អ្នកមានអួតមាសពេជ្រ អួតឡានថ្មី អួតអាពាហ៍ពិពាហ៍ដ៏ខ្ជះខ្ជាយជាដើម ។ តើការអួតអាងតាមបណ្តាញសង្គមនេះនឹងធ្វើអោយអ្នកក្រសប្បាយចិត្ត? វាទំនងជាមិនដូច្នេះទេ ប៉ុន្តែផ្ទុយមកវិញវាបានផ្តល់អារម្មណ៍មួយមិនសប្បាយចិត្ត និងតូចចិត្តនៅក្នុងសង្គមដែលបង្ហាញពីភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រប៉ុណ្ណោះ ។
ការបែងចែកវណ្ណៈសង្គម គឺជាបញ្ហារាលដាលដែលអាចធ្វើឱ្យប្រេះស្រាំនៃសង្គមនានា ហើយសម្រាប់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះមនុស្សគ្រប់គ្នាត្រូវប្រយ័ត្ន ហើយប្រកាន់យកបេះដូងនៃក្តីស្រឡាញ់ បេះដូងសប្បុរស និងការយល់ចិត្តចំពោះអ្នកដែលខ្វះខាត ។
នៅក្នុងប្រវត្តិសាស្ត្រចុងក្រោយជាង៤០ឆ្នាំមកនេះ សង្គមកម្ពុជាមិនមានលេចចេញច្បាស់អំពីបញ្ហាបែងចែកវណ្ណ:ទេ ដោយសារស្មារតីសាមគ្គី សហគមន៍ និងការគាំទ្រគ្នាទៅវិញទៅមកមានភាពរឹងមាំ ក្រោយពេលដែលការបែងចែកវណ្ណៈនៅសម័យមុនបានដុតកំឡោច ហើយនាំដល់ការសម្លា.ប់រង្គាលពលរដ្ឋគ្នាឯងប្រមាណជាជាង៣លាននាក់ នៅសម័យខ្មែរក្រហមមកនោះ ។
ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសក្រោយពេលដែលសង្គមសេដ្ឋកិច្ចមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ សមាជិកសង្គមខ្លះឆ្ពោះទៅរកសម្ភារៈនិយម និងប្រណីតភាពបានឲ្យមនុស្សនៅក្នុងសង្គមចាប់ផ្តើមរិះគិតនូវវណ្ណៈសង្គមជាថ្មី ។ ការលេចចេញជាថ្មីនៃការបែងចែកសង្គមនេះបង្កហានិភ័យយ៉ាងខ្លាំងអាចគំរា.មកំហែ.ងដល់ការរួបរួមស្ថិរភាព និងការរីកចម្រើនរបស់ប្រទេសជាតិនាពេលអនាគត ។
ឫសគល់នៃការបែងចែកវណ្ណៈសង្គម
ការបែងចែកសង្គមទៅជាវណ្ណៈច្រើនតែកើតចេញពីវិសមភាពសេដ្ឋកិច្ច ឱកាសនៃការទទួលបានការអប់រំ និងឱកាសនៅក្នុងការទទួលបាននូវសិទ្ធិអំណាចនៃនយោបាយ ។ នៅក្នុងប្រទេសកម្ពុជាកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងចរន្តនៃសកលភាវូបនីយកម្មបាននាំមកនូវការផ្លាស់ប្តូរយ៉ាងសំខាន់ ។ ការហូរចូលនៃទ្រព្យសម្បត្តិបានបង្កើតនូវក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភដែលអាចទិញទំនិញប្រណីតរថយន្តថ្លៃៗ និងរបៀបរស់នៅដ៏ហ៊ឺហា ។ ទន្ទឹមនឹងនេះ ប្រជាជនមួយភាគធំនៅតែបន្តតស៊ូជាមួយភាពក្រីក្រ លទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាពមានកម្រិត ហើយការថែទាំសុខភាពមិនគ្រប់គ្រាន់ជាដើម។ល។
វិសមភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងនេះកាន់តែឃើញមានកាន់តែច្បាស់ នៅលើការអួតអាងតាមបណ្តាញសង្គម ។ ជាលទ្ធផល ការបែងចែកវណ្ណៈត្រូវបានគេធ្វើអោយកើតបន្តិចម្តងៗរវាងអ្នកមាន និងអ្នកក្រភាគច្រើន ។
ផលវិបាកនៃការបែងចែកវណ្ណៈសង្គម
ប្រសិនបើការលេចឡើងនូវវណ្ណៈសង្គមនៅក្នុងប្រទេសកាន់តែមានរូបរាងច្បាស់ជាងនេះទៅទៀតវាអាចជះឥទ្ធិពលអាក្រក់ជាច្រើនដល់ប្រទេសជាតិ ។ ទីមួយ និងសំខាន់បំផុត គឺវាអាចនាំឲ្យមានចលាចលក្នុងសង្គមនៅពេលដែលប្រជាពលរដ្ឋកាន់តែមានអារម្មណ៍ថា មានការខ្វះខាត និងត្រូវបានដកចេញពីអត្ថប្រយោជន៍នៃកំណើនសេដ្ឋកិច្ច រួមទាំងកំណើននៃការអាក់អន់ចិត្ត និងការខកចិត្តនានា ។ ការមិនសប្បាយចិត្តទាំងនេះវានឹងសន្សំនៅក្នុងចិត្ត និងសតិសម្បជញ្ញៈបន្តិចម្តងៗ ហើយនៅពេលណាដែលវាពេញណែននៅក្នុងចិត្តម្នាក់ៗនោះវានឹងផ្ទុះនៅពេលណាមួយដែលពិបាកនឹងទស្សន៍ទាយណាស់ ។
ជាងនេះទៅទៀត ការបែងចែកវណ្ណៈសង្គមអាចបំផ្លាញនូវចំណងភាតរភាពដ៏ស្អិតរមួតក្នុងសង្គមកម្ពុជា ។ នៅក្នុងសង្គមមួយដែលមនុស្សត្រូវបានបែងចែកដោយទ្រព្យសម្បត្តិ និងឋានៈវាជាការលំបាកក្នុងការពង្រឹងស្មារតីឯកភាពជាតិ និងសាមគ្គីភាពជាតិណាស់ ។ នៅពេលដែលមនុស្សមានរនាំងវណ្ណៈកើតឡើង ទំនាក់ទំនងនឹងអាចកាត់ផ្តាច់ដែលនាំឱ្យខ្វះការយល់ចិត្ត និងទុក្ខធុរៈគ្នាទៅវិញទៅមក ។
ក្រៅពីសម្ភារៈនិយមការអប់រំ ក៏ជាកត្តាជំរុញដ៏សំខាន់ដែលអាចនឹងនាំឲ្យមាននៅទស្សនៈ និងគំនិតនៃការបែងចែកវណ្ណៈនៅក្នុងសង្គមផងដែរ ។ នៅពេលដែលលទ្ធភាពទទួលបានការអប់រំ ប្រកបដោយគុណភាពត្រូវបានកំណត់ដោយស្ថានភាពសេដ្ឋកិច្ចរបស់បុគ្គលនោះគម្លាតរវាងអ្នកមាន និងអ្នកក្រកាន់តែទូលំទូលាយ ។ អ្នកមានអាចមានលទ្ធភាពបញ្ជូនកូនរបស់ពួកគេទៅសាលារៀនដ៏មានកិត្យានុភាព ខណៈពេលដែលអ្នកក្រនៅសល់ឱកាសសិក្សានៅមានកម្រិតដែលនាំឱ្យបន្តវដ្តនៃភាពក្រីក្រ និងវិសមភាពសង្គម ។
