ធ្វើអ្វីក៏ទើស ធ្វើអ្វីក៏មិនត្រូវ ។ នេះប្រៀបដូចជា ការយល់ឃើញរបស់ប្រជាពលរដ្ឋមួយចំនួន ចំពោះរដ្ឋាភិបាលដែលទោះប្រឹងធ្វើយ៉ាងណាក៏មិនអាចអោយពួកគេទាំងនោះព្រមទទួលស្គាល់ដែរ ។ ផ្នត់គំនិតអវិជ្ជមានបែបនេះ កំពុងធ្វើអោយទំនាក់ទំនងរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួននោះហាក់បីដូចជា កំពុងតែឈានចូលទៅក្នុងដំណាក់កាលនៃការមិនទុកចិត្តគ្នា ។ ពោល គឺវាហាក់បីដូចជា កំពុងតែស្ថិតនៅក្នុងដំណាក់កាលដូចជា គ្រួសារមួយដែលទំនាក់ទំនងរវាងស្វាមី និងភរិយាមិនអាចចុះសម្រុងគ្នាពីព្រោះតែការមិនទុកចិត្តគ្នាទៅវិញទៅមក ។
នៅក្នុងស្ថានភាពបែបនេះ ប្រសិនបើនៅតែបណ្តែតបណ្តោយតទៅទៀតវានឹងក្លាយជាបញ្ហាធ្ងន់ទៅៗ ។ ដូច្នេះរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមួយចំនួនទាំងនោះគប្បីស្វែងរកចំណុចស្នូល ហើយត្រូវរកចំណុចរួមមួយ ដើម្បីភាពល្អូកល្អឺននៃទំនាក់ទំនងភាគីទាំងពីរ វិលមករកស្ថានភាពដែលស្វាមី និងភរិយាអាចបន្តរួមរស់នឹងគ្នារហូតដល់ចាស់កោងខ្នងរៀងៗខ្លួន ។
ជាការពិតការជួសជុលនៃទំនាក់ទំនង និងការផ្សះផ្សារគ្រួសារមួយដែលប្រេះស្រាំ វាមិនមែនជាកិច្ចការងាយស្រួលនោះទេ ។ ប៉ុន្តែវាមិនមានន័យថា ធ្វើមិនបានទេ ។ មានស្វាមី និងភរិយាខ្លះអាចស្តារទំនាក់ទំនង ហើយក៏អាចស្តារនូវសេចក្តីស្រលាញ់អាចជួសជុលប៉ះប៉ូវស្ថានការណ៍ និងអាចស្តារនូវស្នាមស្នេហ៍ក៏ដូចអនុស្សាវរីយ៍ផ្សេងៗកាលពីផ្តើមស្នេហ៍ដំបូង ហើយអាចបន្តរាត្រីទឹកឃ្មុំរួមគ្នា រួមគ្រែរួមខ្នើម រួមគ្រួសារជាម្លប់សម្រាប់គ្រួសារបន្តទៀតនោះហើយ គឺជាចំណុចផ្តើមដែលរាជរដ្ឋាភិបាល និងប្រជាជនគួរតែរួមគ្នារកឲ្យឃើញ ។
ប្រទេសកម្ពុជានៅពេលនេះបានកំពុងតែស្ថិតនៅក្នុងវិថីដ៏វែងឆ្ងាយក្នុងដំណើរឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាព ។ រាជរដ្ឋាភិបាលបានបោះជំហានយ៉ាងច្រើន ក្នុងវិស័យផ្សេងៗក្នុងគោលបំណងលើកកម្ពស់កម្រិតជីវភាពសម្រាប់ប្រជាជនរបស់ខ្លួន ។ ពីការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធដល់កម្មវិធីសុខុមាលភាពសង្គម វឌ្ឍនភាព គឺជាក់ស្តែងផ្ទាល់នឹងភ្នែកជាច្រើន ។ ទោះបីជាយ៉ាងណាក៏ដោយ បើទោះបីជាសមិទ្ធិផលទាំងនេះនៅតែមានប្រជាជនមួយចំនួនដែលចាត់ទុកការខិតខំប្រឹងប្រែងទាំងនេះដោយមន្ទិលសង្ស័យដែលរងឥទ្ធិពលដោយការរិះគន់ឥតឈប់ឈរពីក្រុមប្រឆាំង ។
