ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ​ព​ន្ឋ​មិន​អស់ចិត្ត​ថា​ប្តី​ស្លា.ប់​ដោយ​លង់ទឹក​​ ក៏​សុំ​អភិបាលខេត្ត​ស្រាវជ្រាវ​ជា​ថ្មី ​ធ្លាយ​រឿង​ឃា.តកម្ម​

4 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ តប​តាម​សំណូមពរ​របស់​ភរិយា​ជន​រង​គ្រោះ​ដែល​សង្ស័យ​ថា​ប្ដី​របស់​គាត់​មិន​បាន​ស្លាប់​ដោយសារ​លង់ទឹក ដូច​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល ហើយ​បាន​សំពះ​ស្នើ​សុំ​ឯកឧត្តម​អភិបាលខេត្ត​ជួយ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ជា​ថ្មី ទើប​លេច​រឿង​ឃាតកម្ម ហើយ​ជនសង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​មក​សាកសួរ នៅ​ថ្ងៃ​ទី​២០ ខែសីហា…

ខេត្តកំពង់ឆ្នាំង ៖ តប​តាម​សំណូមពរ​របស់​ភរិយា​ជន​រង​គ្រោះ​ដែល​សង្ស័យ​ថា​ប្ដី​របស់​គាត់​មិន​បាន​ស្លាប់​ដោយសារ​លង់ទឹក ដូច​ការ​ធ្វើ​កោសល្យវិច័យ​របស់​សមត្ថកិច្ច​នគរបាល ហើយ​បាន​សំពះ​ស្នើ​សុំ​ឯកឧត្តម​អភិបាលខេត្ត​ជួយ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​ជា​ថ្មី ទើប​លេច​រឿង​ឃាតកម្ម ហើយ​ជនសង្ស័យ​២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​ឃាត់ខ្លួន​មក​សាកសួរ នៅ​ថ្ងៃ​ទី​២០ ខែសីហា ​ឆ្នាំ​២០២៤ ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី១៥ ខែសីហា​ឆ្នាំ ២០២៤ នៅ​ក្នុងភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយសារ​គេ​បាន​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក​។

ក្រោយ​ពី​ធ្វើ​កោ សល វិ​ច្ច័​យ​របស់​សមត្ថកិច្ច​នគរបាល បាន​បញ្ជាក់​ប្រាប់​ក្រុម​គ្រួសារ​ថា​បាន​ស្លាប់​ដោយសារ​លង់ទឹកដោយ​ខ្លួនឯង និង​បានឱ្យ​ប្រ​ព​ន្ឋ​ផ្តិត​មេដៃ​ទទួល​សព​ប្តី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

យ៉ាងនេះ​ក្តី​ ក្រោយ​ពេល​ធ្វើ​បុណ្យសព​ប្ដី រួច​ហើយ​មិន​អស់ចិត្ត ​អ្នក​ស្រី ហេង សា​វី ដែល​ត្រូវជា​ភរិយា​ជន​រង​គ្រោះ បាន​ទៅ​លើកដៃ​សំពះ​ស្នើ​សុំ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង​ជួយ​ស្រាវជ្រាវ​បើក​ការ​ស៊ើបអង្កេត​រក​យុត្តិធម៌​ជូន​ប្ដី​គាត់​ជា​ថ្មី ព្រោះ​គាត់​មិន​អស់ចិត្ត​ថា​ប្ដី​គាត់​ស្លាប់​ដោយសារ​លង់ទឹក ហេតុ​ម្តេច​បាន​មាន​ស្លាកស្នាម​របួស​លើ​ក្បាល ដាច់​ស្លឹកត្រចៀក និង​ជាំភ្នែក ។

