ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​រ៉ា​ប៊ី​សា​អូឌីត​ផ្តល់​ជូន Vinicius Jr. ជាង​១​ពាន់​លាន​ដុល្លារ ដើម្បី​ចាក​ចេញពី Real Madrid

4 អាទិត្យ មុន

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ESPN រួម​ទាំង CNN កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤…

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters ESPN រួម​ទាំង CNN កាលពី​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២៤ បានឱ្យ​ដឹង​ថា កីឡាករ Vinicius Junior ខ្សែប្រយុទ្ធ​ស្លាប​ឆ្នើម​របស់​ក្រុម​ស្តេច​ស Real Madrid កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ពី​ក្លិប​មួយ​នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League ដោយ​ហ៊ាន​ផ្តល់​ជូន​ថ្លៃ​ពលកម្ម​ដល់​ខ្សែប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល​រូប​នេះ​រហូត​ដល់​តម្លៃ ១.១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​ក្លាយជា​អត្ត​ព​លិ​ក​មាន​ថ្លៃ​ពលកម្ម​ខ្ពស់​បំផុត​លើ​ពិភពលោក​។

ប្រភព​ពី Reuters រាយការណ៍​ថា Vinicius Jr. ត្រូវ​បាន​មន្ត្រី​មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត (PIF) ទាក់ទង និង​ផ្តល់​កិច្ចសន្យា​៥​ឆ្នាំ មាន​តម្លៃ​ប្រហែល ២១៨​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​រដូវ​កាល បូក​រួម​ទាំង​ប្រាក់​រង្វាន់​ផ្សេង​ទៀត ដើម្បី​មក​ប្រកប​អាជីព​នៅ Saudi Pro League ។ របាយ​ការណ៍​ពី Reuters និង ESPN អះអាង​ថា កិច្ចព្រមព្រៀង​ម​នេះ​ក៏​រួម​បញ្ចូល​ផង​ដែរ​នូវ​កិច្ចសន្យា​រយៈពេល​១០​ឆ្នាំ​ដាច់​ដោយឡែក ដើម្បី​ឱ្យ​ខ្សែប្រយុទ្ធ​ស្លាប​វ័យ​២៤​ឆ្នាំ​រូប​នេះ ក្លាយជា​ឯកអគ្គរាជទូត​មុន​ពេល​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០៣៤ ដែល​រៀបចំ​ឡើង​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត​។

ប្រភព​ពី Reuters បាន​បន្ត​ថា Vinicius Jr. មិន​ទាន់​បដិសេធ​សំណើ​ដ៏​មហាសាល​នេះ​នៅឡើយ​ទេ ហើយ​លទ្ធភាព​ចាក​ចេញពី​ក្លិប Real Madrid កំពុង​ស្ថិត​ក្រោម​ការ​សិក្សា​អំពី​ការ​ផ្តល់​ជូន​ជាមួយ​ក្រុមការងារ​របស់​គេ​។ ហើយ​ការ​ពិភាក្សា​រវាង​មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​ជាមួយ​ក្លិប Real Madrid អំពី​ការ​ចុះហត្ថលេខា​លើ​កីឡាករ​រូប​នេះ​នឹង​កើតឡើង បើ​ទោះបីជា​ក្លិប​យក្ស​នៅ​អេ​ស្ប៉ា​ញ​មួយ​នេះ មិន​ចង់ឱ្យ​កីឡាករ​ឆ្នើម​របស់​ពួក​គេ​ចាកចេញ​យ៉ាងណា​ក៏​ដោយ​។ ការ​ដាក់​សំណើ​ផ្លូវការ​លើ​ការ​ផ្តល់​ជូន​ក្លិប Real Madrid សម្រាប់​កីឡាករ Vinicius Jr. មិន​ទាន់​កើតឡើង​នៅឡើយ​ទេ ដោយ​ជំហាន​ដំបូង​ត្រូវ​ទទួល​បានការ​យល់ព្រម​លក្ខខណ្ឌ​ផ្ទាល់ខ្លួន​ជាមួយនឹង Vinicius Jr. ជា​មុន​សិន​។

បច្ចុប្បន្ន​មូលនិធិ​វិនិយោគសាធារណៈ​អា​រ៉ា​ប៊ី​សា​អូឌីត ឬ​មូលនិធិ​ទ្រព្យសម្បត្តិ​អធិបតេយ្យ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​មានទ្រព្យ​សម្បត្តិ​រហូត​ដល់ ៩២៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ កំពុង​កាន់កាប់​ភាគហ៊ុន​រហូត​ដល់ ៧៥% លើ​ក្លិប​ធំ​ៗ​ចំនួន ៤ នៅ Saudi Pro League រួម​មាន​ក្លិប Al Ahli, Al Ittihad, Al Hilal និង​ក្លិប Al Nassr ដែល​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo កំពុង​ប្រកប​អាជីព​នៅ​ទីនោះ​។

គួរ​ឱ្យ​ដឹង​ថា ខ្សែប្រយុទ្ធ​ស្លាប Vinicius Jr. បាន​ផ្លាស់​ពី​ក្លិប Flamengo នៅ​ប្រេ​ស៊ី​លម​ក​ចូលរួម​ជាមួយ Real Madrid នៅ​ឆ្នាំ​២០១៨ នៅ​ក្នុង​តម្លៃ​៤៦​លាន​អឺ​រ៉ូ ហើយ​បច្ចុប្បន្ន​កំពុង​ក្លាយជា​កីឡាករ​សំខាន់​របស់​ក្រុម​រហស្សនាម​ស្តេច​ស​មួយ​នេះ ដោយ​ស៊ុត​បញ្ចូល​ទី​៨៣​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុប ២៦៤​ប្រកួត​នៅ​គ្រប់​កម្មវិធី​។ ហើយ​ជា​ពិសេស​បាន​ជួយ​ក្រុម​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​រួម​ទាំង La Liga ៣​ដ​ដ UEFA Champions League ២​ដង Copa del Rey ១​ដង UEFA Super Cup និង FIFA Club World Cup ២​ដង​។ កុងត្រា​បច្ចុប្បន្ន​របស់ Vinicius Jr. ជាមួយ Real Madrid មាន​សុពលភាព​រហូត​ដល់​ចុងខែ​មិថុនា ឆ្នាំ​២០២៧​។

សូម​ជម្រាប​ជូន​ថា ក្រប​ខណ្ឌ​បាល់ទាត់​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga នឹង​ចាប់ផ្តើម​ដំណើរការ​ប្រកួត​រដូវ​កាល​ថ្មី ២០២៤-២៥ នៅ​ថ្ងៃស្អែក​នេះ​តទៅ ហើយ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៥​។ រីឯ​ក្រប​ខណ្ឌ​បាល់ទាត់​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត Saudi Pro League រដូវ​កាល​ថ្មី ២០២៤-២៥ ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​២២ ខែសីហា ខាង​មុខ​នេះ ហើយ​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០២៥៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