ទីក្រុងកៀវ៖ នៅពេលកងទ័ពអ៊ុយក្រែនកំពុងជក់ដៃវាយចូលទឹកដីរុស្ស៊ីនៅត្រង់តំបន់ខឺសដែលគួរណាស់រុស្ស៊ីដកកម្លាំងខ្លះមកទប់ទល់។ ប៉ុន្តែមិនដូច្នេះទេ។ រុស្ស៊ីសម្រុកវាយប្រហារអ៊ុយក្រែនកាន់តែខ្លាំង។ ថ្ងៃនេះ អាជ្ញាធរអ៊ុយក្រែននៅទីក្រុងផូករ៉ូស (Pokrovsk) អំពាវនាវយ៉ាងទទូចឱ្យជនស៊ីវិលប្រញាប់ជម្លៀសខ្លួនចេញពីទីក្រុងនេះឱ្យបានកាន់តែឆាប់រហ័សតាមដែលអាចធ្វើទៅបានព្រោះកងទ័ពអ៊ុយក្រែនទប់លែងជាប់តទៅទៀតហើយ។

កងទ័ពរុស្ស៊ីកំពុងវាយប្រហារយ៉ាងរន្ថើន។ នៅសល់មិនប៉ុន្មានគីឡូម៉ែត្រទៀតទេពួកគេអាចនឹងវាយដល់ទីក្រុងនេះ។ ទីនេះជាគោលដៅដ៏សំខាន់របស់រុស្ស៊ី។ ការអំពាវនាវឱ្យប្រជាជនជម្លៀសខ្លួននេះធ្វើឡើងនៅពេលកងទ័ពអ៊ុយក្រែនបន្តវាយប្រហារចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ីដើម្បីព្យាយាមហែកកម្លាំងរុស្ស៊ីកុំឱ្យវាយប្រហារខ្លាំងពេកទៅលើទឹកដីអ៊ុយក្រែនខាងកើត។

ការប្រកាសឱ្យមនុស្សជម្លៀសខ្លួនលើកនេះជាលទ្ធផលនៃការប្រថុយនឹងល្បែងសង្គ្រាមដ៏គ្រោះថ្នាក់ដែលអ៊ុយក្រែនកំពុងតែលេងជាមួយរុស្ស៊ី។ អ៊ុយក្រែនបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលឆ្លងព្រំដែនចូលទឹកដីរុស្ស៊ីកាលពីថ្ងៃទី៦ ខែសីហា និងចូលកាន់កាប់ទឹកដីរុស្ស៊ីនៅតំបន់ខ្លះចម្ងាយពី២៥-៣០គីឡូម៉ែត្រ។ គេបារម្ភថាការវាយប្រហារដ៏ក្លាហាន ប៉ុន្តែដ៏ប្រថុយប្រថានរបស់អ៊ុយក្រែនលើកនេះអាចនឹងមានផលអវិជ្ជមានចំពោះអ៊ុយក្រែន។ មូលហេតុដោយសារអ៊ុយក្រែនដកកម្លាំងមួយផ្នែកទៅវាយលុកចូលទឹកដីរុស្ស៊ី ហើយធ្វើឱ្យកម្លាំងការពារនៅលើទឹកដីអ៊ុយក្រែនខ្លួនឯងបែរជាចុះខ្សោយជាងមុន។

សព្វថ្ងៃនេះ រុស្ស៊ីមានប្រៀបខ្លាំងជាងអ៊ុយក្រែននៅលើសមរភូមិនៅតំបន់ដូញែត (Donetsk)។ អ៊ុយក្រែនចង់បង្ហាញថាខ្លួនអាចតស៊ូទប់ទល់នឹងកម្លាំងវាយប្រហារដ៏ខ្លាំងក្លារបស់រុស្ស៊ី។ ដូច្នេះ អ៊ុយក្រែនមិនដកថយទេទាំងសមរភូមិនៅដូញែត និងនៅតំបន់ខឺស។ មានន័យថាមិនត្រូវការកម្លាំងពីខឺសដើម្បីទប់ទល់ជាមួយរុស្ស៊ីនៅដូញែតទេ ហើយក៏មិនត្រូវការបោះបង់ចោលដូញែតដែរ។

ចំណែករុស្ស៊ីក៏ដូចគ្នា។ ទោះបីអ៊ុយក្រែនដាក់សម្ពាធទៅលើតំបន់ខឺស ប៉ុន្តែរុស្ស៊ីមិនត្រូវការបន្ធូរដៃ ឬដកកម្លាំងពីដូញែតដើម្បីទប់ជាមួយអ៊ុយក្រែននៅខឺសដែរ។ ប៉ុន្តែការសម្រេចចិត្តរបស់ភាគីទាំងពីរមិនប្រាកដជាត្រឹមត្រូវទេ។ នេះបើយោងតាមការប្រមើលមើលរបស់លោកនីហ្គែល ហ្គោលដេវីស (Nigel Gould-Davies) ជាអ្នកស្រាវជ្រាវម្នាក់។ លទ្ធផលអាចនឹងមួយចានទឹក មួយចានគោក។

យុទ្ធនាការរបស់រុស្ស៊ីនៅតំបន់ដូញែតលើកនេះពោរពេញដោយវិនាសកម្ម។ រុស្ស៊ីបានពលីអាយុជីវិតរបស់កងទ័ពយ៉ាងច្រើន គួបផ្សំនឹងគ្រឿងបរិក្ខារយោធា អាវុធយុទ្ធភ័ណ្ឌក៏បាត់បង់សម្បើមណាស់ដែរ។ ប៉ុន្តែពួកគេក៏មែនមែនខាតបង់ទទេៗនោះទេ។ ដោយសន្សឹមៗ ទីតាំងឈរជើងរបស់អ៊ុយក្រែនបានធ្លាក់ទៅក្នុងដៃរបស់រុស្ស៊ីជាបន្តបន្ទាប់។

សូមជម្រាបថាទីក្រុងផូករ៉ូស (Pokrovsk) កាលពីមុនផ្ទុះសង្គ្រាម មានប្រជាជនរស់នៅប្រហែល៦ម៉ឺននាក់។ ទីនេះជាតំបន់យុទ្ធសាស្ត្រការពារដ៏សំខាន់របស់អ៊ុយក្រែន ហើយក៏ជាច្រកផ្លូវសំខាន់សម្រាប់ផ្គត់ផ្គង់ភស្តុភារនៅទូទាំងតំបន់ដូញែតផងដែរ។ បើសិនកងទ័ពរុស្ស៊ីវាយយកបានទីក្រុងនេះមែននាពេលអនាគត អ៊ុយក្រែនពិតជាពិបាកធំហើយព្រោះនឹងធ្វើឱ្យចុះខ្សោយកម្លាំងការពារ និងកាត់ផ្ដាច់ច្រកផ្លូវសម្រាប់ផ្គត់ផ្គង់ជំនួយទៅឱ្យកងទ័ពនៅសមរភូមិមុខ។

អាជ្ញាធរធ្លាប់បានជំរុញឱ្យជនស៊ីវិលជម្លៀសខ្លួនចេញពីទីក្រុងផូករ៉ូសតាំងពីច្រើនសប្ដាហ៍មកហើយ។ ប៉ុន្តែលើកនេះមិនមែនប្រកាសលេងៗទេ គឺប្រកាសឱ្យជម្លៀសខ្លួនជាបន្ទាន់តែម្ដង។ មន្ត្រីមូលដ្ឋាននៅទីក្រុងផូករ៉ូសប្រកាសតាមតេឡេក្រាមនៅល្ងាចថ្ងៃសុក្រថាការវាយសម្រុករបស់រុស្ស៊ីហាក់ដូចជាឆាប់រហ័សពេកហើយ។ ពី១ថ្ងៃទៅ១ថ្ងៃ អ៊ុយក្រែននៅសល់ពេលវេលាកាន់តែតិចទៅៗ។ សូម្បីតែប្រមូលឥវ៉ាន់យកទៅតាមខ្លួនដើម្បីជម្លៀសខ្លួនទៅកាន់ទីកន្លែងសុវត្ថិភាពសឹងតែមិនទាន់។

ប្រមុខដឹកនាំអ៊ុយក្រែន លោកហ្សេឡិនស្គី ព្រមានតាំងពីថ្ងៃព្រហស្បតិ៍ថាទីក្រុងផូករ៉ូស និងទីក្រុងតូច-ធំដែលជាតំបន់ខ្សែក្រវាត់ទីក្រុងនេះនៅតំបន់ដូញែតកំពុងរងការវាយប្រហារពីសំណាក់កងទ័ពរុស្ស៊ីខ្លាំងជាងពេលណាៗទាំងអស់។ លោកផ្ដល់អាទិភាពខ្ពស់បំផុតទៅលើការបញ្ជូនជំនួយគ្រប់យ៉ាងទៅកាន់តំបន់នោះ។ នៅថ្ងៃដដែលនោះ អាជ្ញាធរប្រកាសឱ្យជនស៊ីវិលជម្លៀសខ្លួនជាបន្ទាន់ចេញពីទីក្រុងនេះ៕
ចែករំលែកព័តមាននេះ