ក្តីមន្ទិលសង្ស័យនេះ គឺជាឧបសគ្គដ៏សំខាន់មួយដែលរដ្ឋាភិបាលត្រូវតែដោះស្រាយដោយតម្លាភាព ការចូលរួម និងការអំពាវនាវឱ្យមានឯកភាពជាតិ ។ នៅក្នុងស្ថានភាពនេះ រាជរដ្ឋាភិបាលគួរតែត្រូវព្យាយាមសម្រុះសម្រួល ហើយព្យាយាមដើរតួនាទីដូចជា ស្វាមីដែលត្រូវតែយកចិត្តភរិយា ។ ដូច្នេះ វាមានសារៈសំខាន់ណាស់ក្នុងការគូសបញ្ជាក់ពីសមិទ្ធផលជាក់ស្តែងរបស់រាជរដ្ឋាភិបាល ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើហេដ្ឋារចនាសម្ព័ន្ធ ។ ការសាងសង់ផ្លូវថ្មី ស្ពាន និងបរិក្ខារសាធារណៈមិនត្រឹមតែធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការសម្រួលពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ ។
លើសពីនេះ រដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើនលើវិស័យថែទាំសុខភាព និងការអប់រំ ដែលធានាបាននូវលទ្ធភាពទទួលបានសេវាសំខាន់ៗកាន់តែប្រសើរឡើងសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បាននាំឱ្យមានការកែលម្អគួរឱ្យកត់សម្គាល់នៅក្នុងគុណភាពជីវិតជាមួយនឹងការកាត់បន្ថយអត្រានៃភាពក្រីក្រ និងការកើនឡើងនូវឱកាសការងារ ។
ទោះជាយ៉ាងណាក៏ដោយ ការទទួលស្គាល់សមិទ្ធិផលទាំងនេះទាមទារឱ្យមានទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងបើកចំហរ និងការចូលរួមជាមួយសាធារណជនប្រៀបបាននឹងទំនាក់ទំនងរវាងស្វាមី និងភរិយានៅក្នុងសង្គមគ្រួសារ ។
រាជរដ្ឋាភិបាលត្រូវតែប្រកាន់យកនូវវិធីសាស្ត្រសកម្មជាងមុនក្នុងការបង្ហាញពីផលប៉ះពាល់នៃគំនិតផ្តួចផ្តើមរបស់ខ្លួន ហើយព្យាយាមផ្សារភ្ជាប់នឹងប្រជាជនហើយផ្តល់តម្លៃ និងបើកផ្លូវឲ្យមានការចូលរួមពីប្រជាជន ។ តម្លាភាពក្នុងអភិបាលកិច្ចគណនេយ្យភាពលម្អិតនៃគម្រោង និងការចូលរួម គឺអាចធ្វើឱ្យសាធារណជនកសាងបាននូវទំនុកចិត្ត ហើយថែមទាំងប្រឆាំងនឹងការនិទានរឿងបោកបញ្ឆោត ដែលផ្សព្វផ្សាយដោយក្រុមប្រឆាំង ។
លើសពីនេះ វាជាការចាំបាច់សម្រាប់រដ្ឋាភិបាលក្នុងការដោះស្រាយកង្វល់ និងការរិះគន់ក្នុងន័យស្ថាបនា ។ ជាជាងច្រានចោលសំឡេងទាំងនេះ រាជរដ្ឋាភិបាលគួរតែចូលរួមក្នុងការសន្ទនា និងការពិភាក្សាដោយចំហរ ។ តាមរយៈការធ្វើដូច្នេះ វាបង្ហាញពីការប្តេជ្ញាចិត្តចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងទទួលស្គាល់ថា ការមិនពេញចិត្ត គឺជាផ្នែកមួយប្រកបដោយសុខភាពល្អនៃលទ្ធិប្រជាធិបតេយ្យណាមួយ ។ ការរិះគន់ក្នុងន័យស្ថាបនាអាចដើរតួជាយន្តការមតិកែលម្អដ៏មានតម្លៃ ជួយរាជរដ្ឋាភិបាលក្នុងការកំណត់តំបន់នៃការកែលម្អ និងប្រភពចម្បងនៃកែលម្អគោលនយោបាយរបស់ខ្លួន។
