ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំឡេង​ស្នេហា​ជាតិ​ដូច​ជា លាន់​រំពង​ជាង​សកម្មភាព​ពិត ដើម្បី​រួមចំណែក​ធ្វើ​អោយ​ប្រទេស​ជាតិ​ឆ្ពោះទៅ​មុខ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម ការ​អភិវឌ្ឍ និង​ស្នាមញញឹម​របស់​ប្រជាជន​ដែល​ចេញពី​ការ​រស់នៅ​ដោយ​រីករាយ​ក្នុង​សង្គម ។ មនុស្ស​ម្នាក់​ៗ​បាន​អួត បាន​បញ្ចេញយោបល់​ស្នេហា​ជាតិ​យ៉ាង​ខ្លាំងក្លា ។ នេះ​ជា​គំនិតល្អ…

សំឡេង​ស្នេហា​ជាតិ​ដូច​ជា លាន់​រំពង​ជាង​សកម្មភាព​ពិត ដើម្បី​រួមចំណែក​ធ្វើ​អោយ​ប្រទេស​ជាតិ​ឆ្ពោះទៅ​មុខ​ពោរពេញ​ដោយ​ក្តី​សង្ឃឹម ការ​អភិវឌ្ឍ និង​ស្នាមញញឹម​របស់​ប្រជាជន​ដែល​ចេញពី​ការ​រស់នៅ​ដោយ​រីករាយ​ក្នុង​សង្គម ។

មនុស្ស​ម្នាក់​ៗ​បាន​អួត បាន​បញ្ចេញយោបល់​ស្នេហា​ជាតិ​យ៉ាង​ខ្លាំងក្លា ។ នេះ​ជា​គំនិតល្អ ប៉ុន្តែ​គំនិតល្អ ដែល​មិន​មានការ​អនុវត្ត​ជាក់ស្តែង​វា​នឹង​មិន​ក្លាយជា​សមិទ្ធផល​នោះ​ឡើយ ។ ការ​កែប្រែ​ប្រទេស​ជាតិ​មួយ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង គឺជា​គោលដៅ​ដ៏​ខ្ពង់ខ្ពស់​ដែល​មនុស្ស​ជា​ច្រើន​ស្រមៃ​ចង់បាន ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ មាន​បុគ្គល​តិចតួច​ប៉ុណ្ណោះ​ដែល​សម្រេច​បាន ។

មនុស្ស​គិតតែ​នាំ​គ្នា​បញ្ចេញ​វោហា​សាស្ត្រ មហិច្ឆតា​ដ៏​សម្បើម ដើម្បី​អោយ​មានការ​ក្រែ​ប្រែ​ប្រទេស ។ ប៉ុន្តែ​ការ​ផ្លាស់​ប្តូរ​សង្គម គឺ​មិនមែន​ងាយស្រួល នៅ​ក្នុង​ការ​ប្រតិបត្តិ​ដោយ​គ្រាន់តែ​ធ្វើ​តាម​ពាក្យ​សម្តី​ដែល​ខ្លួន​ស្រែក ឬ​និយាយ ឬ​សរសេរ​នៅ​ក្នុង​សំ​ណេ​រ​ប៉ប៉ាច់​ប៉​បោច​នោះ​ឡើយ ។ ការ​ផ្លាស់​ប្តូរ ឬ​ការ​កែប្រែ​សង្គម​មួយ គឺ​ជាម​ហិ​ច្ឆិ​តា​ដែល​មាន​ចេតនា​ច្បាស់លាស់​មាន​គោលដៅ​កំណត់​មាន​យុទ្ធសាស្ត្រ មាន​ផែនការ​មាន​យុទ្ធវិធី​មាន​សេណា​រី​យូ ហើយ​គ្រប់​គ្នា​ធ្វើ​អោយ​ដូច​និយាយ ។ រឿង​មួយ​ដែល​ច្បាស់​ល្អ​នោះ គឺ​យើង​ទាំងអស់​គ្នា​មិន​អាច​កែប្រែ​ប្រទេស​បាន​ទេ បើសិនជា​យើង​ចេះ​តែ​និយាយ ហើយ​មិន​ព្រម​ចូលរួម​ធ្វើ​សកម្មភាព​ជាក់ស្តែង ។ ក្នុង​ន័យ​នេះ ការ​កែ​ប្រទេស​អាច​កើត​មាន​ចេញពី​ការ​កែប្រែ​នៅ​ក្នុង​ចំណោម​ប្រជាជន​ម្នាក់ ។ នៅ​ពេល​ដែល​ប្រជាជន​ម្នាក់​ៗ​ក្លាយជា​មនុស្ស​ខ្លាំង​ចំណេះ ខ្លាំង​ធ្វើការ និង​ឆន្ទៈ​មោះមុត​នោះ​ប្រទេស​ទាំងមូល​នឹង​កែប្រែ​ជា​ស្វ័យប្រវត្តិ ។

