រមណីដ្ឋានដែលជារតនៈវត្ថុចុះបញ្ជីនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូមានដល់ទៅ៤ គឺប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រែគុក និងប្រាសាទកោះកេរ ។ ប៉ុន្តែកម្ពុជាហាក់បានកំពុងតែប្រើប្រាស់ និងជំរុញការឃោសនាខ្លាំងតែ១ប៉ុណ្ណោះ គឺប្រាសាទអង្គរវត្ត ស្របពេលដែលប្រាសាទផ្សេងៗទៀតហាក់ស្ងប់ស្ងាត់ ។
តើនេះ គឺជាការខ្ជះខ្ជាយសក្តានុពលដែលមានដែរឫទេ? ហើយថា តើកម្ពុជាគួរធ្វើយ៉ាងណា ដើម្បីប្រើប្រាស់សក្តានុពលដែលមាន ដើម្បីជំរុញ និងអភិវឌ្ឍន៍វិស័យទេសចរណ៍ឲ្យព្រមគ្នា?
មកដល់ពេលនេះគេដឹងថា នៅក្នុងចំណោមសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៤នេះ គឺមានភាពទាក់ទាញ និងមានសក្តានុពលដូចគ្នាក៏ដូចជា តម្លៃនៃវប្បធម៌ប្រហាក់ប្រហែលគ្នាទើបបានជាអង្គការយូណេស្កូ បានទទួលស្គាល់ និងយល់ព្រមឲ្យចុះបញ្ជីដូចគ្នា ដោយខុសគ្នាតែពេលវេលានៃការចុះបញ្ជីតែប៉ុណ្ណោះ។ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងឃើញថា នៅពេលនេះសកម្មភាពនានាហាក់ផុលផុសខ្លាំង តែនៅលើប្រាសាទអង្គរវត្ត ខណៈដែលប្រាសាទបុរាណ៣ទៀត ហាក់មិនសូវឃើញសកម្មភាពផុលផុសឡើយ ។
ប្រាសាទអង្គរវត្ត នៅខេត្តសៀមរាប ត្រូវបានគេដឹងថា បានចុះបញ្ជីមុនគេបង្អស់ គឺនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ បន្ទាប់មក គឺប្រាសាទព្រះវិហារ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយក៏បន្តទៅប្រាសាទសំបូរព្រៃគុក នៅកំពង់ធំ នាថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ និងប្រាសាទកោះកេរ នៅខេត្តព្រះវិហារ នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅក្នុងចំណោមទីបុរាណដ្ឋានពិភពលោក ទាំង៤នេះ មានតែប្រាសាទអង្គរវត្តមួយទេ ដែលគេនិយាយច្រើនបំផុត ទាំងនៅលើបណ្តាញសង្គម ដែលធ្វើឡើងដោយអ្នកបង្កើតមាតិកាជាតិ និងអន្តរជាតិនៅលើបណ្តាញសង្គម នៅលើបណ្តាញព័ត៌មានជាតិ និងអន្តរជាតិនានា ខណៈដែលព្រឹត្តិការណ៍ធំៗទាំងជាតិ និងអន្តរជាតិជាច្រើនក៏ ត្រូវបានគេទាញផ្សារភ្ជាប់នឹងប្រាសាទអង្គរវត្តនេះដែរ។ ប៉ុន្តែទីបុរាណដ្ឋានផ្សេងទៀត ហាក់មិនសូវជាឭសូរ ការផ្សព្វផ្សាយច្រើនឡើយ ។
