ខេត្តស្វាយរៀង ៖ អ្នកលក់ដូរតាមកញ្ជើល្អី នៅផ្សារក្រមួន ក៏ដូចអ្នកលក់ដូរបន្លែ ត្រីសាច់ គឺរីករាយ ដោយរដូវវស្សាមកដល់ មានបន្លែធម្មជាតិសំបូរ ងាយស្រួលលក់ដូរ អាចរកប្រាក់ចំណូលបានគួរសម ។
អាជីវករ បានលើកឡើង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤នេះថា ផ្សារក្រមួន ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង (ផ្សារក្រមួន គឺមានលក់ដូរតែពេលព្រឹក ចាប់ពី៦និង៣០នាទីព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ គឺរើតូបឈប់លក់ហើយ។ ចំពោះអ្នកលក់ តាមកញ្ជើល្អី ម៉ោង១១ព្រឹក ឈប់លក់ទៅផ្ទះអស់ហើយ ទើបគេដាក់ឈ្មោះថា ផ្សារក្រមួន) ។
នៅរដូវវស្សានេះ ក្រុមអ្នកលក់ដូរ តាមកញ្ជើល្អី មានបន្លែធម្មជាតិលក់ដូរច្រើន ដូចជា ៖ ត្រកួន កញ្ឆែត ម្ជុលភ្នំ ស្នក់ទឹក ស្លាបចង្វា ស្គន់អំបោះ ម្ជូអំព្រឹក សក់នាង ភ្លៅកង្កែប រំចង់ ត្រកៀត ត្រសក់ ត្រប់ ស្រួយ ត្រប់វែង សៅម៉ៅព្រៃ។ បន្លែ ស្ពៃ សាឡាត់ ច្រលង់ ផ្កាសរ ស្លឹកបាស ផ្ទីរ ងប់ ឃ្លោកត្រឡាច ននោង ត្រាវ ក្តាត ស្លឹកម្រំ ។ល។ គឺពួកគាត់ដាំដោយខ្លួនឯង សម្រាប់បេះលក់ប្រចាំថ្ងៃ ។
បើតាមស្ត្រីម្នាក់វ័យ ៦៨ឆ្នាំ នៅភូមិក្រសាំងជ្រំសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ជាអ្នកលក់ដូរតាមកញ្ជើល្អី បានប្រាប់ឲ្យដឹងថា នៅរដូវវស្សានេះ គាត់ដាំដំណាំបន្លែបានល្អ ដោយមានភ្លៀងធ្លាក់គ្រប់គ្រាន់ គាត់ដាំដំណាំ វិលជុំ ដូច្នេះគាត់អាចបេះបន្លែ លក់បានរាល់ព្រឹក គិតជាមធ្យម លក់បាន១៥,០០០រៀល ទៅ៣០,០០០រៀល បើខែប្រាំង ដាំបន្លែ មិនសូវបានល្អទេ ជួនកាលបេះលក់១ថ្ងៃ ខាន១ថ្ងៃ ក្នុង១ថ្ងៃ លក់បានត្រឹម១ម៉ឺនរៀល ទៅ១៥,០០០រៀលប៉ុណ្ណោះ ។
ចំណែកឯ ស្ត្រីម្នាក់វ័យ៥៤ឆ្នាំ នៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀង អ្នកលក់បន្លែ ក្នុងតូប បានលើកឡើងថា នៅរដូវវស្សា សំបូរបន្លែ និងគ្រឿងផ្សំ ជីស្លឹកគ្រៃ លក់ដោយប្រជាកសិករដាំបានច្រើន សំបូរបន្លែគ្រប់មុខ ទិញបានធូថ្លៃជាងរដូវប្រាំង ក្នុងមួយព្រឹក ជាមធ្យមលក់បាន ១០ម៉ឺនរៀល ទៅ២០ម៉ឺនរៀល អាចចំណេញបាន ៤ម៉ឺនរៀល ទៅ៧ម៉ឺនរៀលដែរ ។
ចំពោះអ្នកលក់ត្រី មានពីរប្រភេទ គឺអ្នកលក់តាមកញ្ជ្រែង និងលក់មានតូប។ អ្នកលក់តាមកញ្ជ្រែង គឺអ្នករកត្រីខ្លួនឯង នៅព្រែកទន្លេវ៉ៃគោ មានត្រីចម្រុះ ត្រីចង្វា កម្ពឹះ កូន ត្រី និងត្រីដោតត្រណោត តាមរកបាន គឺមានត្រីអណ្តែង ត្រីផ្ទក់ ត្រីឆ្លាំង ត្រីកញ្ចុះ ត្រីឆ្លាត ត្រីឆ្លូញ កំភ្លៀវ ក៏ប៉ុន្តែចាប់ពីខែកក្កដាមក គឺរកមិនសូវបានត្រីធំទេ។ ត្រីលក់តាមតូប គឺភាគច្រើន ជាត្រីនាំចូលពីប្រទេសវៀតណាម ដូចជាត្រីរស់ ត្រីប្រា ត្រីពោ ត្រីកែ ត្រីក្រពាត់ ត្រី កេះ ត្រី ឆ្ពឹន ត្រីទី ឡាយ៉ា ត្រីអណ្តែង ត្រីក្រាញ់ ត្រីឆ្លូវ គឺត្រីចិញ្ចឹម ជាមធ្យមត្រីប្រមាណជា១០០គីឡូ ទៅ២០០គីឡូ ក្នុង១ព្រឹក។ អ្នកមកផ្សារក្រមួននេះ ភាគច្រើន គេមករកទិញបន្លែធម្មជាតិ និងត្រីធម្មជាតិ។ បើសាច់ជ្រូក សាច់មាន់ សាច់គោ ពោះគោ ពោះជ្រូកលក់ដាច់ច្រើន សាច់ជ្រូកជាមធ្យមក្នុង ១ព្រឹកលក់អស់ជាង១តោនឯណោះ ។
បើតាមស្ត្រីម្នាក់ទៀត វ័យ២៨ឆ្នាំ នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ជាអ្នកលក់សាច់ជ្រូក និងសាច់គោ បានប្រាប់កោះសន្តិភាពថា រូបនាងលក់សាច់ជ្រូកក្នុង ១ព្រឹកអស់ ៣០០គីឡូ (គឺកាប់ជ្រូក ៣ក្បាលទៅ៤ក្បាល) ចំណែកសាច់គោលក់អស់ប្រមាណ ៥០គីឡូក្រាម ។
ស្ត្រីរូបនេះ ប្រាប់បន្តថា សាច់ជ្រូកសាច់សុទ្ធ ១គីឡូ តម្លៃ១៨,០០០រៀល ឆ្អឹងជំនី ១គីឡូ១៨,០០០រៀលដែរ ។ សាច់គោ សាច់សុទ្ធល្អ សាច់ភ្លៅ ១គីឡូតម្លៃ ៣៥,០០០រៀល សាច់ត្បាពោះ ១គីឡូតម្លៃ ១៥,០០០រៀល។ ហើយផ្សារក្រមួននេះ មានតូបលក់សាច់គោ និងសាច់ជ្រូក ចំនួន០៦តូប គិតជាមធ្យម ក្នុង១ព្រឹក លក់អស់សាច់ជ្រូកជាង ១តោន សាច់គោ ចាប់ពី១៥០គីឡូ ទៅ២០០គីឡូ ប៉ុណ្ណោះ។ សាច់មាន់ សាច់ទា មាន០៤តូប ជាមធ្យម ក្នុង១ព្រឹក លក់អស់១៥០គីឡូ ទៅ២០០គីឡូ ។ មាន់ស្រែ និងមាន់បីសាស បោចហើយ ១គីឡូតម្លៃ ១៨,០០០រៀល។ ប៉ុន្តែផ្សារក្រមួននេះ គ្មានលក់ផ្លែឈើទេ បើចង់ទិញផ្លែឈើ ត្រូវទៅទិញនៅផ្សារវាលយន្ត ៕
ចែករំលែកព័តមាននេះ