លើសពីនេះ ការកើនឡើងនៃសម្ភារៈនិយម និងការអួតបង្ហាញនូវជីវភាពដ៏ហ៊ឺហាខ្ជះខ្ជាយក៏វានឹងអាចនាំទៅរកវប្បធម៌នៃភាពជ្រុលនិយមដែលមនុស្សភាគច្រើនកំពុងតែសម្លឹងកំពុងតែមើលរាល់ថ្ងៃ ។ ជាធម្មជាតិរបស់មនុស្សកាលណាឃើញគេមាន មិនមែនយកមកដុតការខំប្រឹងខ្លួនឯងអោយមានដូចគេទេ គឺរមែងមានកូនចិត្តច្រណែន ។ ដូច្នេះការផ្លាស់ប្តូរតម្លៃនេះអាចបំផ្លាញគុណធម៌ប្រពៃណីរបស់កម្ពុជា ។ កាលណាមានទស្សនៈនៅក្នុងខ្លួនជីវភាព សហគមន៍ និងការគោរពគ្នាទៅវិញទៅមកត្រូវបានកំណត់ដោយវាស់វែងដោយទ្រព្យសម្បត្តិជាជាងដោយភាពរឹងមាំនៃចរិតលក្ខណៈ ឬការលះបង់របស់ពួកគេចំពោះផលប្រយោជន៍រួម ។
ផ្លូវឆ្ពោះទៅមុខ
ដើម្បីទប់ស្កាត់គ្រោះថ្នាក់នៃការបែងចែកវណ្ណៈមិនឱ្យចាក់ឫសក្នុងសង្គមកម្ពុជាវាចាំបាច់ក្នុងការដោះស្រាយឫសគល់នៃវិសមភាព ។ នេះតម្រូវឱ្យមានវិធីសាស្ត្រពហុភាគី រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់ការរួមបញ្ចូលសេដ្ឋកិច្ចកែលម្អលទ្ធភាពទទួលបានការអប់រំប្រកបដោយគុណភាព និងធានាថាអំណាចនយោបាយត្រូវបានចែកចាយកាន់តែស្មើភាពគ្នា ។ គោលនយោបាយដែលគាំទ្រដល់ជនក្រីក្រ និងជនងាយរងគ្រោះដូចជា សំណាញ់សុវត្ថិភាពសង្គម និងការបង់ពន្ធអាចជួយកាត់បន្ថយវិសមភាពសេដ្ឋកិច្ច ។
លើសពីនេះទៅទៀត សង្គមកម្ពុជាគួរតែពង្រឹង និងយកចិត្តទុកដាក់លើការបណ្តុះវប្បធម៌ដែលផ្តល់តម្លៃដល់ការរួបរួមក្នុងសង្គម ការយល់ចិត្ត និងការគោរពគ្នាទៅវិញទៅមក ។ យុទ្ធនាការផ្សព្វផ្សាយការយល់ដឹងជាសាធារណៈ កម្មវិធីអប់រំ និងគំនិតផ្តួចផ្តើមសហគមន៍អាចជួយផ្លាស់ប្តូរតម្លៃសង្គមឱ្យឆ្ងាយពីសម្ភារៈនិយម និងឆ្ពោះទៅរកក្រមសីលធម៌ដែលរួមបញ្ចូល និងប្រកបដោយសាមគ្គីភាព ។
សរុបមក ខណៈពេលដែលប្រទេសកម្ពុជាបានកំពុងតែបោះជំហានយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការលេចចេញជាថ្មីនៃការបែងចែកវណ្ណៈសង្គមបង្កការគំរា.មកំហែ.ងយ៉ាងធ្ងន់ធ្ងរដល់ប្រក្រតីភាពនៃសង្គម ។ ដូច្នេះនៅពេលដែលវាកំពុងតែលេចត្រឹមតែស្រមោលព្រាងៗយើងចាំបាច់រួមគ្នាអង្គុយលុបស្រមោលនោះចេញតាមយន្តការសេដ្ឋកិច្ច ការអប់រំ និងនយោបាយដែលច្បាស់លាស់តាមរយៈការចាត់វិធានការយ៉ាងសកម្ម ដើម្បីដោះស្រាយវិសមភាព និងលើកកម្ពស់ការរួបរួមសង្គម ។
យើងទាំងអស់គ្នាដឹងអំពីចំណុចស្នូនៃបញ្ហា ដូច្នេះគួរតែនាំគ្នាព្យាយាមសម្រួលបញ្ហាស្នូលនោះចេញនៅពេលនោះឯកភាពជាតិ ភាតរភាព និងសាមគ្កីភាពជាតិនឹងអាចស្តារឡើងវិញបាន ប៉ុន្តែប្រសិនបើពីមួយថ្ងៃទៅមួយថ្ងៃគម្លាតនៅតែ បន្ត នោះវានឹងសន្សំបន្តិចៗម្តងរហូតដល់ផ្ទុះដែលនឹងពិបាកចាត់វិធានការណ៍ជាទីបំផុត ៕
ចែករំលែកព័តមាននេះ