ចិន​រហូត​ដល់ ១០០% ។ ហើយ​ក្រោយមក សហភាព​អឺរ៉ុប​ដើរ​តាម​គន្លង​សហរដ្ឋអាមេរិក ដោយ​បាន​ប្រកាស​ពី​ផែនការ​ដាក់​ពន្ធ​លើ​រថយន្ត​អគ្គិសនី​ចិន រហូត​ដល់ ៣៦,៣%​។ ចំណាត់ការ​ពន្ធ​ប្រទេស​កា​ណា​ដា​លើ​រថយន្ត​អគ្គិសនី​ចិន ក៏​នឹង​រួម​បញ្ចូល​ទាំង​រថយន្ត​របស់​ក្រុមហ៊ុន​សហរដ្ឋអាមេរិក Tesla ដែល​ផលិត​នៅ​រោងចក្រ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ផង​ដែរ​។

កាលពីដើម​ខែសីហា​នេះ សហភាព​អឺរ៉ុប​បាន​សម្រេច​កាត់​បន្ថយពន្ធ​លើ​ផែនការ​របស់​ខ្លួន លើ​រថយន្ត​ក្រុមហ៊ុន Teslas ដែល​ផលិត​នៅ​ប្រទេស​ចិន​ជាង​ពាក់កណ្តាល បន្ទាប់​ពី​ការ​ស៊ើបអង្កេត ដែល​បាន​ស្នើ​សុំ​ដោយ​ក្រុមហ៊ុន​របស់​លោក Elon Musk ផ្ទាល់​តែ​ម្តង​។

ប្រទេស​ចិន គឺជា​ផ្ទះ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ដ៏​ធំ​បំផុត​របស់​ពិភពលោក ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ប្រទេស​សេដ្ឋកិច្ច​ធំ​ទី​២​ពិភពលោក​មួយ​នេះ ទទួល​បាន​ចំណែក​យ៉ាង​សំខាន់ និង​ឆាប់រហ័ស​បំផុត នៃ​ទីផ្សារ​ពិភពលោក​។

តាម​ពិត​រថយន្ត​អគ្គ​សិ​នី​ចិន មិនសូវ​ពេញ​និយម​នៅ​ក្នុង​ប្រទេស​កា​ណា​ដា​ឡើយ ប៉ុន្តែ​មួយ​ចំនួន​ដូច​ជា ក្រុមហ៊ុន BYD បាន​ពង្រីក​ដែន​របស់​ខ្លួន ដើម្បី​ចូល​ក្នុង​ទីផ្សារ​របស់​ប្រទេស​កា​ណា​ដា​។

ទន្ទឹម​នឹង​នេះ ប្រទេស​កា​ណា​ដា​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មាន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ៗ​នៅ​អឺរ៉ុប នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ប្រទេស​នេះ ដើម្បី​ក្លាយជា​ផ្នែក​សំខាន់​នៃ​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​ពិភពលោក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