រាជធានីភ្នំពេញ ៖ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកំពុងតែធ្លាក់ចុះការប្រកបមុខរបររកស៊ីរបស់ប្រជាពលរដ្ឋមួយចំនួន មានការលំបាកយ៉ាប់យឺន ជាទីបំផុត ហើយមុខរបរខ្លះបានខាតបង់ឡុងចុងក្ស័យធនឈានទៅបិតទ្វារ និងមុខបរខ្លះទៀតខំត្រដរស់ទាំងលំបាក ។
ដោយឡែក មុខរបរដឹកបន្លែលក់ទៅតាមភូមិ និងនៅមុខរោងចក្រនានា ដែលជាមុខរបរចាំបាច់ហាក់ដូចជា កាក់កបគួរសមដែលក្នុងមួយថ្ងៃ អាចរកចំណូលបានប្រមាណជាង១០ម៉ឺនរៀលក៏មានដែរ ។ ទោះបីជាយ៉ាងណា មានអាជីវករលក់បន្លែខ្លះក៏បានត្អូញត្អែរចំពោះការលក់ដូរ នៅក្នុងស្ថានភាពដ៏លំបាកមួយនេះ ។
លោក ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅម្តុំផ្សារជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ដែលជាអាជីវករលក់បន្លែតាមរ៉ឺម៉ក បានឱ្យកោះសន្តិភាពដឹងថា រយៈពេលប្រមាណជិត១០ឆ្នាំមកហើយ គាត់តែងតែដឹកបន្លែតាមរ៉ឺម៉កម៉ូតូលក់ ដែលក្នុង១ថ្ងៃ អាចរកចំណូលបាន ថ្ងៃខ្លះបានប្រមាណ៨ម៉ឺន ទៅជាង១០ម៉ឺនរៀល ដោយមិនដែលខាតនោះទេ ទោះលក់មិនសូវដាច់ក៏ទុកលក់ថ្ងៃស្អែកបន្តទៀត ។
អាជីវករលក់បន្លែរូបនោះបានឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃគាត់តែងតែភ្ញាក់ពីព្រឹកព្រលឹម (ម៉ោង៣ទៅម៉ោង៤) ទៅទិញបន្លែចម្រុះពីកន្លែងបោះដុំនៅម្ដុំផ្សារជម្ពូវ័ន ដោយនៅក្នុងមួយព្រឹកមួយរ៉ឺម៉ក អស់ប្រមាណ៤០ម៉ឺនរៀល ហើយគាត់បានបើកដើរលក់នៅតាមភូមិអោយម៉ូយទិញជាប្រចាំ និងតាមរោងចក្រនានានៅក្នុងមូលដ្ឋានសង្កាត់កាកាបទី២ និងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រហូតម៉ោងប្រមាណ៨ទៅ៩យប់ ទើបចូលផ្ទះពេលនៅសល់ក៏បានយកមកប្រោះទឹក និងគ្របទុកលក់ថ្ងៃស្អែកទៀត ។
លោក ពៅ ក៏បានបញ្ជាក់អោយដឹងថា ការប្រកបមុខរបរដោយដឹកបន្លែលក់តាមរ៉ឺម៉កនេះ មានការលំបាកខ្លាំងណាស់ និងអត់ងងុយទាមទារអោយមានតស៊ូ អត់ធ្មត់ ជួនកាលម៉ូតូរ៉ឺម៉កខូចតាមផ្លូវ តែគ្មានជម្រើស ព្រោះគាត់គ្មានចំណេះ ជំនាញអ្វី ។ ម្យ៉ាងទៀតមុខរបរនេះ វាក៏អាចរកចំណូលបានគួរសម ក្នុង១ថ្ងៃផាត់ចំណាយអាចចំណញបានប្រមាណ៨ម៉ឺន ទៅជាង១០ម៉ីនរៀល ។
អាជីវកររូបនោះបានអោយដឹងទៀតថា បន្លែដែលគាត់ទិញយកមកលក់នោះភាគច្រើនជាបន្លែដាំក្នុងស្រុក រួមមានៈ ត្រឡាច ននោង ត្រសក់ ម្រះ ត្រពាំង ត្រកួន ស្ពៃចង្កឹះ ស្ពៃក្តោប ដើមខាតណា ទ្រព្យ ល្ពៅជាដើម ។ នៅរដូវវស្សានេះបន្លែក្នុងស្រុកទាំងនោះឡើងថ្លៃបន្តិចលក់ ចេញ១គីឡូក្រាមថ្លៃ៣ទៅ៤ពាន់រៀល ព្រោះទឹកទន្លេបានជន់លិច ៕
ចែករំលែកព័តមាននេះ