ដូច្នេះ ការ​ចង់​ធ្វើការ​កែប្រែ​អ្វីមួយ​មិន​ថា ទម្លាប់ ឬ​ក៏​បែបបទ​សង្គម ឬ​ទស្សនៈ​ឬ​មនោ​គម​វិជ្ជា​បាន​ជោគជ័យ ដាច់ខាត គឺ​ត្រូវ​តែ​ផ្លាស់​ប្តូរ ឬ​កែប្រែ​ខ្លួនឯង​ជា​មុន​សិន ។ ការ​កែប្រែ​ខ្លួនឯង គឺជា​ការ​បង្ហាញ​នូវ​សក្ខីកម្ម​នៃ​សកម្មភាព និង​សេចក្តី​ព្យាយាម​ដែល​មាន​រូបភាព​ពិតប្រាកដ និង​ជាក់ស្តែង ។ សក្ខីកម្ម​នៃ​ការ​ផ្លាស់​ប្តូរ ឬ​ក៏​កែប្រែ​ខ្លួនឯង​នេះ​វា​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​ការ​ទទួលខុសត្រូវ​ផ្ទាល់ខ្លួន​វិន័យ​ចំពោះ​ខ្លួនឯង និង​អំណាច​នៃ​គំរូ​ក្នុង​ការ​ជំរុញ​វឌ្ឍនភាព​ជាតិ​ចេញពី​ទស្សនៈ និង​ការ​ផ្តួចផ្តើម​របស់​យើង​ផ្ទាល់ ។

ដើម្បី​អាច​កែប្រែ​សង្គម​មួយ​បាន ដាច់ខាត​គួរ​ត្រូវ​តែ​បញ្ជ្រាប​គោលបំណង​នោះ ទៅ​ក្នុង​ស្រទាប់​មហាជន ហើយ​ត្រូវ​តែ​ធ្វើ​យ៉ាងណា​ឲ្យ​គោលដៅ​នោះ​ចាក់​ឬ​ស​នៅ​ក្នុង​ការ​យល់​ដឹង​សង្គម​ឲ្យ​កាន់តែ​ជ្រៅ ។ ប៉ុន្តែ​យើង​ត្រូវ​តែ​ដឹង​ថា សង្គម​មិនមែន​ជា​អង្គ​សមាសភាព​អរូបី​ទេ ។ សង្គម គឺជា​អន្តរ​សមូហភាព​នៃ​បុគ្គល​ម្នាក់​ៗ​ដោយ​ម្នាក់​ៗ​មាន​ជំនឿ អាកប្បកិរិយា និង​តម្លៃ​រៀង​ៗ​ខ្លួន ដូច្នេះ​ហើយ​ឥរិយា​បទ វិបុលភាព និង​សីលធម៌​របស់​ប្រទេស​មួយ ត្រូវ​បាន​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ចរិតលក្ខណៈ​របស់​ប្រជាជន ។

