ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Pep ថា Haaland អាច​ប្រជែង​កំណត់​ត្រា​គ្រាប់​បាល់​ជាមួយ Ronaldo និង Messi

2 អាទិត្យ មុន

ចក្រភព​អង់គ្លេស ៖ ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland បន្ត​ដើរតួ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​មេឃ​ខៀវ Manchester City ព្រមទាំង​ក្លាយជា​កីឡាករ​ធ្វើ​បាន Hat…

ចក្រភព​អង់គ្លេស ៖ ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland បន្ត​ដើរតួ​ជា​ម៉ាស៊ីន​រក​គ្រាប់​បាល់​បញ្ចូល​ទី​សម្រាប់​ក្រុម​មេឃ​ខៀវ Manchester City ព្រមទាំង​ក្លាយជា​កីឡាករ​ធ្វើ​បាន Hat Trick (៣​គ្រាប់​ម្នាក់ឯង​) ដំបូង​គេ​នៅ​លី​គ​កំពូល​អង់គ្លេស Premier League រដូវ​កាល​ថ្មី​នេះ នៅ​ក្នុង​ជ័យជម្នះ​ស​ប្តា​ហ៍​ទី​២ ដោយ​លទ្ធផល ៤​ទល់​នឹង​១ លើ​ក្រុម​ភ្ញៀវ Ipswich Town កាលពី​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០២៤ កន្លង​ទៅ​។

គិត​មក​ទល់​ពេល​នេះ Erling Haaland ធ្វើ​បាន Hat Trick ជា​លើក​ទី​១០​ហើយ សម្រាប់​អាជីព​ជាមួយ​ក្រុម Man City​។ បច្ចុប្បន្នភាព​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​ន័​រ​វែ​ស​វ័យ​២៤​ឆ្នាំ​រូប​នេះ ដែល​រកបាន​១​គ្រាប់​ផង​ដែរ កាលពី​ជំនួប​ស​ប្តា​ហ៍​ទី​១​ទល់​នឹង​ក្រុម​តោ​ខៀវ Chelsea នោះ ស៊ុត​បញ្ចូល​ទី​បាន ៩៤​គ្រាប់​ហើយ នៅ​ក្នុង​ការ​បង្ហាញខ្លួន ១០១​ប្រកួត​ជាមួយ Man City​។ ក្រឡេក​ទៅ Man City ក្រោម​ការ​ដឹកនាំ​របស់​លោក Pep Guardiola ក្នុង​នាម​ក្រុម​ការពារ​តំណែង​នោះ ក្រោយ​ឈ្នះ​លើ​ក្រុម Ipswich ពួក​គេ​បាន​ឡើង​ទៅ​កាន់កាប់​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ឆ្លងកាត់​២​ប្រកួត​កន្លង​មក ឈ្នះ​ទាំងអស់​។

ក្រោយ​បញ្ចប់​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​២ នៃ​ក្រប​ខណ្ឌ English Premier League លោក Pep Guardiola បាន​លើក​ឡើង​ថា តាម​រយៈ​ចំនួន​តួលេខ​នៃ​ការ​ប្រកួត និង​គ្រាប់​បាល់​បញ្ចូល​ទី​របស់ Haaland គេ​គឺជា​គូប្រជែង​នឹង Cristiano Ronaldo និង Lionel Messi ដែល​ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​។

អ្នកចាត់ការ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​៥៣​ឆ្នាំ​រូប​នេះ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​តាម​រយៈ​តួលេខ​ទាំងនេះ គឺជា​រឿង​គួរ​ឱ្យ​អស់សំណើច​ខ្លាំង​ណាស់​។ គេ​អាច​ប្រកួតប្រជែង​នៅ​ក្នុង​លក្ខខណ្ឌ​នៃ​ការ​រក​គ្រាប់​បាល់​ជាមួយនឹង Cristiano និង Messi ។ ហើយ​តួលេខ​នេះ គឺជា​រឿង​មិន​គួរ​ឱ្យ​ជឿ​នៅ​ក្នុង​វ័យ​របស់​គេ​។ គេ​គឺជា​ការ​គំរាមកំហែង​មិន​គួរ​ឱ្យ​ជឿ ខ្ញុំ​សង្ឃឹមថា គេ​អាច​នៅ​ទី​នេះ​ជាមួយ​យើង​ច្រើន​ឆ្នាំ​តទៅ​មុខ​ទៀត​»​។

គួរ​រំលឹក​ថា ខ្សែប្រយុទ្ធ​ឆ្នើម Erling Haaland បង្ហាញ​ភាព​លេចធ្លោ​ពេល​ប្រកប​អាជីព​ជាមួយ​ក្លិប Red Bull Salzburg នៅ​លី​គ​កំពូល​ប្រទេស​អូ​ទ្រី​ស មុន​ពេល​ផ្លាស់​ទៅ​ចូលរួម​ជាមួយនឹង​ក្លិប​យក្ស​អា​ល្លឺ​ម៉​ង់ Borussia Dortmund នៅ​ក្នុង​តម្លៃ​២០​លាន​អឺ​រ៉ូ កាលពី​ឆ្នាំ ២០១៩​។ ក្រោយ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​លី​គ​កំពូល​ប្រទេស​អា​ល្លឺ​ម៉​ង់ ខ្សែប្រយុទ្ធ​ដែល​កើត​នៅ​ទីក្រុង​លី​ដ (Leeds) ចក្រភព​អង់គ្លេស​រូប​នេះ បន្ត​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Man City នៅ​ក្នុង​តម្លៃ ៦០​លាន​អឺ​រ៉ូ និង​បង្កើន​សមត្ថភាព​កាន់តែ​ខ្លាំង​ជា​មុន នឹង​កំពូល​ឈរ​ជា​ខ្សែប្រយុទ្ធ​កំពូល​របស់​លី​គ​កំពូល​អង់គ្លេស និង​លំដាប់​ពិភពលោក​ផង​ដែរ​៕ (ប្រភព ៖ ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