រាជធានីភ្នំពេញ ៖ មន្ត្រីអ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកចុះឈ្មោះជាង ២,០០០នាក់ហើយ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តភាគឦសាន ដោយឥតគិតថ្លៃ ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ថា ៖ “មានប្រជាពលរដ្ឋកម្ពុជា ច្រើនឡើង មកពីគ្រប់មជ្ឈដ្ឋាន បានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានរបស់ខ្លួនងាយៗ ដើម្បីចូលរួមក្នុងដំណើរទស្សនកិច្ចទៅកាន់បណ្តាខេត្តស្ថិតនៅតាមបណ្តោយក្រវាត់ព្រំដែន ប៉ែកឦសាន នៃប្រទេសកម្ពុជា ដោយឥតគិតថ្លៃ ហើយមកទល់ពេលនេះ មានអ្នកចុះឈ្មោះ សរុបចំនួនជាង ២ពាន់នាក់ហើយ ដោយរាប់គិតចាប់តាំងពីការ បើកការចុះឈ្មោះដំបូងមក” ។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបន្ថែមថា ៖ “ក្រុមអ្នករៀបចំ បានកំណត់រួចហើយនូវ ចំនួនអ្នកត្រូវទៅចូលរួម ទាំង ២០០នាក់ សម្រាប់ទស្សនកិច្ច លើកទី២ នាថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ក្នុងក្របខណ្ឌ នៃការរៀបចំដំណើរទស្សនកិច្ចរយៈពេល១ថ្ងៃ ក្នុងតម្រាយផ្លូវ ចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី រួចវិលត្រលប់មក រាជធានីភ្នំពេញវិញ នៅថ្ងៃដដែល។ បញ្ជីឈ្មោះប្រជាពលរដ្ឋទាំង២០០នាក់ ដែលត្រូវធ្វើទស្សន កិច្ចនៅថ្ងៃទី១៤ ខែកញ្ញា ខាងមុខនេះ ត្រូវក្រុមអ្នករៀបចំផ្សព្វផ្សាយរួចហើយ ដើម្បីផ្តល់ព័ត៌មាន និងសម្របសម្រួលការត្រៀមរៀបចំខ្លួនសម្រាប់ដំណើរទស្សនកិច្ចនេះ” ។
អ្នកនាំពាក្យ បានលើកឡើងថា ដោយឡែកការចុះឈ្មោះសម្រាប់កម្មវិធីទស្សនកិច្ច ថ្ងៃទី២១ និងទី២៨ ខែកញ្ញា ក៏បានប្រព្រឹត្តទៅយ៉ាងរលូន និងជាហូរហែ ដោយមានប្រជាពល រដ្ឋបានចុះឈ្មោះចំនួនជាង ៨០០នាក់ហើយ សម្រាប់ថ្ងៃទាំងពីរនេះ។ សន្ទុះ នៃការចុះ ឈ្មោះចូលរួម ដ៏ច្រើនកុះករបន្ថែមទៀតនាពេលនេះ គឺដោយសារមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីសកម្មភាពនានា នៃទស្សនកិច្ចលើកទី១ ដែលបានប្រព្រឹត្តទៅប្រកប ដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ និងយុវជនទាំងអស់ដែលបានចូលរួម ក្រោយពួកគេទទួលបាននូវបទពិសោធន៍ដ៏ល្អពីដំណើរទស្សនកិច្ចប្រភេទនេះ ។
អ្នកនាំពាក្យដដែលបានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាចំណុចដែលពិសេសនោះ គឺការបង្ហាញ នូវសក្ខីកម្មរបស់ប្រជាពលរដ្ឋដោយប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ស្តីពីភាពពិត និងស្ថានភាពជាក់ស្តែងពាក់ព័ន្ធនឹងការគ្រប់គ្រងព្រំដែន ការការពារអធិតេយ្យភាពជាតិ និងបូរណភាពទឹកដីដោយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាពីភាពរីកចម្រើនជាក់ស្តែង យ៉ាងច្រើនខាងផ្នែកសង្គម-សេដ្ឋកិច្ច ទាំងការអភិវឌ្ឍផ្នែកជីវភាពរស់នៅ និងសុខសុវត្ថិ ភាពក្នុងសហគមន៍មូលដ្ឋាន ព្រមទាំងការរីកចម្រើនខាងវិ ស័យហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងតំបន់ក្រវាត់ព្រំដែន ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី ផងដែរ ។
លើសពីនេះ ដំណើរទស្សនកិច្ចពលរដ្ឋនេះ បានក្លាយជាទឡ្ហីករណ៍រស់ដ៏សំខាន់ បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិ បាលកម្ពុជាក្នុងការ បន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តធានាសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់ ។
លោក ទេព អស្នារិទ្ធ ក៏បានលើកឡើងទៀតថា ដំណើរទស្សនកិច្ចនេះ ក៏បានបង្កើតនូវរូបភាពវិជ្ជមានមួយបន្ថែមទៀត សម្រាប់ជាតិកម្ពុជាទាំងមូល និងដើម្បីបង្ហាញដល់សកលលោកឱ្យបានដឹងថា កម្ពុជាមានសាមគ្គីភាពរឹងមាំ ជាធ្លុងមួយ ក្នុងភាពជាម្ចាស់ប្រទេស ដោយមិនអនុញ្ញាតឱ្យបាត់បង់ទឹកដី សូម្បី១មីលីម៉ែត្រ សោះឡើយ ហើយប្រជាជនកម្ពុជា នឹងបន្តរួមកម្លាំងសាមគ្គី គ្នាដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងសកម្មភាពអភិវឌ្ឍនានា ព្រមទាំងចូលរួមប្រឆាំងព័ត៌ មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយម ក្រៅច្បាប់មួយក្តាប់តូច ដើម្បីរួមចំណែកថែរក្សាស្ថិរភាពក្នុងសង្គម និងចូលរួមក្នុងសកម្មភាពដើម្បីកំណើនសេដ្ឋកិច្ច ។
សូមរំលឹកជូនផងដែរថា ទស្សនកិច្ចនេះ ជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយថវិកាផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ព្រមទាំងសប្បុរសជន ដោយមិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ ៕
ចែករំលែកព័តមាននេះ