ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ហេតុ​ម្ដេច​បានជា​មានឈ្មោះភូមិ និងវត្ត «ក្រពើ​ពុល»កើតឡើង​ដោយ​របៀប​ណា?

10 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ភូមិ​និង​វត្ត​មួយឈ្មោះ ក្រពើ​ពុល ស្ថិត​នៅ​ក្នុង​ឃុំ​បង្កើត​ថ្មី ឈ្មោះ​ឃុំ​ក្រាំង​ដី​មាស ដែល​ទើបបាន​បំបែកចេញពី​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ នៅ​ក្នុង​ឆ្នាំ​២០២២​ ​កន្លង​ទៅ​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ភូមិ​និង​វត្ត​មួយឈ្មោះ ក្រពើ​ពុល ស្ថិត​នៅ​ក្នុង​ឃុំ​បង្កើត​ថ្មី ឈ្មោះ​ឃុំ​ក្រាំង​ដី​មាស ដែល​ទើបបាន​បំបែកចេញពី​ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ នៅ​ក្នុង​ឆ្នាំ​២០២២​ ​កន្លង​ទៅ​នេះ ។ ភូមិ​និង​វត្ត​ក្រពើ​ពុល ថ្វីបើ​នៅ​មិន​ឆ្ងាយ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំងប៉ុន្មាន ប៉ុន្តែ​ហាក់​នៅ​ឆ្ងាយ​ដាច់​ស្រ​យាល ដោយ​សារ​តែ​ផ្លូវ​គម​នា​គម​ខែវស្សា គឺ​លិចទឹក ​។ ការ​ធ្វើ​ចរាចរណ៍​គឺ​តាម​ផ្លូវទឹក​លើកលែងតែ​រដូវប្រាំង អាច​ធ្វើ​ដំណើរ​តាម​ផ្លូវគោក​បាន​។

លោកស្រី ញ៉ែ​ម សុ​ភី ជំទប់​ទី​១ ឃុំ​ក្រាំង​ដី​មាស ស្រុក​រលាប្អៀរ​បាន​បញ្ជាក់​ថា​ ភូមិ​ក្រពើ​ពុល​មាន ប្រជាពលរដ្ឋ​រស់នៅ១១៣​គ្រួសារ ។​ នៅ​រដូវប្រាំង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្ទើរតែ​ទាំងអស់​បាន​ចាក​ចេញពី​ផ្ទះសំបែង ទៅ​ធ្វើស្រែ​ចំការ នៅ​ភូមិ​សេះ​ស្លាប់ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរ​ណ៌ ធ្វើ​ឱ្យ​ក្នុងភូមិ​ស្ងាត់ជ្រងុំ សូ​ម្បី​តែ​វត្ត​ក្រពើ​ពុល ក៍​មាន​ត្រឹម​ព្រះសង្ឃ​តែ​២​អង្គ​គ​ង្គ​នៅ ប៉ុណ្ណោះ ដោយសារ​តែ​មិនសូវ​មាន​ពុ​ទ្ឋ​បរិស័ទ្ទ​ចំណុះ​ជើងវត្ត ។ ប៉ុន្តែ​សម្រាប់​រដូវ​ស្សា​វិញ ពេល​ស្រែ​ចំការ​ពួក​គាត់​លិច​ទឹក​អស់ ពួក​គាត់​បាន​ត្រឡប់​មក​លំនៅ​ដ្ឋា​ន​វិញ​ទើប​ធ្វើ​ឱ្យ​ក្នុងភូមិ​មាន​មនុស្ស​អ៊ូអរ​។

លោកតា សៀង នី អាយុ​៧២​ឆ្នាំ​ ជា​ប្រធាន​ភូមិ​ក្រពើ​ពុល បាន​រៀបរាប់​ឲ្យ​ដឹង​ពី​វ​ត្តិ​នៃឈ្មោះ​ក្រពើ​ពុល​ថា តាម​ការ​និទាន​ត​ៗ​គ្នា​ពី​ព្រឹទ្ធាចារ្យ ក៏​ដូច​ជា​ឪពុក​ម្ដាយ ជីដូន​ជីតា​របស់​លោក​មក​ថា​ កាល​ដើម​ឡើយ​នៅ ទីទួល​មួយ​ឈ្មោះ​ទួល​គ ដែល​មាន​ដើម​គរ​ធំ​ៗ ជា​ច្រើន ដុះ​ជាប់មាត់​ស្រះ​ទឹក​យ៉ាង​ធំ ដែល​មាន​អំណោយផល​ដល់​សត្វ​ក្រពើ មក​ពង​កូន នៅ​ខែប្រាំង ។

