ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង់គ្លេស​បើក​ដៃ​ឱ្យ​អ៊ុយ​ក្រែន​ប្រើ​អា​.វុធ​ជំនួយ​វាយ​ចូល​ទឹក​ដី​រុស្ស៊ី​ហើយ

11 ខែ មុន

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ ក្រសួង​ការ​ពារ​ជាតិ​អង់គ្លេស​ប្រកាស​ច្បាស់​ៗ​ថា​អ៊ុយ​ក្រែន​អាច​ប្រើ​ប្រាស់​រថ​ក្រោះ​ និង​អាវុធ​ដទៃ​ទៀត​ដែល​ជា​ជំនួយ​របស់​អង់គ្លេស​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រុស្ស៊ី​នៅ​លើ​ទឹក​ដី​រុស្ស៊ី​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​អង់​គ្លេស​សូម​បញ្ជាក់​បន្ថែម​ទៀត​ថា​អង់គ្លេស​នៅ​តែ​រក្សា​ទុក​ដ​ដែល​នូវ​ការ​ហាម​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មាន​ឈ្មោះ​ថា​ស្តំ​ សេដូ​ (Storm Shadow)​​។ តាម​រយៈ​ការ​ប្រកាស​គោល​ជំហរ​របស់​អង់គ្លេស​​លើក​នេះ​​អាច​និយា​យបាន​ថា​រថ​ក្រោះ​ក្ដី គ្រាប់​មីស៊ីល​សម្រាប់​បាញ់​រថ​ក្រោះ​ក្ដី…

ទី​ក្រុង​កៀវ៖ ថ្មី​ៗ​នេះ ក្រសួង​ការ​ពារ​ជាតិ​អង់គ្លេស​ប្រកាស​ច្បាស់​ៗ​ថា​អ៊ុយ​ក្រែន​អាច​ប្រើ​ប្រាស់​រថ​ក្រោះ​ និង​អាវុធ​ដទៃ​ទៀត​ដែល​ជា​ជំនួយ​របស់​អង់គ្លេស​ដើម្បី​វាយ​ប្រហារ​ទៅ​លើ​កង​ទ័ព​រុស្ស៊ី​នៅ​លើ​ទឹក​ដី​រុស្ស៊ី​បាន​ដោយ​គ្មាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​អង់​គ្លេស​សូម​បញ្ជាក់​បន្ថែម​ទៀត​ថា​អង់គ្លេស​នៅ​តែ​រក្សា​ទុក​ដ​ដែល​នូវ​ការ​ហាម​ប្រើ​ប្រាស់​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែល​មាន​ឈ្មោះ​ថា​ស្តំ​ សេដូ​ (Storm Shadow)​​។

តាម​រយៈ​ការ​ប្រកាស​គោល​ជំហរ​របស់​អង់គ្លេស​​លើក​នេះ​​អាច​និយា​យបាន​ថា​រថ​ក្រោះ​ក្ដី គ្រាប់​មីស៊ីល​សម្រាប់​បាញ់​រថ​ក្រោះ​ក្ដី និង​គ្រឿង​បរិក្ខារ​យោធា​ដទៃ​ទៀត​ក្ដី​ឱ្យ​តែ​ជា​​ជំនួយ​របស់​អង់គ្លេស​ផ្ដល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​អាច​ប្រើ​ប្រាស់​ដោយ​សេរី​សម្រាប់​កង​ទ័ព​អ៊ុយ​ក្រែន​​កំពុង​បើក​ប្រតិ​បត្តិ​ការ​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​នៅ​តំបន់​​ខឺស (Kursk)។ នេះ​ជា​ផ្នែក​១​នៃ​យុទ្ធ​សាស្ត្រ​ការ​ពារ​ខ្លួន​។​

ប្រភព​ពី​រដ្ឋាភិបាល​អង់គ្លេស​​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​តាម​ពិត​ទៅ, នៅ​លើ​សមរ​ភូមិ​ជាក់​ស្ដែង​ កង​ទ័ព​អ៊ុយ​ក្រែន​បាន​ប្រើ​ប្រាស់​រថ​ក្រោះ​អង់គ្លេស​ម៉ាក​ឆាលេន​ជើ​ ធូ (Challenger 2) របស់​អង់គ្លេស​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​រយៈ​ពេល​ជាង​​១​​អាទិត្យ​មក​ហើយ​។ ប៉ុន្តែ​ក្រសួង​ការ​ពារ​ជាតិ​អង់គ្លេស​សូម​មិន​ធ្វើ​អត្ថា​ធិប្បាយ​​ជុំ​វិញ​​ករណី​ដែល​អ៊ុយ​ក្រែន​ប្រើ​​ ឬ​មិន​ប្រើ​​រថ​ក្រោះ​របស់​អង់គ្លេស​នោះ​ទេ​។

