ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​រថយន្ត ALPHARD ចត​ចោល​ក្បែរ​របង​វត្ត​ច្រើន​ម៉ោង អ្នក​ភូមិ​រាយការណ៍​ឲ្យ​នគរបាល​ចុះ​ទៅ​ពិនិត្យ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក TOYOTA ALPHARD ១​គ្រឿង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បើក​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ផ្លូវលំ ក្បែរ​របង​វត្ត​មួយ​កន្លែង ហើយ​មុន​ដំបូង…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក TOYOTA ALPHARD ១​គ្រឿង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ បើក​យក​ទៅ​ប្លុង​ចោល​នៅ​តាម​ផ្លូវលំ ក្បែរ​របង​វត្ត​មួយ​កន្លែង ហើយ​មុន​ដំបូង អ្នក​ភូមិ​ស្មានថា ជា​រថយន្ត​ឈ្មួញ​ជិះ​ទៅ​រក​ទិញ​ដី ឬ​មើល​ម៉ុង​ខ្មោច នៅ​តំបន់​នោះ ប៉ុន្តែ​ក្រោយ​ពី​បាន​សង្កេត​ឃើញ​ឈប់​ចត​យូរ​ពេក តាំងពី​ព្រឹក​រហូត​ដល់​វេលា​រសៀល រយៈពេល​៧​ម៉ោង​ទៅ​ហើយ នៅ​តែ​មិនឃើញ​បើក​យក​ចេញ​ទៅ​ណា​ទៀត​នោះ ម្យ៉ាងទៀត​ដោយ​ខ្លាច​មាន​បទល្មើស​អ្វីមួយ​នៅ​ក្នុង​រថយន្ត​នោះ​ផង ទើប​អ្នក​ភូមិ​រាយការណ៍​ទៅ​កាន់​នគរបាល ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​យក​ទៅ​រក្សា​ទុក​តែ​ម្ដង ។

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​កាល​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៤ ស្ថិត​នៅ​តាម​ផ្លូវលំ ក្បែរ​របង​វត្ត​ចំបក់​មាស ក្នុងភូមិ​ថ្មី សង្កាត់​ទៀន ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

រថយន្ត​ខាងលើ​ម៉ាក​TOYOTA ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BT-6008 ហើយ​ពុំ​ដឹង​ថា ម្ចាស់​រថយន្ត​នេះ គឺជា​នរណា ជា​ជនជាតិ​ខ្មែរ ឬ​ក៏​បរទេស ហើយ​មានរឿង​អ្វី​នោះ​ទេ ទើប​យក​រថយន្ត​ទៅ​ប្លុង​ចោល​បែប​នេះ ។

អ្នក​ភូមិ​ខាងលើ បាន​និយាយ​ថា នៅ​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃ​ដដែល ពួក​គាត់​បានឃើញ​រថយន្ត​ខាងលើ បើកបរ​ទៅ​ឈប់​ចត​នៅ​ត្រង់​ចំណុច​កើតហេតុ ហើយ​ក្រោយមក ពួក​គាត់​មិន​បាន​ចាប់អារម្មណ៍​តាម​មើល​នោះ​ទេ​។ ព្រោះ​ស្មានថា ជា​រថយន្ត ដែល​ក្រុម​ឈ្មួញ​ជិះ​ទៅ​រក​ទិញ​ដី ឬ​មើល​ម៉ុង​ខ្មោច នៅ​តំបន់​នោះ ហើយ​ក៏​មិន​បាន​មើលឃើញ​ថា នៅ​ក្នុង​រថយន្ត​នោះ​មាន​មនុស្ស​ប៉ុន្មាន​នាក់ និង​ចុះ​ចេញពី​រថយន្ត​ខាងលើ រួច​គេចខ្លួន​បាត់​ដោយ​វិធី​ណា​ទេ ។

អ្នក​ភូមិ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល រយៈពេល​៧​ម៉ោង​ទៅ​ហើយ នៅ​តែ​មិនឃើញ​មាន​អ្នក​ទៅ​បើក​យក​រថយន្ត​នេះ​ចេញ​ទៀត ទើប​ពួក​គាត់​ដើរទៅ​មើល​ហើយ​អត់​ឃើញ​ម្ចាស់​នៅ​ទីនោះ​ឡើយ​។ បន្ទាប់​មក ក៏​បាន​រាយការណ៍​ជូន​នគរបាល​ឲ្យ​ទៅ​ពិនិត្យ​មើល និង​យក​ទៅ​រក្សា​ទុក ព្រោះ​ខ្លាច​មាន​បទល្មើស​អ្វីមួយ​នៅ​ក្នុង​រថយន្ត​នោះ ។

ក្រោយ​ពី​ទទួល​បាន​ដំណឹង​នោះ​ហើយ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ទៀន រួម​ជាមួយ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ និង​នគរបាល​ផ្នែក​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ ។ ពេល​ទៅ​ដល់ ពុំ​ឃើញ​មាន​ស្លាកស្នាម​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ ប៉ុន្តែ​មាន​ស្នាម​ប៉ះទង្គិច​ខ្លះ​ៗ ដែល​នគរបាល​សន្និដ្ឋាន​ថា អាច​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​រថយន្ត មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​គ​របាល​ខណ្ឌដង្កោ ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់ ឲ្យ​ទៅ​ទទួលយក​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