ចក្រភពអង់គ្លេស ៖ ពិភពបាល់ទាត់កំពុងបង្ហាញសារចូលរួមរំលែកទុក្ខ បន្ទាប់ពីលោក Sven-Göran Eriksson អតីតគ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស បានទទួលមរណភាព កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ នៅក្នុងជន្មាយុ៧៦ឆ្នាំ។
តាមប្រភពពីសារព័ត៌មាន CNN បានរាយការណ៍ថា លោក Sven-Göran Eriksson បានទទួលមរណភាព បន្ទាប់ពីតស៊ូជាមួយនឹងជំងឺមហារីកលំពែងយូរឆ្នាំមកហើយ។ លោកបានស្លាប់នៅផ្ទះរបស់លោកក្នុងប្រទេសស៊ុយអែត ដោយមានក្រុមគ្រួសារនៅជាមួយ។ ប្រភពដដែលបន្តថា កាលពីដើមឆ្នាំនេះ លោក Eriksson ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកដំណាក់កាលចុងក្រោយ ហើយមានពេលប្រហែល១ឆ្នាំប៉ុណ្ណោះ សម្រាប់ជីវិតចុងក្រោយ។ ប្រភពស្និទ្ធនឹងគ្រួសារលោក Eriksson បានប្រាប់ CNN ថា លោកមានជំងឺមហារីកលំពែង។
សហព័ន្ធបាល់ទាត់អង់គ្លេស បណ្តាអត្តពលិក បុគ្គលល្បីឈ្មោះ ជាពិសេសអត្តពលិកបាល់ទាត់ល្បីៗនៅទូទាំងពិភពលោកជាច្រើននាក់ បាននាំគ្នាបង្ហោះសាររំលែកទុក្ខ ចំពោះការបាត់បង់លោក Eriksson ដែលជាបុគ្គលឆ្នើម១រូប និងពោរពេញដោយបទពិសោធន៍នៅក្នុងពិភពបាល់ទាត់។
គួរបញ្ជាក់ថា លោក Sven-Göran Eriksson ក្លាយខ្លួនជាកីឡាករបាល់ទាត់អាជីពនៅឆ្នាំ ១៩៦៤ ក្នុងតំណែងខ្សែការពារស្លាបស្តាំ ដោយបានប្រកបអាជីពជាមួយក្លិបនៅប្រទេសកំណើតរួមមាន Torsby, Sifhalla និង Karlskoga រហូតដល់ឆ្នាំ ១៩៧៣។
លោកបានចាប់ផ្តើមអាជីពជាគ្រូបង្វឹកនៅក្នុងឆ្នាំ ១៩៩៧ រហូតដល់ឆ្នាំ ២០១៩ ដោយបានដឹកនាំទាំងក្លិប រួមទាំងក្រុមជម្រើសជាតិអង់គ្លេស ម៉ិកស៊ិក កូដឌីវ័រ និងហ្វីលីពីន។ លោកបានដឹកនាំក្លិបអាជីពនៅប្រទេសរួមមាន ស៊ុយអែត ព័រទុយហ្គាល់ អ៊ីតាលី ចក្រភពអង់គ្លេស និងប្រទេសចិន ហើយក្លិបអាជីពធំៗដែលលោកធ្លាប់ដឹកនាំរួមមាន Benfica, Roma, Fiorentina, Sampdoria, Lazio, Manchester City និង Leicester City។
ការឈ្នះរង្វាន់ដ៏ច្រើននៅក្នុងអាជីពជាគ្រូបង្វឹករបស់លោក គឺបានមកពីការដឹកនាំក្លិបអាជីព ដោយក្នុងរួមមានទាំង Primeira Liga របស់ប្រទេសព័រទុយហ្គាល់ Serie A របស់ប្រទេសអ៊ីតាលី និង UEFA Super Cup ផងដែរ។ លោកដឹកនាំអង់គ្លេសលេងពានរង្វាន់ World Cup ចំនួន២លើក នៅឆ្នាំ ២០០២ និង ២០០៦ និងពានរង្វាន់ Euro នៅឆ្នាំ ២០០៤ ប៉ុន្តែពុំទទួលជោគជ័យ។
ទោះយ៉ាងណា ក៏ជាបទពិសោធន៍ដ៏ធំក្នុងអាជីពលោក ដែលដឹកក្រុមជម្រើសជាតិលំដាប់ពិភពលោក លេងនៅក្នុងពានរង្វាន់លំដាប់ពិភពលោក ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