ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ កម្ពុជាគម្រោងនឹងធ្វើច្បាប់ដាក់ក្រុមមនុស្ស ឬអង្គការចាត់តាំងមួយចំនួនទៅជាក្រុមភេរវកម្ម

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​បានឱ្យ​ដឹង​ថា កម្ពុជា​គម្រោង​ធ្វើ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់តាំង មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធសភា​បានឱ្យ​ដឹង​ថា កម្ពុជា​គម្រោង​ធ្វើ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់តាំង មួយ​ចំនួន ទៅ​ជា​ក្រុម​ភេរវកម្ម នា​ពេល​ខាង​មុខ​នេះ ។

ថ្លែង​នា​ឱកាស​អញ្ជើញ​ទទួល​សញ្ញាបត្រ​បណ្ឌិត​កិត្តិយស «​ភាព​ជា​អ្នកដឹកនាំ និង​ការ​កសាង​សន្តិភាព​» ពី​សាកលវិទ្យាល័យ​ដុ​ង​ហ្គុ​ក​វ៉ា​យស៍ (Dongguk University WISE) សាធារណរដ្ឋ​កូរ៉េ នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​កំពុង​ពិចារណា​លើ​បញ្ហា​នេះ​យ៉ាង​ហ្មត់ចត់​បំផុត​ព្រោះថា​«​អ្នក​ប៉ុនប៉ង​បំផ្លាញ​សុខ​សន្ដិភាព នៅ​តែ​មាននៅ​ឡើយ​» ។

សម្ដេច​តេ​ជោ ប្រធាន​ព្រឹទ្ធសភា បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖ «​ខ្ញុំ​គួរតែ​ត្រូវ​បាន​និយាយ​នៅ​ទី​នេះ​ថា ប្រហែលជា​កម្ពុជា​មានការ​ចាំបាច់​រៀបចំ​នូវ​ច្បាប់​ដាក់​ក្រុម​មនុស្ស ឬ​អង្គការ​ចាត់តាំង​ខ្លះទៅ​ជា​ក្រុម​ភេរវកម្ម​នៅ​ពេល​ខាង​មុខ ។ យើង​កំពុង​តែ​ពិចារណា​ទៅ​លើ​បញ្ហា​នេះ​ព្រោះថា អ្នក​ប៉ុនប៉ង​បំផ្លាញ​នូវ​សន្ដិភាព​របស់​យើង​ក៏​នៅ​តែ​មាននៅ​ឡើយ​» ។

នា​ឱកាស​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ចែករំលែក​បទ​ពិសោធន៍​ផង​ដែរ​ថា «​មូលដ្ឋាន​ជ័យជម្នះ​៧​មក​រា បាន​នាំ​មក​ជូន​ប្រជាជន​វិញ​នូវ​សិទ្ធិ​សេរីភាព​គ្រប់យ៉ាង​ដែល​ត្រូវ​បាត់បង់​ទាំងស្រុង ក្នុង​របប​ប៉ុ​ល ពត ជា​ពិសេស​សិទ្ធិ​នៃ​ការ​មានជីវិត​រស់នៅ​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាជន ។ ការ​ផ្សះផ្សា​បង្រួបបង្រួម​ជាតិ​រហូត​សម្រេច​បាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​១៩៩១» ។

ជាមួយ​គ្នា​នោះ​ដែរ អតីត​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​បាន​បញ្ចប់សង្គ្រាម​ដ៏​រ៉ាំរ៉ៃ បង្កើត​បាន​សន្តិភាព និង​ឯកភាព​ជាតិ​ពេញលេញ និង​ឯកភាព​ទឹកដី​ទាំងស្រុង​ចាប់ពី​ចុងឆ្នាំ​១៩៩៨ មក​តាម​រយៈ​ការ​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ដែរ​ថា ការ​ស្តារ និង​កសាង​សង្គម​សេដ្ឋកិច្ច ពី​ស្ថានភាព​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​ដល់​ឫសគល់​ឱ្យ​រស់​ឡើង​វិញ និង​មាន​ស្ថិរភាព​ជា​ជំហាន​ៗ​រហូត​ឈាន​មក​ដល់​ដំណាក់កាល​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ប្រកបដោយ​ចីរភាព និង​សមធម៌​ធ្វើ​ឱ្យ​សង្គម​ជាតិ មានការ​ផ្លាស់​ប្តូរ​មុខមាត់​ដែល​ពុំ​អាច​គិតស្មាន ។

សម្តេច​តេ​ជោ ក៏​បាន​គូសបញ្ជាក់​បន្ថែម​ថា «​ប្រទេស​ជាតិ​មួយ​ត្រូវ​តែ​ជា​ម្ចាស់​ការ​លើ​ប្រទេស​របស់​ខ្លួន​លើ​ជោគវាសនា​របស់​ខ្លួនឯង សន្តិភាព​មិន​អាច​រក្សា​បាន​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