វិបត្តិទឹកជំនន់ នៅខេត្តឈៀងរ៉ៃ ស្វាគមន៍នាយករដ្ឋមន្ត្រីស្រី និងគណរដ្ឋមន្ត្រីថៃថ្មី
ថៃ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ ទី៣១ បានដឹកនាំក្បាលម៉ាស៊ីន រដ្ឋាភិបាលថ្មីរបស់ខ្លួនទៅបន់ស្រន់ នៅវិមានរដ្ឋាភិបាល…
ថៃ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ ទី៣១ បានដឹកនាំក្បាលម៉ាស៊ីន រដ្ឋាភិបាលថ្មីរបស់ខ្លួនទៅបន់ស្រន់ នៅវិមានរដ្ឋាភិបាល…
ថៃ ៖ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីថៃ ទី៣១ បានដឹកនាំក្បាលម៉ាស៊ីន រដ្ឋាភិបាលថ្មីរបស់ខ្លួនទៅបន់ស្រន់ នៅវិមានរដ្ឋាភិបាល មុននឹងចាប់ផ្តើមបេសកកម្មថ្ងៃដំបូងទៅកាន់ខេត្តឈៀងរ៉ៃ បន្ទាប់ពីលោកស្រី Paethongtarn Shinawatra បានបញ្ចប់សេចក្តីថ្លែងការណ៍ គោលនយោបាយនៅក្នុងសភា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដោយប្រកាសទុកមុនថា ក្រោយទទួលបានអំណាចពេញដៃ ក្នុងនាមនាយករដ្ឋមន្ត្រី លោកស្រី នឹងទទួលបន្ទុកដោះស្រាយបញ្ហាទឹកជំនន់ នៅខេត្តភាគជើង ដោយចុះផ្ទាល់ទៅកាន់តំបន់រងគ្រោះ ។
យោងតាមសារព័ត៌មានថៃ TNN បានបង្ហាញរូបភាពជាច្រើនសន្លឹក ដែលលោកស្រី Paethongtarn Shinawatra អមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូប បាននាំយកកម្រងផ្កាទៅដាក់ថ្វាយ នៅតាមទីសក្ការៈបូជា និងវត្ថុស័ក្តិសិទ្ធិនានា នៅក្នុងវិមានរដ្ឋាភិបាលថៃ ដើម្បីបួងសួងសូមសេចក្តីសុខសប្បាយ មុនពេលចេញទៅបំពេញបេសកកម្មការងារដែលនៅថ្ងៃនេះ នាយករដ្ឋមន្ត្រីស្រីវ័យក្មេង គ្រោងនឹងធ្វើដំណើរទៅកាន់តំបន់ ដែលលិចលង់ ដោយទឹកជំនន់ធ្ងន់ធ្ងរបំផុតនៅខេត្តឈៀងរ៉ៃ ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងផ្តល់ជំនួយដល់ប្រជាពលរដ្ឋរងគ្រោះ ។
កាលពីថ្ងៃទី១២ កញ្ញា នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ លោកស្រី Paetongtarn បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធ ត្រូវដោះស្រាយជាបន្ទាន់ នូវបញ្ហាទឹកជំនន់នៅភាគខាងជើងនៃប្រទេសថៃ ដើម្បីកាត់បន្ថយផលប៉ះពាល់ប្រកបដោយប្រសិទ្ធភាព និងធានាឱ្យមានកិច្ចសហការជាប្រព័ន្ធ ដើម្បីជួយជនរងគ្រោះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ។
ក្នុងនោះ លោកស្រី Paetongtarn បានបញ្ជាឱ្យ ៖ ក្រសួងមហាផ្ទៃ ជាពិសេសនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ទទួលខុសត្រូវលើការរៀបចំទីជម្រក និងតម្រូវការមូលដ្ឋានដូចជា អាហារ ទឹក ថ្នាំ និងសម្លៀកបំពាក់ទៅដល់ជនរងគ្រោះ ។ ក្រសួងការពារជាតិត្រូវរៀបចំយន្តហោះ ទូក និងឧទ្ធម្ភាគចក្រ ដើម្បីពន្លឿនជំនួយដល់ជនរងគ្រោះដោយទឹកជំនន់ និងសហការជាមួយក្រសួងដឹកជញ្ជូន ដើម្បីជួសជុលផ្លូវ និងស្ពាន ដើម្បីសម្រួលដល់ការជម្លៀស ។ ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន ទទួលបន្ទុកជួសជុលទំនប់ និងទ្វារទឹក ដើម្បីកាត់បន្ថយផលប៉ះពាល់ទឹកជំនន់ ។