ឧទាហរណ៍​ប្រសិនបើ​យើង​ចង់​លើកកម្ពស់​គុណភាព​នៃ​ការ​អប់រំ​នៅ​ក្នុងស្រុក មិនមែន​យើង​អង្គុយ​និយាយ​តែ​មាត់​នៅ​លើ​បណ្តាញ​សង្គម ឬ​នៅ​តាម​តុ​កាហ្វេ ។ ឪពុក​ម្តាយ​មាន​ភារកិច្ច​បញ្ជូន​កូន​ទៅ​រៀន ដើម្បី​អោយ​មានចំណេះ​ដឹង ហើយ​ទន្ទឹម​នោះ​ត្រូវ​ជួយ​កូន​ក្នុង​ការ​រៀនសូត្រ​នៅផ្ទះ ដោយ​មិន​ចាំតែ​បន្ទោស​សាលា ឬ​ប្រព័ន្ធ​អប់រំ នៅ​ពេល​កូន​រៀន​ខ្សោយ​នោះ​ឡើយ ។

រឿង​នយោបាយ​ខ្លះ​ក៏​ដូច្នេះ​ដែរ អ្នកខ្លះ​ពូកែ​តែ​ទ្រឹស្តី ពេល​ខ្លួន​នៅ​ក្រៅប្រទេស​ដែល​សំណាញ់​ច្បាប់​កម្ពុជា​មិន​អាច​ទៅ​ដល់ ហើយ​រុញ​ឲ្យ​អ្នក​ដទៃ​ធ្វើ​ជំនួស​រង​គ្រោះ​ជំនួស​នោះ ។ ការ​ផ្លាស់​ប្តូរ ឬ​កែប្រែ​សង្គម គឺ​អ្វី​ៗ​ចេញពី​ខ្លួន​យើង ប៉ុន្តែ​នៅ​ពេល​ដែល​ខ្លួន​យើង​បាន​ត្រឹមតែ​ចង់​ហើយ​អង្គុយ​និយាយ​អំពី​បញ្ហា តែ​ខ្លួន​យើង​មិន​អនុវត្ត​តាម​បញ្ហា​វា​នឹង​នៅ​តែ​ដដែល ។ អ្វី​ដែល​យើង​និយាយ គឺ​បាន​ត្រឹមតែ​ឲ្យ​មាន​ចលនា​នៃ​ភាព​ព្រងើយកន្តើយ ឬ​ការ​បែកបាក់​គ្នា​កើតឡើង ក្នុង​ចំណោម​ប្រជាជន ពោល​យើង​គ្រាន់តែ​បន្លឺ​នូវ​វោហា​សាស្ត្រ​ដែល​អាច​ត្រឹមតែ​បង្ក​ឲ្យ​សង្គម​គ្មាន​សុខដុមរមនា និង​វិបុលភាព​ប៉ុណ្ណោះ ។

ការ​ផ្លាស់​ប្តូរ​ខ្លួនឯង​ទាមទារ​នូវ​វិចារណញ្ញាណ និង​ឆន្ទៈ​ក្នុង​ការ​កំណត់​អត្តសញ្ញាណ និង​កែតម្រូវ​កំហុស​ផ្ទាល់ខ្លួន ។ វា​រួម​បញ្ចូល​នូវ​ការ​បណ្តុះ​គុណធម៌​ដូច​ជា ភាព​ស្មោះត្រង់ សុចរិត​ភាព មេត្តា និង​ស្មារតី​នៃ​ការ​ទទួលខុសត្រូវ​ចំពោះ​កាតព្វកិច្ច​របស់​ពលរដ្ឋ ។ នៅ​ពេល​ដែល​យើង​ប្រព្រឹត្ត​ហើយ​អនុវត្ត​គោលការណ៍​ទាំងនេះ​នៅ​ក្នុង​ជីវិត​របស់​យើង​នោះ​យើង​នឹង​អាច​បង្កើត​នូវ​ឥទ្ធិពល​ដែល​អាច​ជះ​ឥទ្ធិពល​ទាំងនោះ​ដល់​អ្នក​ដទៃ​បាន ។ ឧទាហរណ៍ បុគ្គល​ដែល​បង្ហាញ​អាកប្បកិរិយា​ប្រកបដោយ​ក្រមសីលធម៌​ជា​ប្រចាំ អាច​ជំរុញ​អ្នក​ដទៃ​ឱ្យធ្វើ​ដូច​គ្នា ។ យូរ​ៗ​ទៅ​នៅ​ពេល​ដែល​មនុស្ស​កាន់តែ​ច្រើន​ទទួលយក​លក្ខណៈ​វិជ្ជមាន​ទាំងនេះ ចរិត​រួម​នៃ​សង្គម​នឹង​ផ្តើម​ផ្លាស់​ប្តូរ ។ នេះ​ជា​របៀប​ដែល​ការ​ផ្លាស់​ប្តូរ​ដ៏​ពិតប្រាកដ និង​ស្ថិតស្ថេរ​មួយ​មិនមែន​យើង​ចង់​ឲ្យ​សង្គម​គាំទ្រ​ការ​អប់រំ​នៅ​ក្នុងស្រុក តែ​យើង​បញ្ជូន​កូន​ទៅ​រៀន​នៅ​ក្រៅ​ឬ​ក៏​យើង​ចង់​លើកកម្ពស់ និង​ជំរុញ​គុណភាព​នៃ​វិស័យ​សុខាភិបាល​នៅ​ក្នុងស្រុក ប៉ុន្តែ​នៅ​ពេល​ដែល​មាន​បញ្ហា​សុខភាព​នាំ​គ្នា​ឡើង​យន្តហោះ​ទៅ​ក្រៅប្រទេស​រហូត​នោះ​ឡើយ ។

