ម៉ារ៉ុកបង្ហាញគម្រោងកសាងកីឡដ្ឋានបាល់ទាត់ធំបំផុតលើលោកសម្រាប់ Word Cup 2030
ប្រទេសម៉ារ៉ុក ៖ ការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ឬ FIFA World Cup 2030 គឺនៅសល់រយៈពេល៥ឆ្នាំ…
ប្រទេសម៉ារ៉ុក ៖ ការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ឬ FIFA World Cup 2030 គឺនៅសល់រយៈពេល៥ឆ្នាំ…
ប្រទេសម៉ារ៉ុក ៖ ការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ឬ FIFA World Cup 2030 គឺនៅសល់រយៈពេល៥ឆ្នាំ និង១១ខែទៀត។ ប៉ុន្តែបើកក្រឡេកទៅប្រទេសម៉ារ៉ុកឯណោះវិញ បានបញ្ចេញគម្រោងកសាងកីឡដ្ឋានបាល់ទាត់ធំបំផុតនៅលើពិភពលោក សម្រាប់ធ្វើម្ចាស់ផ្ទះការរកួតព្រឹត្តិការណ៍នៅឆ្នាំ ២០៣០ ជាសាធារណៈ។
Grand Stade Hassan II គឺជាឈ្មោះកីឡដ្ឋានបាល់ទាត់ថ្មីរបស់ម៉ារ៉ុក ដែលគ្រោងនឹងសាងសង់ឡើងក្នុងតំបន់ប្រជុំជនអែល ម៉ាន់សូរីយ៉ា (El Mansouria) ភាគខាងជើងទីក្រុងកាសាបាឡង់កា Casablanca ដែលជាទីក្រុងធំបំផុតរបស់ប្រទេសម៉ារ៉ុក។
តាមគម្រោងកីឡដ្ឋានមួយនេះ អាចផ្ទុកអ្នកទស្សនាបានដល់ ១១៥,០០០នាក់ ដែលធ្វើឱ្យវាក្លាយជាកីឡដ្ឋានធំទី២ លើពិភពលោក បន្ទាប់ពីកីឡដ្ឋានកីឡាគ្រីឃីត Narendra Modi នៅក្នុងប្រទេសឥណ្ឌា ដែលអាចផ្ទុកអ្នកទស្សនាបានរហូតដល់ ១៣២,០០០នាក់ ខណៈដែលពហុកីឡដ្ឋានជាតិកូរ៉េខាងជើង Rungrado 1st of May អាចផ្ទុកអ្នកទស្សនាបានដល់ ១១៤,០០០នាក់។ កីឡដ្ឋាននេះ នឹងស្ថិតលើផ្ទៃដីទំហំ១០០ហិកតា និងចេញម៉ូដដោយក្រុមហ៊ុនស្ថាបត្យកម្ម Populous ដែលធ្លាប់កសាងកីឡដ្ឋានល្បីៗលំដាប់ពិភពលោកជាច្រើន រួមទាំងកីឡដ្ឋានជាតិចក្រភពអង់គ្លេស Wembley, កីឡាដ្ឋាន Tottenham Hotspur និងកីឡដ្ឋាន Emirates របស់ក្រុម Arsenal ផងដែរ។
ដោយឡែក ការរចនាម៉ូដកីឡដ្ឋានថ្មីនៅប្រទេសម៉ារ៉ុក Populous បានរំឭកពីរចនាបថ «Moussem» ដែលជារចនាបថតង់ប្រពៃណីរបស់ម៉ារ៉ុក។ ហើយនៅខាងក្នុង និងក្រៅកីឡដ្ឋាន ក៏មានរៀបចំសួនច្បារ និងសួនរុក្ខសាស្ត្រយ៉ាងស្រស់ស្អាតថែមទៀតផង។ បើតាមលោក Tarik Oualalou នាយកផ្នែករចនា និងជាដៃគូស្ថាបនិកនៅក្រុមហ៊ុនស្ថាបត្យកម្ម Oualalou + Choi បានអះអាងថា ការរចនាកីឡដ្ឋាននេះឡើង ត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងវប្បធម៌ម៉ារ៉ុក ជាមួយនឹងទំនៀមទម្លាប់ និងការបញ្ចេញមតិសហសម័យ ក៏ដូចជានៅក្នុងរូបចម្លាក់បុរាណ និងបុព្វកាល ដែលរួមមាន ៖ Moussem សួនច្បារ សណ្ឋានដី និងទេសភាពនៃប្រទេសម៉ារ៉ុក។ ទោះយ៉ាងណា ទំហំទឹកប្រាក់នៃការសាងសង់មិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
នៅពេលដែលសាងសង់រួច កីឡដ្ឋាន Grand Stade Hassan II នឹងស្ថិតនៅក្នុងចំណោមកីឡដ្ឋានចំនួន៥ផ្សេង ដែលប្រទេសម៉ារ៉ុកមានស្រាប់ ដើម្បីទទួលរៀបចំការប្រកួត World Cup 2023 រួមមាន ៖ កីឡាដ្ឋាន Adrar ផ្ទុកអ្នកទស្សនាបាន ៤៦,០០០នាក់, កីឡដ្ឋាន Fez Sports Complex ផ្ទុកអ្នកទស្សនាបាន ៥៥,៨០០នាក់, កីឡដ្ឋាន Marrakesh ផ្ទុកអ្នកទស្សនាបាន ៤៥,២៤០នាក់, កីឡដ្ឋាន Prince Moulay Abdellah ផ្ទុកអ្នកទស្សនាបាន ៦៨,៧០០នាក់ និងកីឡដ្ឋាន Ibn Batouta ផ្ទុកអ្នកទស្សនាបាន ៧៥,៦០០នាក់។ ដ្បិតកីឡដ្ឋានថ្មី Grand Stade Hassan II រំពឹងថាអាចនឹងរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup 2030។
គូសបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ FIFA World Cup 2030 នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសចំនួន ៦ នៅ៣ទ្វីបផ្សេងគ្នា ដោយក្នុងនោះ ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ត្រូវបានប្រកាសជាសហម្ចាស់ផ្ទះ ខណៈការប្រកួតបើកឆាកចំនួន៣ប្រកួត នឹងធ្វើឡើងក្នុងប្រទេសអ៊ុយរ៉ាហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ។
មូលហេតុដែកការប្រកួតបើកឆាកព្រឹត្តិការណ៍ World Cup 2030 នឹងត្រូវធ្វើឡើងក្នុងប្រទេសនៅទ្វីបអាមេរិកខាងត្បូង ដើម្បីប្រារព្ធខួប១សតវត្សនៃការប្រកួត World Cup ព្រោះនឹងមានរយៈពេល១០០ឆ្នាំ ចាប់តាំងពីការប្រកួតលើកដំបូងរៀបចំឡើងនៅក្នុងទីក្រុងម៉ុនតេវីដេអូ (Montevideo) ប្រទេសអ៊ុយរ៉ាហ្គាយ កាលពីឆ្នាំ ១៩៣០៕ (ប្រភព ៖ CNN)
ចែករំលែកព័តមាននេះ