ដោយសារតែស្ថានភាពនេះ រមណីដ្ឋានអង្គរត្រូវបានគេដឹងថា គឺជាកន្លែងដ៏ទាក់ទាញបំផុតនៅក្នុងចំណោមរមណីដ្ឋានដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកទាំង៤ ដោយនៅក្នុងរយៈពេលប្រាំពីរខែដើមឆ្នាំ២០២៤ ប្រាសាទអង្គរវត្តបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិចំនួនជិត៦០ម៉ឺននាក់ ខណៈដែលប្រាសាទព្រះវិហារវិញបានទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានត្រឹមតែជាង៦ពាន់នាក់ ហើយប្រាសាទកោះកេបានជាង៨ពាន់នាក់ ដោយឡែកប្រាសាទសំបូរព្រៃគុកក៏មិនច្រើនឡើយ ។ ក្រៅពីភ្ញៀវអន្តរជាតិ សូម្បីតែភ្ញៀវទេសចរជាតិ ក៏ពិតជាមិនអាចប្រៀបធៀបគ្នាបានដែរ ។
រមណីដ្ឋានអង្គរឥឡូវនេះលែងរាប់អ្នកទេសចរជាតិហើយ ដោយសារពលរដ្ឋយើងជាច្រើនបានទៅលេង ប៉ុន្តែនៅរមណីដ្ឋានដូចជា ព្រះវិហារមានជាង៤ម៉ឺននាក់ប៉ុណ្ណោះ ហើយប្រាសាទកោះកេរមានជាង៦ម៉ឺននាក់ រីឯសំបូរព្រៃគុកមិនច្រើនឡើយ ។ ផ្អែកតាមស្ថានភាពនៃភាពខុសគ្នានេះ បង្ហាញពីបញ្ហាប្រឈមដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា និង ស្ថាប័នដែលពាក់ព័ន្ធដែលគួរតែគិតគូរ និងរិះរកធ្វើយ៉ាងណា ដើម្បីទាញសក្តានុពលពីការចុះបញ្ជីនេះឲ្យអស់លទ្ធភាព ដើម្បីជំរុញ និងលើកកម្ពស់វិស័យឧស្សាហ៍កម្មដែលគ្មានផ្សេងនេះ ។
ជាការពិតភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានទៅលេងនៅរមណីដ្ឋានអង្គរវត្តនៅខេត្តសៀមរាបមិនមែនជាកត្តាចៃដន្យនោះទេ ។ រដ្ឋាភិបាលបានចាក់បង្ហូរមូលនិធិដ៏ច្រើន ទៅលើការអភិរក្សរៀបចំរមណីដ្ឋានេះយ៉ាងល្អប្រសើរ ហើយនៅពេលនេះ គឺស្តង់ដាបំផុត ខណៈដែលសេវាកម្មទេសចរណ៍ផ្សេងៗនៅខេត្ត សៀមរាប បច្ចុប្បន្ននេះ គឺសម្បូរបែបជាងពីមុន ដែលកាន់តែបង្កើតជម្រើសផ្សេងៗសម្រាប់ភ្ញៀវទេសចរ ។ ប៉ុន្តែសម្រាប់ប្រាសាទបីផ្សេងទៀត នៅពេលនេះ គឺទើបតែមានផ្លូវថ្នល់ ដែលអាចចូលទៅដល់តែប៉ុណ្ណោះ ស្របពេលដែលបរិវេណនៅជុំវិញនៅប្រឈមមុខនឹងស្ថានភាពខ្វះខាតច្រើន រាប់តាំងពីបញ្ហាអនាម័យ កន្លែងហូបចុក កន្លែងស្នាក់នៅ និងសេវាកម្មជម្រើសចាំបាច់ផ្សេងៗទៀត ហើយនិយាយអំពីការឃោសនាវិញ គឺសឹងតែមិនសូវមានតែម្តង ។ឮ
ដើម្បីសម្រេចបាននូវគោលដៅនៃការទាញប្រយោជន៍ពីសម្បត្តិបេតិកភ័ណ្ឌពិភពលោកទាំងនេះយុទ្ធសាស្ត្រពហុភាគីច្បាស់លាស់ និងការចូលរួមពីគ្រប់ភាគី គឺចាំបាច់បំផុតដើម្បីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សេវាកម្មចាំបាច់នានា, ផែនការយុទ្ធនាការទីផ្សារ និងការឃោសនា, ក៏ដូចជា ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្សារភ្ជាប់ដែលមានភាពបត់បែន ។
១ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់សេវាកម្មចាំបាច់នានា
