ប្រទេសកូរ៉េខាងជើង ៖ រូបថតសែលហ្វីបង្ហាញស្នាមញញឹម បន្ទាប់ពីឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ កំពុងតែលងបន្លាចអត្តពលិកមកពីប្រទេសកូរ៉េខាងជើង។ ជាក់ស្តែង ប្រភពពីសារព័ត៌មាន The Telegraph របស់ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះបានរាយការណ៍ថា ម្ចាស់មេដាយប្រាក់កីឡាវាយកូនឃ្លីលើតុកូរ៉េខាងជើង កីឡាការិនី Kim Kum-yong និងកីឡាករ Ri Jong-sik ត្រូវបានរាយការណ៍ថា អាចប្រឈមមុខនឹងទណ្ឌកម្មពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចំពោះការថតរូបសែលហ្វី (Selfie) ជាមួយនឹងអត្តពលិកកូរ៉េខាងត្បូង។
អត្តពលិកកីឡាវាយកូនឃ្លីលើតុកូរ៉េខាងជើង កីឡាការិនី Kim Kum-yong និងកីឡាករ Ri Jong-sik បង្ហាញស្នាមញញឹមក្នុងការថតរូបសែលហ្វីជាមួយអត្តពលិកម្ចាស់មេដាយសំរឹទ្ធមកពីប្រទេសកូរ៉េខាងត្បូង ដែលជាប្រទេសគូសត្រូវរបស់កូរ៉េខាងជើង ដែលបានថតរួមគ្នាជាមួយនឹងអត្តពលិមេដាយមាសមកពីប្រទេសចិន នៅវេទិកាប្រារព្ធពិធីបំពាក់មេដាយជូនអត្តពលិកជ័យជម្នះ។ ហើយរូបភាពសែលហ្វីអត្តពលិកមកពីប្រទេសទាំង ៣ ល្បីល្បាញ និងទាក់ទាញខ្លាំងបំផុតប្រចាំព្រឹត្តិការណ៍កីឡាអូឡាំពិកនៅឆ្នាំនេះផងដែរ។
ប្រភពពីសារព័ត៌មាន The Telegraph បានរបាយការណ៍ថា អត្តពលិកកូរ៉េខាងជើងទាំងពីររូប កំពុងស្ថិតក្រោមការវាយតម្លៃមនោគមវិជ្ជារបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង សម្រាប់ស្នាមញញឹមជាមួយអត្តពលិកបរទេស ជាពិសេសអត្តពលិកមកពីប្រទេសគូសត្រូវ។ យ៉ាងណាក៏ដោយ ទំហំនៃការដាក់ទណ្ឌកម្មមិនត្រូវបានបង្ហាញឱ្យដឹងនោះទេ។
ប្រភពដដែលបានបន្តទៀតថា អត្តពលិកកូរ៉េខាងជើងទាំងអស់ ត្រូវបានព្រមានមិនឱ្យធ្វើអន្តរកម្មជាមួយអត្តពលិកបរទេសនៅឯកីឡាអូឡាំពិក ជាពិសេសអ្នកដែលមកពីកូរ៉េខាងត្បូង។ អត្តពលិកទាំងអស់មកពីប្រទេសកូរ៉េខាងជើង ដែលគ្រប់គ្រងដោយមេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) កំពុងស្ថិតក្រោមដំណើរការបោសសម្អាត ដើម្បីដោះស្រាយ ការប៉ះពាល់ដែលត្រូវបានហៅថា ការចម្លងមេរោគបរទេស គឺជាឥទ្ធិពលនៃវប្បធម៌មិនសង្គមនិយម ដែលក្រសួងកីឡារបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង អនុវត្តក្នុងទម្រង់នៃការវាយតម្លៃមនោគមវិជ្ជា៣ដំណាក់កាល៕ (ប្រភព ៖ The Telegraph និង Mashable)
ចែករំលែកព័តមាននេះ