ជាង​នេះ​ទៅ​ទៀត គំនិត​ដែល​ថា «​និយាយ​ប៉ុន​មេឃ ដល់​ធ្វើ​ប៉ុន​ក្រចក​» មាន​ន័យ​យ៉ាង​ជ្រាលជ្រៅ នៅ​ក្នុង​បរិបទ​នេះ​វា​បង្ហាញ​ពី​ភាព​ឥតប្រយោជន៍​នៃ​វោហា​សាស្ត្រ​ដែល​គ្មាន​អំណះអំណាង ។ នៅ​លើ​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​វដ្ត​នៃ​ព័ត៌មាន គឺ​មាន​គ្រប់​វិនាទី នៅ​ក្នុង​រយៈពេល​២៤​ម៉ោង ។ ដូច្នេះ​អ្វី​ដែល​លើក​ឡើង​គ្មាន​ហេតុ​គ្មាន​ផល​វា​នឹង​នាំ​ឲ្យ​សង្គម​មាន​បញ្ហា​វិលវល់​ពិបាក​នឹង​រក​កន្លែង​បញ្ចប់​ឃើញ ។

សរុប​មក បំណង​នៃ​ការ​ផ្លាស់​ប្តូរ ឬ​កែប្រែ​បញ្ហា​អវិជ្ជមាន​ណាមួយ​នៅ​ក្នុង​ប្រទេស គឺជា​កិច្ចការ​ដ៏​ធំធេង​ដែល​ចាប់ផ្តើម​ពី​បុគ្គល ។ វា​ទាមទារ​ឱ្យ​មនុស្ស​ម្នាក់​ៗ​មើលទៅ​ខាងក្នុង​ទទួលស្គាល់​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​ខ្លួនឯង​សម្រាប់​ការ​កែ​លម្អ និង​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​ក្លាយជា​ពលរដ្ឋ​កាន់តែ​ប្រសើរ ។ ការ​និយាយ​តិច និង​ធ្វើ​ច្រើន គឺជា​មន្តអាគម​ដ៏​មាន​ឥទ្ធិពល ។ សក្ខីកម្ម​ជាក់ស្តែង គឺជា​ភស្តុ​តាង​ដ៏​ប្រត្យក្ស និង​ម​គ្គុ​ទេសភាព​ដ៏​ប្រពៃ​ដែល​នឹង​អាច​ក្លាយជា​គំរូ​សម្រាប់​ការ​ផ្លាស់​ប្តូរ និង​កែ​បញ្ហា​សង្គម​ប្រកបដោយ​វិជ្ជមាន ស្រប​តាម​ច្បាប់ ក្រិ​ត្យ​ក្រម​របស់​ប្រទេស​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