ខេត្តកំពង់ចាម ៖ ស្របពេលដែលកម្ពុជាយើងជួបនឹងកូនរដូវប្រាំងជាហេតុធ្វើឲ្យគ្រោះរាំងស្ងួតកើតឡើងមិនមានភ្លៀងធ្លាក់។ ជាមួយនោះនៅស្រុកជើងព្រៃនិងស្រុកបាធាយ ដំណាំស្រូវស្រាលរបស់កសិករចំនួនជាង៣០០ហិកតា កំពុងតែជួបកង្វះទឹកសម្រាប់ស្រោចស្រព។ដោយទទួលបានព័ត៌មាននេះឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តអមដំណើរដោយសហការីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នាព្រឹកថ្ងៃទី១៣សីហា ឆ្នាំ២០២៤។ជាមួយនោះបានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការយកចិត្តទុកដាក់រកប្រភពទឹក ដែលនៅក្បែរធ្វើយ៉ាងណាសង្គ្រោះដំណាំស្រូវរបស់បងប្អូនកសិករហើយបានទាន់ពេលវេលា។
លោកអូត ឈៀងលី អភិបាលស្រុកជើងព្រៃបានមានប្រសាសន៍ហើយដឹងថា:ចំពោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករដែលជួបកង្វះទឹកក្នុងនោះមាន÷ឃុំស្ដើងជ័យ ព្រីងជ្រុំ ត្រពាំងគរនិងឃុំសំពងជ័យ ឃុំទាំងបួននេះគឺនៅឆ្ងាយពីប្រភពទឹកដែលបងប្អូនប្រជាកសិករបង្កបង្កើនផលដំណាំស្រូវស្រាលគឺតែងតែពឹងផ្អែកទៅលើទឹកភ្លៀងបើសិនជាភ្លៀងមកច្រើននោះដំណាំស្រូវរបស់ពួកគាត់អំណោយផលល្អ តែបើជួបគ្រោះរាំងស្ងួតមិនមានភ្លៀងនោះនឹងមានបញ្ហាចោទឡើង។
អភិបាលស្រុកជើងព្រៃ មានប្រសាសន៍បន្តឲ្យដឹងទៀតថា ក្នុងពេលឯកឧត្តមអភិបាលខេត្តអញ្ជើញចុះពិនិត្យដោយផ្ទាល់ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងនោះដោយតម្រូវឲ្យបើកប្រឡាយទឹកដែលមានប្រភពពីទឹកឆាក្នុងស្រុកព្រៃឈរបង្ហូរតាមប្រឡាយមកកាន់កុំទាំងបួននៅក្នុងស្រុកជើងព្រៃ។ចំពោះបរិមាណទឹកដែលត្រូវសង្គ្រោះដំណាំស្រូវគឺមិនអាចបានទាំងអស់នោះទេ ព្រោះថាប្រភពទឹកនៅឆ្ងាយ។
ចំពោះដំណាំស្រូវដែលកសិករដាំដុះបាននេះគឺមានអាយុកាលជាងពីរខែហើយ បើតាមមន្ត្រីធនធានទឹកនិងឧតុនិយមខេត្ត បានពន្យល់ថាកូនរដូវប្រាំងបានកើតឡើងនៅចុងខែកក្កដារហូតដល់ពាក់កណ្ដាលខែសីហាឆ្នាំ២០២៤។ ដំណាំស្រូវនៅពេលនេះមិនទាន់មានបញ្ហាចោទឡើងនោះទេ តែបើសិនក្រោយថ្ងៃ ១៥សីហា មេឃភ្លៀងធ្លាក់មកនោះដំណាំស្រូវទាំងបួនឃុំក្នុងស្រុកជើងព្រៃនិងត្រូវបានទទួលទឹកគ្រប់គ្រាន់អាចធ្វើឲ្យស្រូវលូតលាស់បានល្អជាធម្មតា។
ក្រោមការណែនាំរបស់ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលស្រុកនិងរិះរកមធ្យោបាយដោយមើលប្រឡាយទឹកដែលអាចបង្ហូរទៅកាន់តំបន់ដែលខ្វះទឹកឬក៏ត្រូវជីកអណ្ដូងដើម្បីបូមទឹកស្រោចស្របដំណាំស្រូវ។ ក្នុងដំណើរបំពេញបេសកកម្មមួយថ្ងៃពេញ លោកអភិបាលស្រុកជើងព្រៃ បានចុះពិនិត្យទីតាំងនៅតាមបណ្ដាឃុំនានា ធ្វើយ៉ាងណាសង្គ្រោះដំណាំស្រូវឲ្យបាន។
ផ្នែកវិទ្យាសាស្ត្រក៏ត្រូវបានធ្វើចំណែកជំនឿសាសនាបែបន់សុំទឹកភ្លៀងក៏ធ្វើតាមប្រពៃណីទំនៀមទម្លាប់ចាស់បុរាណផងដែរ។
លោកផេន សុផល អភិបាលស្រុកបាធាយ វិញមានប្រសាសន៍ហើយដឹងដែរថាចំពោះដំណាំប្រភេទស្រូវស្រាលដែលបងប្អូនប្រជាកសិករក្នុងស្រុកបាធាយដាំដុះដែលកំពុងជួបបញ្ហាកង្វះទឹកគឺមានរហូតដល់ជាង១០០០ហិកតា។ក្នុងនោះមាន ឃុំត្រប់ ទំនប់ ជើងព្រៃមេព្រីង ដែលឃុំទាំងបួននេះបងប្អូនកសិករតែងតែដណ្ដុះពឹងផ្អែកលើទឹកភ្លៀងរាល់ឆ្នាំមិនមានប្រភពទឹកនៅក្បែរនោះទេ។ដោយមានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្តគឺត្រូវរកមធ្យោបាយធ្វើយ៉ាងណាតំបន់ណាដែលនៅកៀកប្រភពទឹកត្រូវសង្គ្រោះស្រូវកសិករនៅក្បែរនោះ ហើយនិងជីកអណ្ដូងបន្ថែមដើម្បីបូមទឹកដាក់ស្រូវដោយរដ្ឋបាលខេត្តជាអ្នកឧបត្ថម្ភប្រេង។
តាមការពិនិត្យមើលដោយផ្ទាល់អាជ្ញាធរនិងប្រឹងប្រែងធ្វើយ៉ាងណាសង្គ្រោះស្រូវកសិករឲ្យអស់ពីលទ្ធភាព។យ៉ាងណាមិញក្នុងរង្វង់មួយសប្តាហ៍ទៀតបើមានភ្លៀងធ្លាក់មកនោះដំណាំស្រូវរបស់បងប្អូនប្រជាកសិករនិងលែងជាបញ្ហាចោទហើយ ៕
ចែករំលែកព័តមាននេះ