ខេត្តស្វាយរៀង ៖ អ្នកលក់ចេកណាំវ៉ា នៅផ្សារវាលយន្ត ត្អូញត្អែរលក់មិនសូវដាច់ថ្ងៃខ្លះសល់រាប់សឹបស្ទង ខាតបង់មិនអាចរកប្រាក់ឲ្យថ្លៃចេកគេវិញដោយចេកទុំញោស រហូតស្អុយចោល ។
អ្នកលក់ចេកបានលើកឡើង នាព្រឹកថ្ងៃទី២៣ សីហា ២០២៤នេះថា គាត់លក់ចេកនៅផ្សារវាលយន្តនេះ យូរឆ្នាំមកហើយ ដោយជួលដីនៅខាងមុខផ្ទះគេដាក់លក់ និងក្នុងផ្ទះដាក់ផ្លែចេក ។ ផ្សារវាលយន្ត ស្ថិតនៅភូមិវាលយន្តសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (ផ្សារវាលយន្ត គឺជាផ្សារធំជាងគេ ក្នុងខេត្តស្វាយរៀង គឺមានអ្នកលក់ដូរតាំងពីម៉ាង៥ព្រឹករហូតដល់ម៉ាង៦ល្ងាច ហើយនៅជុំវិញផ្សារក៏មានអ្នកលក់បន្លែផ្លែឈើ ម្ហូប បាយកញ្ចប់ដល់យប់ ។
អ្នកលក់ចេកវ័យ៥៤ឆ្នាំ រូបនេះបានប្រាប់កោះសន្តិភាពថា គាត់មានផ្ទះនៅក្រុងស្វាយរៀងដែរក៏បន្តែឆ្ងាយពីផ្សារទើបមកជួលកន្លែងដាក់ចេកលក់ ហើយផ្លែចេកចាស់ទុំនេះ គឺកម្ម៉ង់ទិញពីម៉ូយ នៅខេត្តកំពង់ចាម ដឹកមកម្តងរាប់រយស្ទង មកចែកគ្នាលក់ បោះដុំ និងលក់រាយ រយៈពេលជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែមិនសូវជាកាក់កបប៉ុន្មានទេលក់ដាច់ច្រើន នៅថ្ងៃសីល ឬមានបុណ្យទាន គេមកកម្ម៉ង់ទិញច្រើន បើសង្ឃឹមលក់រាយ គឺមិនសូវដាច់ទេ ជួនកាលអេលក់សល់ទុំញោស លក់ឡាយឡុង ហើយមិនអស់លក់ឲ្យអ្នកចិញ្ចឹមគោ គេទិញយកឲ្យគោស៊ី បើអ្នកចិញ្ចឹមគោ គេមិនមកទិញខូចមានតែឲ្យគេយកទៅធ្វើជី ។
ប្រភពបន្តថា ចេកណាំវ៉ា គេទិញទៅសែន និងវេចនំយកទៅចៀន ហើយបើអ្នកផ្សារគេចូលចិត្តទិញចេកពងមាន់ និងផ្លែឈើនាំចូលពីក្រៅប្រទេស ។ ដូច្នេះមុខរបរលក់ចេកនេះមិនសូវរកចំណូលបានទេ ក៏ប៉ុន្តែត្រូវតែតស៊ូ គាំទ្រ កសិផលខ្មែរយើងដោយចេកណាំវ៉ា ខ្មែរយើងជាតម្រូវការចាំបាច់សម្រាប់គ្រប់ពិធីបុណ្យ ពិធីអាពាហ៌ពិពាហ៌ សែនព្រេនដូនតា ហើយត្រូវកម្ម៉ង់ទិញប្រាំថ្ងៃម្តង សម្រាប់យកមកផ្គត់ផ្គង់ ចែកចាយម៉ូយ គិតជាមធ្យមក្នុង១ថ្ងៃ អាចចំណេញពី៥ម៉ឺនរៀល ទៅ១០ម៉ឺនរៀល ក៏ប៉ុន្តែពេលខ្លះលក់អត់ដាច់ តែបួនប្រាំថ្ងៃចេកទុំញោស គឺខាតច្រើនតែម្តង ។ ចេកណាំវ៉ាមិនថ្លៃទេ ក្នុង១ស្និតតម្លៃ២,៥០០រៀល ទៅ៣,០០០រៀលប៉ុណ្ណោះ ។
ប្រភពបន្តថា សព្វថ្ងៃអ្នកលក់ចេកបោះដុំ និងលក់រាយ គឺមានតែបីបួនតូបប៉ុណ្ណោះ មានតែអ្នកលក់លក់ផ្លែឈើ គ្រប់មុខ ផ្លែឈើនាំចូលពីបរទេស និងលក់ចេកពងមាន់ ចេកណាំវ៉ា បន្ទាប់បន្សំនោះ គឺច្រើន ដូច្នេះអ្នកលក់តែចេកមួយមុខរកចំណូលមិនសូវបានទេ៕
ចែករំលែកព័តមាននេះ