​គិត​ចាប់​តាំង​​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០២២​មក​ អង់គ្លេស​បាន​សន្យា​ផ្ដល់​ជំនួយ​យោធា​គិត​ជាទឹក​ប្រាក់​៩,៧៧​លាន​ដុល្លារ​សម្រាប់​អ៊ុយ​ក្រែន​។ នេះ​បើ​យោង​តាម​បណ្ណា​ល័យ​​រដ្ឋ​សភា​អង់គ្លេស​ដែល​ជា​អ្នក​បោះ​ពុម្ព​ផ្សាយ​តួ​លេខ​នេះ។ នៅ​ក្នុង​កញ្ចប់​ជំនួយ​នោះ​ក៏​មាន​រថ​ក្រោះ​ខ្នាត​ធំ​របស់​អង់​គ្លេស​​​១៤​គ្រឿង​ដែល​ផ្ដល់​ទៅ​ឱ្យ​អ៊ុយ​ក្រែន​កាល​ពី​ឆ្នាំ​២០២៣​ រួម​ជា​មួយ​រថ​ពាស​ដែក​, គ្រាប់​រំសេវ, ប្រព័ន្ធ​ការ​ពារ​ដែន​អាកាស​, គ្រឿង​សាស្ត្រា​វុធ​អេឡិច​ត្រូនិច និង​កាំ​ភ្លើង​ធំ​។

​រយៈពេល​២​អាទិត្យ​ចុង​ក្រោយ​នេះ អ៊ុយ​ក្រែន​បើក​ការ​វាយ​ប្រហារ​​ទ័ព​ជើង​គោក​ចូល​ទឹក​ដី​រុស្ស៊ី​តាម​តំបន់​ខឺស​។ ​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​ នេះ​ជា​លើក​ទី​១​ដែល​ប្រទេស​រុស្ស៊ី​រង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​ដល់​ថ្នាក់​នេះ​។ មន្ត្រី​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ម្នាក់​ប្រាប់​ថា​ការ​វាយ​ប្រហារ​​លើក​នេះ​ដើម្បី​បង្កើត​តំបន់​ទ្រនាប់​​​ការ​ពារ​ប្រជា​ជន​អ៊ុយ​ក្រែន​ទល់​នឹង​ការ​វាយ​ប្រហារ​ណា​មួយ​ពី​សំណាក់​កង​ទ័ព​រុស្ស៊ី​។

អតីត​រដ្ឋ​មន្ត្រី​ការ​បរទេស​អង់គ្លេស​ លោក​ដេវីដ កាំម៉្រុន​ (David Cameron)​ ថ្លែង​កាល​ពី​ខែ​ឧសភា​ថា​អ៊ុយ​ក្រែន​ត្រូវ​តែ​មាន​សិទ្ធិ​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​អង់គ្លេស​ដើម្បី​វាយ​ប្រហារ​ចូល​ទឹក​ដី​រុស្ស៊ី​។ ប៉ុន្តែ​រដ្ឋាភិបាល​អង់គ្លេស​មិន​ដែលធ្វើ​អត្ថា​ធិប្បាយម្ដង​ណា​ទេ​​​​ពាក់​ព័ន្ធ​នឹង​ករណី​ដែល​អ៊ុយ​ក្រែន​ប្រើ​ប្រាស់​អាវុធ​ជំនួយ​របស់​អង់គ្លេស​វាយ​ប្រហារ​ទៅ​លើ​ទឹក​ដី​រុស្ស៊ី​។ ដូច្នេះ លើក​នេះ​អាច​ចាត់​ទុក​ជា​លើក​​ទី​១​ដែល​អង់គ្លេស​ចេញ​សេច​ក្ដី​ប្រកាស​ជា​ចំហ​ និង​ជា​ផ្លូវ​ការ​តែ​ម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