នៅ​ទីតាំង​នោះ​មាន​ក្រពើ​ច្រើន​ណាស់ តែងតែ មក​ពង​នៅ​រដូវប្រាំង ហើយ​ពេល​ខែវស្សា​ទឹក​លិច​ទីទួល​នេះ​អស់ សត្វ​ក្រ​ពើក៏​នាំ​គ្នា​ចាកចេញ នឹង​ត្រឡប់​មក​ពង​កូន​វិញ​នៅ​ខែប្រាំង​វិញ ​ជា​រៀង​រាល់​ឆ្នាំង ។ កាល​ណោះ មាន​ប្រជាពលរដ្ឋ​មួយ​គ្រួសារ បាន​ប្រកបរ​បរដាក់​លប​យក​ត្រី​លក់​ចិ​ញ្ចឹម
​ជីវិត​។

លោកតា ព្រុំ ជា​មេ​គ្រួសារ តែងតែ​ទៅ​ដាក់​លប នៅ​ម្តុំ​ជិត​ទួល​ដើម​គ ។ ប៉ុន្តែ លប របស់​គាត់​មួយ​ចំនួន ត្រូវ​បាន​សត្វ​ក្រពើ​ហែក ចាប់​ត្រី​ស៊ី ស្ទើរ​រៀងរាល់ថ្ងៃ​ធ្វើ​ឲ្យ​លោកតា​ក្តៅក្រហាយ ហើយ​ក៏​បាន​រៀបចំ​ផែនការ សម្លាប់សត្វ​ក្រពើ​ដែល​តែងតែ បំផ្លាញ​លប​របស់​គាត់ ។ លោក តា​ព្រុំ បាន​បេះ​ផ្លែ​ស្លែង យក​គ្រាប់​ទៅ​បុក​ឲ្យ​ម៉ត់ រួច​វះ​ដាក់​ចូល​ទៅ​ក្នុង​ពោះ​ត្រី​ខ្មាន់ (​ត្រី​ធំ​ៗ)​និង​ដេរ​ពោះ​ត្រី​ឱ្យ​ជិត​។ បន្ទាប់​មក​យក​ត្រី​ខ្មាន់ ទាំងនោះ​ទៅ​ដាក់​ចូល លប ៤​ទៅ​៥​លប រួច​យក​ទៅ​ដាក់​នៅ​ទីតាំង​ដែល​សត្វ​ក្រពើ តែងតែ ហែក​លប ចាប់​ស៊ី​ត្រី ស៊ី ។

ផែនការ​របស់​គាត់​បាន​ផល​ល្អ សត្វ​ក្រពើ​បាន​ពុល​ងាប់ ជា​បណ្ដើរ​ៗ រាងរាល់ថ្ងៃ ។​ធ្វើ​ឲ្យ​សត្វ​ក្រពើ​ចេះ​តែ​ថយ​ចុះ​ពី​មួយ​ថ្ងៃ​ទៅ​ពី​មួយ​ថ្ងៃ រហូត​បាត់​ក្រពើ​អស់​។​តា​ព្រុំ និង ក្រុម​គ្រួសារ​អាច​ប្រកប​មុខរបរ​ដាក់​លប បាន​យ៉ាង​ស្រួល​។​ចាប់តាំងពី​នោះ​មក ទីតាំង​មាន​សត្វ​ក្រពើ​ងាប់ បាន​ក្លាយ​ជាទី​ឈ្មោះ​ក្រពើ​ពុល ៗ​រហូត​មក ។

​លុះ​តំណរ​ក្រោយ​ៗ​មក​ មាន​ប្រជាពលរដ្ឋ​មក​តាំង​ទីលំនៅរស់នៅ​តំបន់​នោះ​កាន់តែ​ច្រើន​ឡើង​ៗ ទើបបាន​កើតជា​ភូមិ​មួយ​ឈ្មោះ​ភូមិ​ក្រពើ​ពុល ហើយ​តំណរ​មក​ទៀត ក៍កើត​បាន​វត្ត​មួយទៀត ឈ្មោះ​វត្ត​(​សុវណ្ណ​ឱ​រី​យ្យ​) ហៅ​វត្ត​ក្រពើ​ពុល​ដល់​សព្វថ្ងៃ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