នៅកម្ពុជាយុវជនដែលមានប្រមាណជាលើសពី១៤លាននាក់ កាន់តែមានតួនាទីយ៉ាងសំខាន់ នៅគ្រប់វិស័យ ហើយត្រូវបានអ្នកនយោបាយនានាចាត់ទុកថា គឺជាកម្លាំងចលករស្នូលដ៏ចម្បងបំផុតរាប់ចាប់តាំងពីនយោបាយ និងសេដ្ឋកិច្ចរហូតដល់សកម្មភាពផ្សេងៗនៅក្នុងសង្គម ។ ដូច្នេះសកម្មភាពរបស់យុវជន នឹងមានសារសំខាន់ជាងអាយុជីវិត ។ យុវជនដើរផ្លូវខុស អាចរុញប្រទេសអោយធ្លាក់ក្នុងវិបត្តិ ខណ:យុវជនដើរផ្លូវត្រូវវានឹងនាំដល់ភាពរឹងមាំសន្តិភាព សេដ្ឋកិច្ច និងសង្គម ។
ជាមួយនឹងសារសំខាន់របស់យុវជន និងយុវតី ចំពោះប្រទេសជាតិបែបនេះ អ្នកនយោបាយគ្រប់ប្រភេទបានព្យាយាមទាក់ទាញទឹកចិត្តពួកគេ តាមរយ:គ្រប់រូបភាព ដើម្បីប្រើប្រាស់កម្លាំងយុវជន ដើម្បីមហិច្ឆតានយោបាយ ។ យុវជនកម្ពុជាជំនាន់នេះ កំពុងឈរនៅផ្លូវបំបែកមួយនៃបញ្ហាប្រឈមមុខ ក្នុងការកំណត់អនាគតប្រទេសជាតិរបស់ខ្លួន ។
ខណៈដែលរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ខ្លាំង ដើម្បីបំពេញសេចក្តីត្រូវការរបស់យុវជនដូចជា ការបណ្តុះបណ្តាលការងារការស្វែងរកការងារ ការអប់រំចំណេះដឹងជាដើមនោះអ្នកនយោបាយនិរទេសក្រៅប្រទេសឱ្យប្រឆាំងភាពស្របច្បាប់នៃរាជរដ្ឋាភិបាលបច្ចុប្បន្ន ។
នៅក្នុងបរិបទបែបនេះ យុវជនកម្ពុជាកំពុងតែទាញដោយកម្លាំងពីរផ្ទុយគ្នា ដោយតម្រូវអោយពួកគេចេះគិតពិចារណាច្បាស់លាស់អ្វីដែលត្រូវ និងអ្វីដែលខុស ។ ការប្រព្រឹត្តរបស់យុវជននៅពេលនេះ អាចកំណត់ដល់អនាគតរបស់ពួកគេ និងអនាគតរបស់ប្រទេស ។
ពួកគេអាចថ្លឹងថ្លែងអ្វីខុស ឬត្រូវដោយសារតែសមត្ថភាពរបស់ពួកគេ ស្រូបយកព័ត៌មានដ៏សម្បូរបែបដែលពួកគេទទួលបានតាមរយ:សារព័ត៌មាន និងបណ្តាញសង្គម។ ក្នុងន័យនេះការអប់រំយុវជនអោយយល់ច្បាស់ពីអ្វីដែលជាព័ត៌មានពិត និងអ្វីជាព័ត៌មានក្លែង គឺមានសារសំខាន់ណាស់ ដើម្បីពួកគេចាកចេញពីអន្ទាក់បោកប្រាស់នយោបាយ ដែលប្រើប្រាស់ព័ត៌មានក្លែងក្លាយ ដើម្បីដុតអារម្មណ៍របស់ពួកគេ ។ អ្វីដែលកម្ពុជាត្រូវប្រយ័ត្ន គឺត្រូវធ្វើអោយប្រាកដថាព័ត៌មានពិតអាចយកឈ្នះព័ត៌មានក្លែងក្លាយដោយធ្វើអោយរាល់សកម្មភាពរបស់យុវជនត្រូវបានតម្រង់ទិសដោយចំណេះដឹងដ៏ពិតប្រាកដ ។
ចំណែករដ្ឋាភិបាលក៏ត្រូវចាត់វិធានការបែបយ៉ាង ដើម្បីធ្វើអោយយុវជនរីករាយនឹងជីវិតបច្ចុប្បន្ន និងមើលឃើញអនគតដ៏កាន់តែប្រសើរសម្រាប់ពួកគេ តាមរយ:ជួយពួកគេអោយមានការងារធ្វើ មានមុខរបរច្បាស់លាស់ និងមានចំណូលគ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ ចំណែកយុវជនកម្ពុជាត្រូវតែយល់ថា ពួកគេជាមនុស្សសំខាន់សម្រាប់ប្រទេសជាតិ ។ ពួកគេត្រូវតែធ្វើអ្វីមួយសំខាន់សម្រាប់ប្រទេសជាតិ ដើម្បីអោយប្រទេសដើរលើផ្លូវដ៏ត្រឹមត្រូវសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ។ សកម្មភាពរបស់ពួកនឹងធ្វើអោយប្រវត្តិសាស្ត្រចងចាំចំពោះពួកគេដោយចៀសមិនរួច ។ ក្នុងន័យនេះ យុវជនកម្ពុជាត្រូវយល់ថា សកម្មភាពរបស់ពួកគេ គឺជាអ្នកសរសេរប្រវត្តិសាស្ត្ររបស់ពួកគេ។ ដូច្នេះ ពួកគេត្រូវតែធ្វើអ្វីដែលត្រឹមត្រូវ និងមានផលប្រយោជន៍របស់ខ្លួនឯង និងប្រទេសជាតិ ។
តើរដ្ឋាភិបាលអាចបំពេញសេចក្តីត្រូវការរបស់យុវជនដោយរបៀបណា?មានកិច្ចការជាច្រើន ដែលរដ្ឋាភិបាលកម្ពុជាត្រូវធ្វើ ដើម្បីកុំអោយយុវជនដើរផ្លូវខុស។ ការលើកកម្ពស់គុណភាពអប់រំដោយវិនិយោគលើការបណ្តុះបណ្តាលគ្រូ ការអភិវឌ្ឍ កម្មវិធីសិក្សា និងធនធានអប់រំ គឺមានសារសំខាន់ក្នុងការផ្តល់ចំណេះដឹងដល់យុវជន ។ នៅពេលពួកគេកាន់តែចេះដឹង ពួកគេនឹងកាន់តែចេះគិត ។ វាក៏មានភាពចាំបាច់ផងដែរក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបំពាក់ឱ្យយុវជននូវជំនាញជាក់ស្តែង ដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ។ នេះជាអ្វីដែលរដ្ឋាភិបាលកំពុងធ្វើការបណ្តុះបណ្តាលយុវជន១,៥ លាននាក់ ។ កិច្ចការនេះត្រូវតែធ្វើអោយមានប្រសិទ្ធភាពហើយជួយអោយុវជនទាំងអស់មានការងារធ្វើ និងរកចំណូលបានសមរម្យសម្រាប់ការរសនៅរបស់ពួកគេ ។
យើងក៏ត្រូវលើកទឹកចិត្តដល់ភាពជាដៃគូក្នុងវិស័យឯកជន ដើម្បីអភិវឌ្ឍគំនិតផ្តួចផ្តើមការងាររបស់យុវជន និងគាំទ្រភាពជាសហគ្រិន ។ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដើម្បីធានាថា យុវជនមានលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត និងបច្ចេកវិទ្យា ដែលមានសារៈសំខាន់សម្រាប់ការអប់រំ និងឱកាសការងារ ។ កម្មវិធីបណ្តុះបណ្តាលលើចំណេះដឹងផ្នែកឌីជីថល និងជំនាញ IT ក៏មានសារសំខាន់សម្រាប់រៀបចំយុវជនសម្រាប់កម្លាំងពលកម្មទំនើប ។
មិនតែប៉ុណ្ណោះ រដ្ឋក៏ត្រូវបង្កើនការយកចិត្តទុកដាក់ អនុវត្តកម្មវិធីសុខភាពដែលផ្តោតលើសុខភាពផ្លូវចិត្ត សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ និងការទប់ស្កាត់ការប្រើប្រាស់សារធាតុញៀន និងគ្រឿងស្រវឹងដែរ ។ រដ្ឋក៏ត្រូវលើកកម្ពស់ការលេងកីឡា និងសកម្មភាពកម្សាន្តដល់យុវជនផងដែរ ។
នៅពេលដែលរដ្ឋាភិបាលជួយសម្រេចរាល់ក្តីស្រម៉ៃរបស់យុវជនដូចជា ការទទួលបានការអប់រំខ្ពស់ ការមានការងារធ្វើ ការមានមុខរបរចិញ្ចឹមជីវិ ការមានការថែទាំសុខភាពល្អ និង ជីវិតរស់នៅសមរម្យ និងរីករាយនោះ ពួកគេនឹងនឹងមិនងាយធ្លាក់ក្នុងសកម្មភាពដែលបំផ្លាញទាំងខ្លួនឯង និងប្រទេសជាតិឡើយ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