ជាការពិតនៅពេលនេះ បើនិយាយាអំពីផ្លូវគមនាគមន៍ទៅកាន់ប្រាសាទបុរាណទាំងនោះ គឺមានភាពប្រសើរមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីអង្គរវត្ត រមណីដ្ឋានបេតិកភណ្ឌនានា ការវិនិយោគ និងការរៀបចំលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រ គឺនៅតែខ្វះខាតដែលនាំឲ្យទីតាំងរមណីដ្ឋានមើលទៅហាក់ស្ថិតនៅក្នុងតំបន់ដាច់ស្រយាល ។ ដូច្នេះការវិនិយោគលើកន្លែងទេសចរណ៍ដូចជា មជ្ឈមណ្ឌលសម្រាប់ភ្ញៀវទេសចរកន្លែងសម្រាក និងការស្នាក់នៅប្រកបដោយគុណភាព គឺចាំបាច់ណាស់ ។ ជាទូទៅការធានាថាអ្នកទស្សនាមានលទ្ធភាពទទួលបានគ្រឿងបរិក្ខារប្រកបដោយផាសុកភាព និងងាយស្រួលអាចបង្កើនបទពិសោធន៍រួមរបស់ពួកគេយ៉ាងសំខាន់លើកទឹកចិត្តឱ្យមានការស្នាក់នៅបានយូរ និងការផ្សព្វផ្សាយពីមាត់មួយទៅមាត់មួយដ៏វិជ្ជមាន ។
២ ផែនការយុទ្ធនាការទីផ្សារ និងការឃោសនា
នៅពេលនេះប្រាសាទអង្គរវត្តជានិមិត្តសញ្ញាដែលទទួលស្គាល់ជាសាកលរបស់កម្ពុជា ប៉ុន្តែប្រាសាទព្រះវិហារ កោះកេរ និងសំបូរព្រៃគុកមិនទាន់នៅឡើយទេ ។ ដូចនេះយុទ្ធនាការទីផ្សារ និងការឃោសនាអំពីគោលដៅទាំងនេះ គឺមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់ការយល់ដឹងអំពីប្រាសាទទាំងនេះជាទូទៅ ។ ស្ថាប័នពាក់ព័ន្ធកម្ពុជាគួរសហការជាមួយក្រុមប្រឹក្សាទេសចរណ៍អន្តរជាតិ និងទីភ្នាក់ងារទេសចរណ៍នានា ដើម្បីផ្សព្វផ្សាយប្រាសាទព្រះវិហារ កោះកេរ សំបូរព្រែគុក តាមរយៈបណ្តាញផ្សេងៗរួមមានប្រព័ន្ធផ្សព្វផ្សាយសង្គម ប្លុកទេសចរណ៍ និងពិព័រណ៍ទេសចរណ៍អន្តរជាតិឲ្យកាន់តែច្រើន ។
ការគូសបញ្ជាក់ពីគុណវឌ្ឍន និងលក្ខណៈពិសេសនៃប្រាសាទទាំងនេះអាចឲុ្យភ្ញៀវចាប់អារម្មណ៍ និងចង់ដឹងពីភាពខុសពីប្រាសាទអង្គរវត្ត ។ ជាឧទាហរណ៍ ទីតាំងដ៏អស្ចារ្យរបស់ប្រាសាទព្រះវិហារ នៅលើភ្នំមួយផ្តល់នូវទិដ្ឋភាពដ៏អស្ចារ្យ ហើយទីនោះក៏មានលក្ខណៈ និងប្រវត្តិសាស្ត្រខុសពីប្រាសាទអង្គរវត្ត ដែលភ្ញៀវទេសចរគួរតែស្វែងយល់ ។ កោះកេរ ដែលធ្លាប់ជារាជធានីនៃអាណាចក្រខ្មែរ មានរចនាបថស្ថាបត្យកម្មពិសេសមួយ និងប្រាសាទពីរ៉ាមីតដ៏ល្បីល្បាញ ។ លក្ខណៈពិសេសប្លែកទាំងនេះ គួរតែជាការផ្តោតសំខាន់នៃកិច្ចខិតខំប្រឹងប្រែងផ្នែកទីផ្សារទាក់ទាញអ្នកទេសចរដែលចាប់អារម្មណ៍ ក្នុងការរុករកតំបន់បេតិកភណ្ឌដែលមិនសូវស្គាល់ ប៉ុន្តែមានសារៈសំខាន់ដូចគ្នា និងពីរ៉ាមីតនៅអេស៊ីប ។
ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន អ្នកដែលពាក់ព័ន្ធក៏គួរតែបង្កើតកម្មវិធីវប្បធម៌ និងអប់រំដែលលើកកម្ពស់បទពិសោធន៍ភ្ញៀវទេសចរនៅប្រាសាទទាំងនោះ ។ គម្រោងកម្មវិធីនេះ អាចរួមបញ្ចូលដំណើរទេសចរណ៍ដែលដឹកនាំដោយអ្នកជំនាញ ដែលមានចំណេះដឹង ការតាំងពិពណ៌អន្តរកម្ម អំពីប្រវត្តិសាស្ត្រ និងសារៈសំខាន់នៃប្រាសាទទាំងនេះ និងការសំដែងវប្បធម៌ដែលបង្ហាញពីសិល្បៈ និងរបាំប្រពៃណីខ្មែរ។ល។
