រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញបានផ្លាស់ប្តូរជាមួយនឹងការ បង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មី ក្រោយពីលោកម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារថ្មី នៅខេត្តឧត្តមានជ័យ។

ដីកាស្តីពីការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញត្រូវបានអនុម័តពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥សីហា ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកកើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។
ដីកា ស្តីពី ការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រេច៖

ប្រការ ១-ត្រូវបានបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖ ១-លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។ ២-លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិកា។ ៣-លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល ជាសមាជិកា។ ៤-លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគ ជាសមាជិក។

ប្រការ ២-មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ត្រីទទួលបន្ទុកព័ត៌មានត្រូវជួយក្រុមប្រឹក្សាក្នុងការធានាឱ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឱ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធភាព៕

ចែករំលែកព័តមាននេះ