ទីក្រុងបាងកក៖ តុលាការធម្មនុញ្ញថៃត្រៀមចេញសេចក្ដីសម្រេចថាត្រូវដកតំណែងនាយករដ្ឋមន្ត្រីពីលោកសេដ្ឋាថាក់វិស៊ីនតាមសំណើរបស់សមាជិកព្រឹទ្ធសភាចំនួន៤០រូបឬយ៉ាងណា។ បើតុលាការអនុញ្ញាតឱ្យលោកសេដ្ឋាកាន់អំណាចជាបន្តទៀតគ្មានបញ្ហាទេ។ ប៉ុន្តែបើតុលាការដកតំណែងរបស់លោក ប្រទេសថៃអាចនឹងរៀបចំការបោះឆ្នោតមុនអាណត្តិ។
សមាជិកព្រឹទ្ធសភាទាំង៤០រូបចោទប្រកាន់ថាលោកសេដ្ឋាបានប្រព្រឹត្តកំហុសដ៏ធំមួយតែងតាំងលោកពិចិត្រជារដ្ឋមន្ត្រី។ លោកពិចិត្រជាមនុស្សធ្លាប់មានទោសព្រហ្មទណ្ឌពីបទសូកប៉ាន់មន្ត្រីតុលាការ។ ក្រោយពេលមើលស្ថានភាពមិនស្រួល គណបក្សភឿថៃក៏បានប្រាប់ឱ្យលោកពិចិត្រលាលែងពីតំណែងជាប្រញាប់ដើម្បីកុំឱ្យមានបញ្ហាចំពោះលោកសេដ្ឋា។
ទោះជាបែបនេះក្ដី តុលាការធម្មនុញ្ញសម្រេចថាត្រូវតែទទួលយកពាក្យបណ្ដឹងនោះមកចាត់ការទៅតាមនីតិវិធីច្បាប់។ នៅថ្ងៃស្អែកនេះអាចនឹងលេចចេញសេណារីយោ២យ៉ាង។
សេណារីយោទី១-បើតុលាការសម្រេចថាលោកសេដ្ឋាគ្មានកំហុសអ្វីទេ រដ្ឋាភិបាលអាចបន្តដំណើរការជាប្រក្រតីយ៉ាងហោចណាស់រហូតដល់ចុងឆ្នាំ២០២៤។ ប៉ុន្តែលោកសេដ្ឋាត្រូវតែបង្ខំចិត្តរុះរើគណៈរដ្ឋមន្ត្រី ហើយអាចលែងទុកចិត្តគ្នាតទៅទៀតនៅក្នុងរដ្ឋាភិបាលចម្រុះ។ គណៈរដ្ឋមន្ត្រីអាចនឹងរុះរើនៅខែសីហា ឬខែកញ្ញាបន្ទាប់ពីសភាអនុម័តច្បាប់ថវិកាឆ្នាំ២០២៥។
មិនត្រឹមតែរុះរើគណៈរដ្ឋមន្ត្រីទេ សូម្បីតែដៃគូនៅក្នុងរដ្ឋាភិបាលចម្រុះជាមួយគ្នាក៏ត្រូវតែផ្លាស់ប្ដូរផងដែរ។ គេដឹងថាលោកថាក់ស៊ីនមិនពេញចិត្តលោកប្រាវីតវង្សសុវណ្ណទេព្រោះគាត់ (លោកប្រាវីត) ចូលចិត្តកាច់កុងគ្នាជាមួយរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ និងរិះរកគ្រប់មធ្យោបាយដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួន។ ឥឡូវនេះ អ្នកតំណាងរាស្ត្រ៤០រូបរបស់គណបក្សផាឡាំងប្រឆារ៉ាត់បែកជា២ក្រុម។
ក្រុម១ស្មោះស្ម័គ្រនឹងលោកប្រាវីតដែលជាប្រធានគណបក្សផាឡាំងប្រឆារ៉ាត់ និងក្រុម១ទៀតស្មោះស្ម័គ្រនឹងលោកធម្មណាតដែលជារដ្ឋមន្ត្រីកសិកម្ម និងជាអគ្គលេខាធិការគណបក្សនេះ។ គោលដៅធំបំផុតរបស់លោកថាក់ស៊ីនគឺត្រូវតែរលាស់ដៃចេញពីក្រុមអ្នកតំណាងរាស្ត្រ២០នាក់ដែលស្មោះស្ម័គ្រនឹងលោកប្រាវីតដើម្បីមិនឱ្យពួកគេចូលរួមនៅក្នុងរដ្ឋាភិបាលចម្រុះ។
ដូច្នេះ លោកធម្មណាតត្រូវតែបង្ខំចិត្តអូសទាញអ្នកតំណាងរាស្ត្រទាំងម្ភៃដែលស្មោះស្ម័គ្រនឹងលោកប្រាវីតដើម្បីឱ្យងាកមកគាំទ្រសមាសភាពគណៈរដ្ឋមន្ត្រីថ្មី។ អូសទាញបានប៉ុណ្ណាយកប៉ុណ្ណឹង។ ជម្រើសមួយទៀត លោកថាក់ស៊ីនអាចនឹងងាកទៅចែចូវជាមួយគណបក្សប្រជាធិបតេយ្យដើម្បីទាញយកសំឡេងអ្នកតំណាងរាស្ត្រ២១រូបបង្គ្រប់សំឡេងគាំទ្រសមាសភាពគណៈរដ្ឋមន្ត្រីពីសភា។ បើដូច្នេះមែន គណបក្សផាឡាំងប្រឆារ៉ាត់អាចនឹងបាត់បង់តំណែងរដ្ឋមន្ត្រីនៅតាមក្រសួងមួយចំនួន។
ទន្ទឹមនឹងនោះ រដ្ឋាភិបាលរបស់លោកសេដ្ឋាអាចនឹងប្រឈមនឹងការបោះឆ្នោតដកសេចក្ដីទុកចិត្តពីសភាក្រោមទម្ងន់ដៃរបស់គណបក្សប្រឆាំង។ បើគណបក្សប្រជាធិបតេយ្យមិនត្រូវគេទាញចូលទៅក្នុងកញ្ចប់សម្ព័ន្ធភាពថ្មីនេះទេ ពួកគេប្រហែលជាត្រូវធ្វើជាគណបក្សប្រឆាំង។ ដូច្នេះ រដ្ឋាភិបាលគ្មានសង្ឃឹមទួលបានសំឡេងឆ្នោតគាំទ្រពីក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សនេះទេ។
សេណារីយោទី២៖ បើតុលាការធម្មនុញ្ញបោះឆ្នោតទម្លាក់លោកសេដ្ឋាពីតំណែង, គណបក្សភឿថៃអាចនឹងមានបញ្ហា។ តាមផ្លូវច្បាប់ បើនាយករដ្ឋមន្ត្រីត្រូវដកហូតតំណែងតាមអំណាចច្បាប់ដូច្នេះ រាល់សមាសភាពគណៈរដ្ឋមន្ត្រីទាំងអស់ក៏ត្រូវកាត់រំសាយដោយស្វ័យប្រវត្តិ។ គេកំពុងរង់ចាំអ៊ុតលទ្ធផលដើម្បីចង់ដឹងថាតើគណបក្សភឿថៃអាចបន្តក្ដោបក្ដាប់អំណាចនៅប្រទេសថៃជាបន្តទៀត ឬយ៉ាងណា។ សន្លឹកបៀរកំពុងស្ថិតនៅក្នុងដៃរបស់តុលាការធម្មនុញ្ញ៕
ចែករំលែកព័តមាននេះ