ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនា បានឱ្យដឹងថា
ស្របពេលដែលភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឆេះយ៉ាងសន្ធោសន្ធៅ ពិភពលោកបានឃើញនូវរលកបាតុកម្មដ៏មហិមានិងធំបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនាចុងសប្តាហ៍កន្លងមកនេះ ដោយមានមនុស្សប្រមាណ ៨ លាននាក់ បានសម្រុកចេញមកតាមដងផ្លូវក្នុងព្រឹត្តិការណ៍តវ៉ាជាង ៣,៣០០ លើក ដើម្បីទាមទារឱ្យបញ្ឈប់ការវាយប្រហាររបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។ នៅសហរដ្ឋអាម៉េរិកតែមួយ មនុស្សជាង ៩០០,០០០ នាក់ បានជួបជុំគ្នាក្នុងទីក្រុងធំៗដូចជា វ៉ាស៊ីនតោន ញូវយ៉ក និងឡូសអាន់ជ័រឡេស ដែលបង្កើតឱ្យមានកំណត់ត្រានៃការតវ៉ាក្នុងថ្ងៃតែមួយដ៏ធំបំផុត ខណៈបាតុករនៅញូវយ៉កបានដើរក្បួនកាត់វិថីម៉ាន់ហាថាន់ជាមួយពាក្យស្លោកប្រឆាំងនឹងអំណាចផ្តាច់ការ និងទាមទារឱ្យមានការផ្លាស់ប្តូរគោលនយោបាយសង្គ្រាមដែលនាំឱ្យខូចខាតដល់រដ្ឋធម្មនុញ្ញ។
ស្មារតីប្រឆាំងសង្គ្រាមនេះបានរីករាលដាលយ៉ាងឆាប់រហ័សហួសពីព្រំដែនអាម៉េរិក ដោយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស មនុស្សប្រមាណកន្លះលាននាក់បានដើរក្បួនថ្កោលទោសការរើសអើងពូជសាសន៍ និងប្រឆាំងនឹងលោក ដូណាល់ ត្រាំ ខណៈនៅទីក្រុងតូក្យូ ប្រទេសជប៉ុន បាតុករជាង ២៤,០០០ នាក់ បានប្រឈមមុខនឹងអាកាសធាតុភ្លៀងដើម្បីកាន់ដំបងពន្លឺផ្ញើសារសន្តិភាព។ នៅបណ្តាប្រទេសអឺរ៉ុបដទៃទៀតដូចជា បារាំង ក្រិក អ៊ីតាលី និងព័រទុយហ្កាល់ ក៏មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សហជីពកម្មករ និងអង្គការសិទ្ធិមនុស្ស ដែលសុទ្ធតែបានលើកឡើងថា សង្គ្រាមនៅមជ្ឈិមបូព៌ានេះត្រូវបានបង្កឡើងដោយការសម្រេចចិត្តឯកតោភាគីរបស់លោក ត្រាំ ដោយគ្មានការអនុញ្ញាតពីសភា ហើយអ្នកដែលរងគ្រោះបំផុតគឺកម្មករ និងពលរដ្ឋស្លូតត្រង់។
សម្រែកសន្តិភាពរបស់មនុស្ស ៨ លាននាក់នាពេលនេះ គឺជាសម្ពាធនយោបាយដ៏ធ្ងន់ធ្ងរបំផុតចំពោះរដ្ឋបាលលោក ត្រាំ និងរដ្ឋាភិបាលអ៊ីស្រាអែល ខណៈដែលបាតុករគ្រប់ទិសទីបានរួមចិត្តគ្នាសម្ដែងនូវមនោសញ្ចេតនាឈរនៅខាងជនរងគ្រោះ និងទាមទារឱ្យពិភពលោកមានសេរីភាពពីសង្គ្រាម។ ភាពរំជើបរំជួលនេះមិនត្រឹមតែបង្ហាញពីការមិនពេញចិត្តចំពោះការប្រើប្រាស់កម្លាំងយោធាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការព្រមានយ៉ាងច្បាស់ថា ប្រជាជនគ្រប់ជាតិសាសន៍មិនចង់ឱ្យមហន្តរាយសង្គ្រាមលោកកើតឡើងជាថ្មីនោះឡើយ៕
ចែករំលែកព័តមាននេះ