ប្រទេសបារាំង ៖ កីឡាករហែលទឹកម្ចាស់ផ្ទះបារាំង Leon Marchand ត្រូវបានកត់ត្រាឈ្មោះជាអត្តពលិកឈ្នះមេដាយមាសច្រើនជាងគេបំផុត នៅព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤។ ចំណែកកីឡាការិនីហែលទឹកចិន Zhang Yufei គឺជាអត្តពលិកឈ្នះមេដាយសរុបច្រើនជាងគេប្រចាំព្រឹត្តិការណ៍ឆ្នាំនេះ។
កីឡាករបារាំង Leon Marchand វ័យ២២ឆ្នាំ ឈ្នះមេដាយសរុប ៥គ្រឿង ដោយក្នុងនោះ មាស ៤គ្រឿង លើវិញ្ញាសា ២០០ម៉ែត្រ ហែលរបៀបកង្កែបឯកត្តជន (Breaststroke) វិញ្ញាសា ២០០ម៉ែត្រ ហែលរបៀបមេអំបៅឯកត្តជន (Butterfly) វិញ្ញាសា ២០០ម៉ែត្រ និង ៤០០ម៉ែត្រ ហែលបួនរបៀបឯកត្តជន (Medley) និងសំរឹទ្ធលើវិញ្ញាសា ៤គុណនឹង១០០ម៉ែត្រ ហែលបណ្តាក់បួនរបៀប (4×100 m Medley)។ Leon Marchand គឺជាកីឡាករដំបូងបំផុតរបស់បារាំង និងជាកីឡាករហែលទឹកទី ៧ នៅក្នុងប្រវត្តិសាស្ត្រកីឡាអូឡាំពិក ដែលឈ្នះមេដាយមាសឯកត្តជន៤គ្រឿង នៅក្នុងព្រឹត្តិការណ៍តែមួយ។
កីឡាការិនីចិន Zhang Yufei វ័យ២៦ឆ្នាំ គឺជាអត្តពលិកឈ្នះមេដាយសរុបច្រើនជាងគេប្រចាំព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ ក្រោយឈ្នះមេដាយសរុបចំនួន ៦គ្រឿង ប្រាក់ ១គ្រឿង លើវិញ្ញាសា ៤គុណនឹង១០០ម៉ែត្រ ហែលចម្រុះបណ្តាក់គ្នា (Mixed 4 × 100 me medley) និងសំរឹទ្ធ ៤គ្រឿង លើវិញ្ញាសា ៥០ម៉ែត្រ ហែលសេរីឯកត្តជន វិញ្ញាសា ១០០ម៉ែត្រ ហែលរបៀបមេអំបៅឯកត្តជន វិញ្ញាសា ២០០ម៉ែត្រ ហែលរបៀបមេអំបៅឯកត្តជន វិញ្ញាសា ៤គុណនឹង១០០ម៉ែត្រ ហែលបណ្តាក់សេរី និងវិញ្ញាសា ៤គុណនឹង១០០ម៉ែត្រ ហែលបណ្តាក់បួនរបៀប។
គួររំលឹកថា ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវក្តៅទីក្រុងប៉ារីសឆ្នាំ ២០២៤ បានរៀបចំពិធីបើកនៅថ្ងៃទី២៦ ខែកក្កដា ហើយដំណើរការប្រកួតរហូតដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ ដែលជាថ្ងៃនៃពិធីបិទព្រឹត្តិការណ៍៕ (ប្រភព ៖ NBC10 Philadelphia)
ចែករំលែកព័តមាននេះ