រាជធានីភ្នំពេញ ៖ ម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ដឹកសាប៊ូបោកគក់ខោអាវ១គ្រឿង ខណៈបើកលឿនគេចចេញពីម៉ូតូ១គ្រឿង ទៀតនៅខាងមុខ ក៏ធ្វើឲ្យចែងកន្ទុយរ៉ឺម៉កបុកពីក្រោយរថយន្តម៉ាក Mercedes១គ្រឿង ដែលកំពុងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្ដាលឲ្យរថយន្តនោះរងការខូចខាតបែកស្តុប និងក្រពឹតផុងផ្នែកខាងក្រោយខាងឆ្វេងយ៉ាងដំណំ ពេលនោះអ្នកបើករ៉ឺម៉កសុំសង១០០ដុល្លារដើម្បីបញ្ចប់រឿង តែម្ចាស់រថយន្តមិនព្រមទទួលយកឡើយ និងបានស្នើរសុំឲ្យជួសជុលឲ្យឡើងវិញ ឬ ចេញសំណង១,០០០ដុល្លារ ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង២និង២៥នាទីរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅតាមមហាវិថីចោមចៅ ហៅផ្លូវវ៉េងស្រេង ស្ថិតនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សាក្សីនៅកន្លែងកើតហេតុនោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់ឃើញភាគីទាំងបើកបរធ្វើដំណើរក្នុងទិសដៅស្របគ្នាពីជើងទៅត្បូង ដោយរថយន្តម៉ាក Mercedes ១គ្រឿងពណ៍ស ពាក់ស្លាកលេខកម្ពុជាPMTSY-99 បើកបរខាងមុខ ។ ដោយឡែកម៉ូតូសណ្ដោងរ៉ឺម៉កដឹកសាប៊ូបោកខោអាវ១គ្រឿងបើកបរពីក្រោយ ប៉ុន្តែស្ថិតនៅឆ្ងាយពីគ្នា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ រថយន្តបានស៊ីញ៉ូដើម្បីបត់ស្ដាំ ។ ខណៈនោះពុំទាន់បានបត់ផង ក៏ត្រូវម៉ូតូសណ្ដោងរ៉ឺម៉កបើកលឿនគេចចេញពីម៉ូតូ១គ្រឿងទៀតខាងមុខ ហើយចែងកន្ទុយរ៉ឺម៉កក៏បុករថយន្តពីក្រោយ បណ្ដាលឲ្យរងការខូចខាតបែបនេះតែម្ដង ។
ប្រភពដដែលបានឲ្យដឹងបន្តថា បន្ទាប់មកភាគីទាំង២បានធ្វើការសម្របសម្រួលគ្នា ដោយអ្នកបើកបររ៉ឺម៉កម៉ូតូសុំសងថ្លៃខូចខាតត្រឹម១០០ដុល្លារ ប៉ុន្តែខាងម្ចាស់រថយន្តមិនព្រមទទួលយកឡើយ ព្រោះរថយន្តគាត់ខូចខាតខ្លាំងជួសជុលអស់លុយច្រើន ។ ពេលនោះគាត់ក៏បានស្នើរសុំទៅអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កយករថយន្តរបស់គាត់ទៅធ្វើការជួសជុលឲ្យស្អាតឡើងវិញអស់ប៉ុន្មានក៏អស់ទៅតាមជាក់ស្ដែង ប៉ុន្តែអ្នកបើករ៉ឺម៉កមិនព្រមយកទៅជួសជុលឲ្យទេ ទើបម្ចាស់រថយន្តទារសំណងថ្លៃខូចខាតចំនួន១,០០០ដុល្លារ ។
តាមប្រភពខាងលើបានអះអាងប្រាប់បន្តទៀតថា ពេលនោះក៏មានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ និងនគរបាលចរាចរណ៍ខណ្ឌពោធិ៍សែនជ័យចុះទៅជួយសម្របសម្រួលដែរ ប៉ុន្តែភាគីទាំង២នៅតែមិនត្រូវរ៉ូវគ្នា ។ ទើបនគរបាលធ្វើការវាស់វែងនិងនាំយករថយន្ត ព្រមទាំងម៉ូតូសណ្ដោងរ៉ឺម៉កទៅរក្សាទុករង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