គួរកត់សម្គាល់ថា មុនពេលដែលលោកស្រី Paethongtarn Shinawatra ធ្វើដំណើរទៅដល់ គិតត្រឹមព្រឹកម៉ោង១០ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានភាពទឹកជំនន់នៅខេត្តឈៀងរ៉ៃ មានភាពប្រសើរឡើងបន្តិចក្តី ប៉ុន្តែវានៅតែប៉ះពាល់ដល់ប្រជាពលរដ្ឋ ជាពិសេសតំបន់ទំនាបជាច្រើន នៅតែជន់លិច ដោយសារទឹកពីទន្លេនានា នៅតែបន្តហូរចូលតំបន់នោះ ។
ប្រភពពីសារព័ត៌មានថៃ PSB បានឱ្យដឹងថា ទោះបីជាតំបន់ខ្លះ ក្នុងស្រុក Muang កម្រិតទឹកបានស្រកចុះក៏ពិតមែន ប៉ុន្តែនៅឯស្រុក Mae Sai តំបន់ជាច្រើនកម្រិតទឹក នៅតែខ្ពស់ ប្រជាពលរដ្ឋថៃជាច្រើនរយនាក់កំពុងបន្តរង់ចាំជំនួយសង្គ្រោះ ខណៈចំនួនអ្នកស្លា.ប់បានកើនឡើងជាបន្តបន្ទាប់ ដោយសារទឹកជំនន់ និងការបាក់ដី ។
អ្នកស្រុកក្នុងតំបន់រងគ្រោះខ្លាំងដែលកំពុងសម្រាកក្នុងតង់បានអះអាងថា កម្ពស់ទឹកជំនន់នៅព្រឹកនេះបានស្រកជាង១ម៉ែត្រហើយ ប៉ុន្តែនៅតែជន់លិចសហគមន៍នៅឡើយ ដែលពួកគាត់មិនទាន់អាចត្រឡប់ទៅផ្ទះបានឡើយ ហើយផ្ទះសម្បែង និងរបស់របរស្ទើរតែទាំងអស់ត្រូវបានខូចខាត ។ ខណៈពេលដែលផ្លូវទៅកាន់ស្រុក Mae Sai ឥឡូវនេះអាចឆ្លងកាត់បានត្រឹមតែស្ពាន Nong Dan ប៉ុណ្ណោះ ស្ពានផ្សេងទៀត ដែលជាផ្លូវសំខាន់នៅតែលិចលង់ ។
តាមគម្រោងក្នុងដំណើរទៅកាន់ខេត្តឈៀងរ៉ៃ នៅពេលព្រឹក លោកស្រី Paethongtarn នឹងទៅដល់ស្រុក Mae Sai ហើយនៅពេលរសៀលនឹងបន្តធ្វើដំណើរទៅកាន់ស្រុក Muang ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរងគ្រោះ ។ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកញ្ញា ផ្ទះអ្នកស្រុកចំនួន៣៦,១៩៩ គ្រួសារ នៅក្នុងស្រុកចំនួន២៤ នៃខេត្តចំនួន៧ នៅតំបន់ភាគខាងជើង និងកណ្តាល ប្រទេសថៃ នៅតែរងការលិចលង់ដោយទឹកជំនន់ខ្លាំង ។
នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានបញ្ជាក់នៅក្នុងរបាយការណ៍បច្ចុប្បន្នភាពចុងក្រោយ នៅម៉ោង១០និង៤៥ព្រឹក ថ្ងៃព្រហស្បតិ៍ ដោយបង្ហាញថា មានភូមិចំនួន៥៤៥ ក្នុងស្រុកចំនួន២៤ ក្នុងខេត្ត ឈៀងរ៉ៃ, ឈៀងម៉ៃ, តាក, សុខោទ័យ, ពិស្នុលោក, អាងថង និងអយុធ្យា ត្រូវបានជន់លិចនៅឡើយ ។
គួររំលឹកថា ទឹកជំនន់ទូទាំងប្រទេសថៃ បានកើតឡើងចាប់តាំងពីថ្ងៃទី១៦ ខែសីហា ហើយគិតមកទល់ពេលនេះ ប្រជាពលរដ្ឋថៃសរុប 106,467 គ្រួសារនៅក្នុងភូមិចំនួន 2,975 ក្នុងស្រុកចំនួន 125 នៃខេត្តចំនួន 27 ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់ ។ ចាប់តាំងពីពេលនោះមក មនុស្សចំនួន ៣៣ នាក់បានស្លាប់ដោយសារលង់ទឹក ឬការបាក់ដី និង២៤ នាក់បានរងរបួស។ ទោះយ៉ាងណាក៏ដោយ ទឹកជំនន់បានធូរស្រាលខ្លះៗនៅក្នុងខេត្តភាគច្រើន ។
លោក Chaiwat Chuntirapong ប្រធាននាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ និយាយថា ស្ថានភាពនៅក្នុងខេត្តចំនួនប្រាំពីរ ដែលនៅសេសសល់បានកាន់តែអាក្រក់ទៅៗ ដោយសារតែឥទ្ធិពលនៃព្យុះ Yagi នៅក្នុងប្រទេសវៀតណាម និងទឹកជំនន់ដែលហូរចុះពីប្រទេសមីយ៉ាន់៕
ចែករំលែកព័តមាននេះ