យើងទាំងអស់គ្នាត្រូវតែចងចាំថា លទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមរីកចម្រើន គឺតែងតែឈរលើការប្រកួតប្រជែងនៃគំនិត ដើម្បីឱ្យកម្ពុជាបន្តរីកចម្រើន ។ ដោយឡែក ប្រជាពលរដ្ឋក៏ត្រូវរួមចំណែកជាវិជ្ជមានដល់ដំណើរការអភិវឌ្ឈជាតិ ។ ជំនួសឱ្យការផ្តោតតែលើអ្វីដែលខុសអ្វីដែលប្រឆាំងផ្កាប់មុខ ព្រមទាំងអ្វីដែលយកគំនិតសួនតួ និងអាត្មានិយម ពួកគេក៏គួរគូសបញ្ជាក់នូវអ្វីដែលអាចធ្វើបានត្រឹមត្រូវ ។ ការផ្លាស់ប្តូរវិធីសាស្ត្រនេះ អាចជំរុញឱ្យមានបរិយាកាសសហការកាន់តែច្រើន ដែលគំនិតល្អៗដោយមិនគិតពីប្រភពដើមអាចត្រូវបានអនុវត្តសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងអស់។
តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិលក៏ជាចំណុចសំខាន់ក្នុងការកាត់គម្លាតរវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋ ។ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល គួរតែដើរតួនាទីជាចាស់ព្រឹទ្ធាចារ្យ ជាអាណាព្យាបាល ជាសាច់ញាតិរបស់គូស្វាមី និងភរិយា ដោយដើរតួនាទីជាអ្នកសម្របសម្រួល និងបញ្ចុះបញ្ចូលមិនមែនជាអ្នកយកសាំងទៅចាក់លើភ្លើងឡើយ ។
ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអង្គការសង្គមស៊ីវិលគួរតែមានការទទួលខុសត្រូវអាចផ្តល់នូវការផ្សព្វផ្សាយ ប្រកបដោយតុល្យភាព ដោយគូសបញ្ជាក់ពីសមិទ្ធិផល និងផ្នែកដែលត្រូវការការយកចិត្តទុកដាក់ ។ អង្គការសង្គមស៊ីវិលអាចជួយសម្រួលដល់ការចូលរួមរបស់សហគមន៍ ដោយធានាថា សំឡេងនៃជនងាយរងគ្រោះត្រូវបានឮ និងដោះស្រាយ ។ តាមរយៈការពង្រឹងតម្លាភាពការចូលរួមប្រកបដោយការស្ថាបនាជាមួយអ្នករិះគន់ និងជំរុញស្មារតីនៃកិច្ចសហការរដ្ឋាភិបាលអាចបញ្ចុះបញ្ចូលអ្នកមន្ទិលសង្ស័យ និងកសាងប្រទេសជាតិបន្ថែមទៀត ។
ម្យ៉ាងវិញទៀតប្រជាជនកម្ពុជាក៏គួរតែ ទទួលស្គាល់ និងអបអរសាទរចំពោះវឌ្ឍនភាពដែលបានធ្វើឡើង ខណៈពេលដែលរួមគ្នាខិតខំឆ្ពោះទៅរកអនាគតដ៏ត្រចះត្រចង់។ ចូរយើងទាំងអស់គ្នាចងចាំថា ការរួបរួមគ្នា និង ឯកភាពជាតិ គឺជាមូលដ្ឋានគ្រឹះនៃកម្លាំង និងការរីកចម្រើនរបស់ប្រទេសជាតិ ។ កាលណាខ្មែររួមគ្នា ខ្មែរនឹងខ្លាំង ហើយប្រទេសផ្សេងក៏មិនអាចមើលងាយយើងបានដែរ ៕
ចែករំលែកព័តមាននេះ