៣ ប្រតិបត្តិការ និងការផ្សារភ្ជាប់ដែលមានភាពបត់បែន
កិច្ចសហប្រតិបត្តិការជាមួយស្ថាប័នសិក្សាអន្តរជាតិ និងអង្គការបេតិកភណ្ឌតំបន់ និងអន្តរជាតិក៏អាចនាំទៅរកគម្រោងស្រាវជ្រាវរួមគ្នាការតាំងពិពណ៌ និងសន្និសីទដែលធ្វើឡើងនៅកន្លែងទាំងនេះ ។ គំនិតផ្តួចផ្តើមបែបនេះ មិនត្រឹមតែទាក់ទាញអ្នកប្រាជ្ញ និងអ្នកចូលចិត្តប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដាក់ប្រាសាទបុរាណទាំងនេះ ជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការសិក្សាបេតិកភណ្ឌវប្បធម៌ បង្កើនកិត្តិនាម និងវត្តមានប្រាសាទទាំងនេះនៅលើឆាកអន្តរជាតិ ។
ក្រៅពីនោះការរួមបញ្ចូលប្រាសាទទាំងនោះទៅក្នុងរង្វង់ទេសចរណ៍ក្នុងតំបន់កាន់តែទូលំទូលាយក៏អាចបង្កើនចំនួនភ្ញៀវទេសចរផងដែរ ។ តាមរយៈការបង្កើតកញ្ចប់ធ្វើដំណើរពហុគោលដៅដែលរួមបញ្ចូលកន្លែងទាំងនេះ រួមជាមួយនឹងការទាក់ទាញផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងរដ្ឋាភិបាលអាចលើកទឹកចិត្តអ្នកទេសចរឱ្យរុករកទីបុរាណដ្ឋាននៅកម្ពុជាលើសពីប្រាសាទអង្គរវត្ត ។ ភាពជាដៃគូជាមួយភ្នាក់ងារទេសចរណ៍នានា ដើម្បីផ្តល់ជូននូវដំណើរទេសចរណ៍ដែលមានការណែនាំដែលភ្ជាប់តំបន់បេតិកភណ្ឌទាំងនេះជាមួយនឹងការទាក់ទាញធម្មជាតិ និងវប្បធម៌នៅក្បែរនោះក៏នឹងធ្វើឱ្យការធ្វើដំណើរកាន់តែទាក់ទាញសម្រាប់ភ្ញៀវអន្តរជាតិ។
សរុបមកវិញប្រសិនបើកម្ពុជាពិតជាអាចមានសមត្ថភាពទាញយកប្រយោជន៍ពីប្រាសាទបុរាណទាំង៣បន្ថែមលើអង្គរវត្តបន្ថែមទៀតនោះ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍អន្តរជាតិដ៏ធំសម្បើមមួយនៅក្នុងតំបន់ ។ តាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការចាប់ផ្តើមយុទ្ធនាការទីផ្សារគោលដៅ ការបង្កើតកម្មវិធីវប្បធម៌ និងអប់រំ និងការរួមបញ្ចូលទីតាំងទាំងនេះទៅក្នុងរង្វង់ទេសចរណ៍ក្នុងតំបន់ កម្ពុជារំពឹងថាអាចបង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកទស្សនាតំបន់បេតិកភណ្ឌដ៏គួរឱ្យកត់សម្គាល់ទាំងនេះ។
នៅពេលដែលភ្ញៀវទេសចរស្គាល់ប្រាសាទទាំងនោះកាន់តែច្រើន នេះមិនត្រឹមតែលើកកម្ពស់វិស័យទេសចរណ៍វប្បធម៌របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិរក្ស និងការកោតសរសើរជាសាកលនៃកេរដំណែលប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់កម្ពុជាយើងទាំងអស់គ្នាផងដែរ ៕
ចែករំលែកព័តមាននេះ