លោក ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តកំពង់ឆ្នាំង បាន​បញ្ជាក់​ថា​នៅ​រសៀល ថ្ងៃ​ទី​២១ ខែសីហា​នេះ ថា ដោយ​ទទួល​បាន​បញ្ជាពីឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់​ឆ្នាំង និង​ជាគណៈ​បញ្ជាការ​ឯកភាព​ខេត្ត បានឱ្យ​លោក​ដឹកនាំ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បើក​ការ​ស៊ើបអង្កេត​លើ​ករណី ដែល​បុរស​ម្នាក់​ស្លាប់​នៅ​ក្នុង​ទឹកស្រះ​ជា​ថ្មី និង​ដោយ​មានការ​សម្រ​បសម្រួល​ពី​ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ផង ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​២​នាក់ ម្នាក់​ឈ្មោះ ប៊ុត សំបុ​ន ហៅ ប៉យ ភេទ​ប្រុស និង​ម្នាក់​ទៀត ឈ្មោះ មាស កាក់ មាន​ទីលំនៅ​ភូមិ​ក្នុង ឃុំ​ស្វាយ​ជ្រុំ ។

លោក​មេបញ្ជាការ​រង​កង​រាច​អាវុធហត្ថ​ខេត្តកំពង់ឆ្នាំង​បន្ត​ថា​៖ ផ្អែក​តាម​សាក្សី និង​តម្រុយ​នានា និង​ក្រោយ​ការ​សាកសួរ​យ៉ាង​យកចិត្តទុកដាក់​ជនសង្ស័យ​បាន​សារភាព​ថា​៖ នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០២៤ ពួក​គេ​ទាំង​២​នាក់​បាន​ផឹកស្រា​ជាមួយ​ជន​រង​គ្រោះ ឈ្មោះ ប្រាក់ សុ​ម៉ា​លី ហៅ​ជុ​យ គឺ​ផឹក​តាំងពី​ព្រឹក​រហូត​ដល់​ម៉ោង​ប្រមាណ​១១​ថ្ងៃត្រង់ មិន​ចាំ​ថា​អស់​ស្រា​ប៉ុន្មាន​លី​ត្រ​ទេ គឺ​ទិញ​បន្ត​ផឹក​រហូត​។ លុះ​ពេល​ស្រវឹង ឈ្មោះ ប៊ុត សំបុ​ន ហៅ ប៉យ បាន​បបួល​ឈ្មោះ ប្រាក់ សុមាលី ហៅ​ជុ​យ លេង​បោកចំបាប់ ។

ពេល​ឈ្មោះ ប៊ុត សំបុ​ន ហៅ ប៉យ បោកចំបាប់ ចាញ់​ឈ្មោះ ប្រាក់ សុមាលី ដែល​បាន​សង្កត់​ក្បាល​ផ្ទប់​ពីលើ​ថប់ដង្ហើម លុះ​រើ​រួចខ្លួន ក៍​ខឹង ហើយ​បាន​ទាត់​និង​ធាក់ ឈ្មោះ ប្រាក់ សុ​ម៉ា​លី​ជា​ជន​រង​គ្រោះ ២ ជើង បណ្ដាល​ឲ្យ​ធ្លាក់​ទៅ​ក្នុង​ទឹកស្រះ និង​បាន​ធាក់​ពីលើ​ជ្រមុជ​ទឹក​ជន​រង​គ្រោះ បន្ថែម​រហូត​ដល់​ស្លាប់​។

ចំណែក​ឈ្មោះ មាស កាក់ ដែល​ជា​អ្នកចូលរួម​ផឹកស៊ី​ជាមួយ គឺ​មិន​បាន​ធ្វើ​សកម្មភាព​ទេ តែ​នៅ​ឈរ​មើល មិន​ជួយ​ឃាត់ ទេ ថែម​ទាំង​លាក់​រឿង មិន​រាយ​ការ​ប្រាប់​សមត្ថកិច្ច​ទៀត​ផង ។ ក្រោយ​ពី​ជន​រង​គ្រោះ​ស្លាប់​ក្នុង​ទឹក​ហើយ ទើប​ពួក​គេ (​ជនសង្ស័យ​) ទាំង​២​នាក់​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន រហូត​ដល់​ម៉ោង​៣​រសៀល​ទើប​មានការ​ភ្ញាក់ផ្អើល ថា​មាន​មនុស្ស​ស្លាប់​ក្នុង​ស្រះ​ទឹក​។

ជនសង្ស័យ​ទាំង​២​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាម​នីតិ​វិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