ខេត្ដកំពង់ស្ពឺ ៖ យុវជនម្នាក់ ដែលមានបណ្ដាញហ្វេសប៊ុកឈ្មោះ ដា សុវណ្ណមករា (កូនទារក) ជាសិស្សសាលាមួយ ក្នុងខេត្តកំពង់ស្ពឺ រៀនថ្នាក់ទី១២ បានអំពាវនាវអោយយុវជន និងអ្នកចូលរួមគាំទ្របាតុកម្ម ប្រឆាំង ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា និងទាមទារអោយរាជរដ្ឋាភិបាល លុបគម្រោងអភិវឌ្ឍន៍រួមគ្នា នៅតំបន់ត្រីកោណ CLV (DTA) និងបានញុះញង់ ជឿតាមក្រុមជ្រុលនិយមដែលជាមេខ្លោងជនក្បត់ជាតិ៣ជំនាន់ អោយត្រៀមចូលរួមបាតុកម្ម នៅថៃ្ងទី១៨ សីហា ២០២៤ ខាងមុខនេះ ត្រូវបានឃាត់ខ្លួន និងបញ្ជូនទៅពន្ធនាគារខេត្តកំពង់ស្ពឺ ។
បើតាមស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានអោយដឹងថា យុវជនដែលញុះញង់ឲ្យមានការចូលរួមបាតុកម្ម មានឈ្មោះ ធឹម មករា បានទទួលស្គាល់ថា ខ្លួនពិតជាបានធ្វើសកម្មភាព គៀងគរ និងញុះញង់អោយមានការតវ៉ា ប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា អោយមានផ្លាស់ប្ដូរ ពិតប្រាកដមែន ដោយយកតាមយុវជន នៅក្រៅប្រទេស ។
បច្ចុប្បន្ន សមត្ថកិច្ចបានដំណើរការកសាងសំណុំរឿងបញ្ជូនទៅអយ្យការធ្វើការចោទប្រកាន់ ពីបទរួមគំនិតក្បត់ ដែលត្រូវបានឃុំខ្លួនដាក់ពន្ធនាគារ ។
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ សំណូមពរដល់បងប្អូនផ្សេងទៀត សុំពិចារណា កុំជឿលើការឃោសនា ញុះញង់ពីក្រុមជ្រុលនិយមមួយក្ដាប់តូច និងជនក្បត់ជាតិ ៣ជំនាន់ និងបក្ខពួក ក្នុងការប្រឆាំងជាតិសាសន៍ខ្លួនឯង និងរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីបោះឆ្នោត ដោយឆន្ទៈប្រជាពលរដ្ឋខ្មែរ ៕



ចែករំលែកព័តមាននេះ